កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​ព្រាត់ប្រាសគ្នា​នៅ​ក្រោយ​សង្រ្គាមកូរ៉េ

កូរ៉េខាងត្បូង​បាន​អំពាវនាវ​ឲ្យ​ កូរ៉េខាងជើង​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បាន​ព្រាត់ប្រាស​គ្នា ​នៅ​ក្នុង​ក្រោយ​សង្រ្គាមកូរ៉េ​កាល​ពី ៦០ឆ្នំា​មុន។ ការ​អំពាវនាវ​ជា​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​ប្រធានាធិបតី​ កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ​នា​ថ្ងៃ​ចន្ទ ទី៦ មករា​នេះ។ ជាមួយ​នឹង​ការ​អំពាវនាវ​ថ្មី​នេះ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែម​ឲ្យ​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ផង​ដែរ។

គឺ​នៅ​ក្នុង​ឱកាស​នៃ​ការ​ថ្លែង​សារ​ជូនពរ​ឆ្នំា​ថ្មី ២០១៤ ដែល​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ជំនួប​ជា​ថ្មី​រវាង​ក្រុមគ្រួសារ​ កូរ៉េ​ដែល​បាន​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម​កូរ៉េ​កាល​ពី ៦០ឆ្នំា​មុន។ « ខ្ញុំ​សង្ឃឹម​ថា សមាជិក​ក្រុមគ្រួសារ​ដែល​បច្ចុប្បន្ន​មាន​វ័យចំណាស់ និង​ដែល​បាន​បែកបាក់ ព្រាត់ប្រាស​គ្រួសារ​តំាង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ​មក នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​ជុំ​គ្នា​ជា​ថ្មី​នា​ក្នុង​ឱកាស​ បុណ្យចូលឆ្នំា​ចិន​ថ្ងៃទី៣១ មករា​ខាង​មុខ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ប៉ាក់ គុនហឺ។

តាម​ពិត​ទៅ គម្រោង​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​គ្នា​នៅ​ក្រោយ ​សង្រ្គាមកូរ៉េ​ពី​ឆ្នំា ១៩៥០ ដល់​ឆ្នំា ១៩៥៣ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ម្តង​ហើយ​កាល​ពី​ខែ​កញ្ញា​ឆ្នំា​ទៅ​មិញ តែ​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​លុបចោល​នៅ​នាទី​ចុងក្រោយ​ទៅ​ វិញ។ គួរ​រម្លឹក​ជូន​ថា កាល​ពី​ឆ្នំា ២០១០ ក៏​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​រវាង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​ គ្នា​របៀប​នេះ​ម្តង​ហើយ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហម។ បច្ចុប្បន្ន​នេះ មាន​ប្រជាជន​កូរ៉េខាងត្បូង​ជាង ៧០ ០០០នាក់ ក្នុង​នោះ​មាន​ជាង​ពាក់កណ្តាល​មាន​អាយុ​លើស​ពី ៨០ឆ្នំា​កំពុង​រង់ចំា​ជួប​ក្រុមគ្រួសារ​របស់​ពួក​គេ​រស់នៅ​ប៉ែក​ខាងជើង​យ៉ាង ​អន្ទះសារ។

ជាមួយ​នឹង​ការ​អំពាវនាវ​ឲ្យ​រៀបចំ​ជំនួប​ជា​ថ្មី​រវាង​ក្រុមគ្រួសារ​កូរ៉េ​ ដែល​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បាន​សន្យា​បង្កើន​ជំនួយ​មនុស្សធម៌​ បន្ថែម​ឲ្យ​កូរ៉េខាងជើង​ដែរ។ ក្នុង​ឆ្នំា ២០១៣ ក្រុង​សេអ៊ូល​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ឲ្យ​ក្រុង​ព្យុងយ៉ាង​ គិត​ជា​ទឹកប្រាក់​មាន​ជាង ៩លាន​អឺរ៉ូ។ ការ​ផ្តល់​ជំនួយ​មនុស្សធម៌​នោះ​ត្រូវ​បាន​កូរ៉េខាងត្បូង​ធ្វើ​ឡើង​តាម​រយៈ​ អង្គការ​អន្តរជាតិ​នានា​ដូច​យ៉ាង Unicef ជា​ដើម ពោល​មិន​មែន​ផ្តល់​ឲ្យ​ដោយ​ផ្ទាល់​ទេ។

ដោយ​ឡែក និង​ក្រៅ​ពី​អំពាវនាវ​ឲ្យ​រៀបចំ​ជំនួប​ជា​ថ្មី​រវាង​ក្រុមគ្រួសារ​កូរ៉េ​ បែកបាក់​គ្នា​នៅ​ក្រោយ​សង្រ្គាម លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ​ក៏​មិន​និយាយ​ទេ ពី​រឿង​ដែល​ប្រមុខដឹកនំា​កូរ៉េខាងជើង​គីម ជុងអ៊ុន​បាន​ប្រហារ​ជីវិត​មនុស្សខ្លំាង​លំដាប់​ទី២ ដែល​ត្រូវ​ជា​ឱពុកមា គឺ​លោក​ចាង សុងថេក​នា​ពេល​ថ្មីៗ​នេះ។ សម្រាប់​លោកស្រី​ប៉ាក់ គុនហឺ នេះ​ពិត​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ពិបាក​នឹង​កំណត់​ជា​មុន​នូវ​ ទំនាក់ទំនង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​នា​ពេល​ខាង​មុខ។ « គ្មាន​នរណា​ម្នាក់​ក្នុង​លោក​អាច​ទាយ​ទុក​ជា​មុន​បាន​ឡើយ​ថា តើ​អាច​នឹង​មាន​អ្វី​កើត​ឡើង​នៅ​កូរ៉េខាងជើង​នា​ថ្ងៃ​ខាង​មុខ តែ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​គ្រប់បែបយ៉ាង​ទំាង​អស់ » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី​ប៉ាក់ គុនហឺ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close