អាមេរិកថានឹងជួយអ៊ីរ៉ាក់ទប់ទល់នឹងអាល់កៃដា តែមិនបញ្ជូនទាហានត្រឡប់ទៅអ៊ីរ៉ាក់វិញទេ
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមភេរវជនអាល់កៃដានៅអ៊ីរ៉ាក់បានវាយដណ្តើមកាន់កាប់ទីក្រុង Fallujah ដែលធ្លាប់ជាសមរភូមិដ៏សំខាន់មួយ កាលពីពេលដែលទាហានអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ សហរដ្ឋអាមេរិកបានប្រកាសថានឹងជួយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធតទល់នឹងក្រុមអាល់កៃដា ក៏ប៉ុន្តែថា អាមេរិកនឹងមិនបញ្ជូនទាហានឲ្យវិលត្រឡប់ទៅក្នុងប្រទេសអ៊ីរ៉ាក់វិញ នោះទេ។
ទីក្រុង Fallujah គឺជាក្រុងយុទ្ធសាស្រ្តសំខាន់មួយ ស្ថិតនៅខាងលិចរដ្ឋធានីបាកដាដ។ កាលពីពេលដែលកងទ័ពអាមេរិកកំពុងឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រុង Fallujah គឺជាទីតាំង ដែលតែងតែមានការវាយប្រយុទ្ធគ្នាជារឿយៗ រវាងទាហានអាមេរិក និងក្រុមអាល់កៃដា។
បើយោងតាមមន្រ្តីយោធាអ៊ីរ៉ាក់ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ទីក្រុង Fallujah មួយផ្នែកត្រូវធ្លាក់ទៅក្នុងដៃក្រុមអាល់កៃដា ចំណែកឯមួយផ្នែកទៀត ស្ថិតក្រោមការកាន់កាប់របស់ក្រុមកុលសម្ព័ន្ធ ដែលស្និទ្ធនឹងអាល់កៃដា។
គួរបញ្ជាក់ថា នៅអ៊ីរ៉ាក់ប្រជាជនភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយ ស្ហ៊ីអ៊ីត។ រដ្ឋាភិបាលអ៊ីរ៉ាក់បច្ចុប្បន្ននេះក៏ត្រូវគ្រប់គ្រងដោយពួកស្ហ៊ីអ៊ីត ដែរ។ ក៏ប៉ុន្តែ អ្នកកាន់និកាយស៊ុននីតនៅអ៊ីរ៉ាក់តែងតែនាំគ្នាតវ៉ាថា ពួកគេត្រូវរងគ្រោះដោយការរើសអើងពីសំណាក់អាជ្ញាធរ ហើយកាលពីខែធ្នូ ឆ្នាំ២០១៣ ពួកគេក៏បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
កាលពីដើមសប្តាហ៍មុន ជំរំបាតុកម្មរបស់សហគមន៍ស៊ុននីតត្រូវបានកងកម្លាំងរដ្ឋាភិបាល បំបែក ហើយការវាយប្រយុទ្ធគ្នាក៏បានផ្ទុះឡើង រវាងក្រុមឧទ្ទាមស៊ុននីតស្និទ្ធនឹងអាល់កៃដា និងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។ ការវាយប្រយុទ្ធគ្នា ដែលបានរាលដាល រហូតធ្វើឲ្យ ក្រុង Fallujah ត្រូវធ្លាក់ក្រោមការគ្រប់គ្រង់ទាំងស្រុងរបស់ក្រុមអាល់កៃដា ដែលជារឿងមិនធ្លាប់មាន ចាប់តាំងពីកងទ័ពអាមេរិកចូលឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។
នៅថ្ងៃអាទិត្យនេះ លោកចន ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិកបានសម្តែងនូវការព្រួយបារម្ភ ចំពោះស្ថានភាពនៅអ៊ីរ៉ាក់ ហើយបានសន្យាថា អាមេរិកនឹងជួយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាល់កៃដា។ ក៏ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ការវាយប្រយុទ្ធជាមួយនឹងក្រុមអាល់កៃដា គឺជាភារកិច្ចរបស់ទាហានអ៊ីរ៉ាក់ ហើយអាមេរិកមិនមានគម្រោងបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់វិញ ទេ៕ដោយ សេង ឌីណា (RFI)