បាតុករ​ភូមា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​ដាក់ទោស​លើ​សកម្មភាព​នយោបាយ

មនុស្ស​ រាប់ពាន់នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅថ្ងៃ​អាទិត្យ​នេះ ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​នូវ​រាល​ច្បាប់​ទាំងឡាយ​ណា ដែល​រឹតបន្តឹង​សិទ្ធិសេរីភាព ព្រមទាំង​បញ្ឈប់​រាល់​ការ​ចាប់ខ្លួន​អ្នក​ដែល​ធ្វើ​សកម្មភាពទាក់ទង​នឹង​រឿង​ នយោបាយ។

បាតុករ​បាន​ប្រមូលផ្តុំគ្នា រយៈពេល​ប្រមាណ​ជា ២ម៉ោង នៅ​ក្បែរ​សាលាក្រុង​រ៉ង់ហ្គូន ដោយ​នាំគ្នា​ស្រែក​នូវ​ពាក្យស្លោក​ទាមទារឲ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​​ សិទ្ធិសេរីភាពពេញលេញ​​ដល់​ប្រជាពលរដ្ឋ។

សកម្មជន​ការពារសិទ្ធិមនុស្ស​ភូមា​ ដែល​ជា​អ្នក​រៀបចំ​បាតុកម្ម​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា រហូត​មក​ទល់​នឹង​ពេលនេះ នៅ​មាន​អ្នកទោស​នយោបាយ​ចំនួន ៣៥នាក់​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅឡើយ បើទោះជា​រដ្ឋាភិបាល​បាន​ប្រកាស​លើកលែង​ទោស​អ្នកទោស​នយោបាយ​មួយក្រោម​ ចុងក្រោយ តាំង​ពីថ្ងៃ​ទី៣១​ធ្នូ​កន្លងទៅ។

គួររំឭកឡើងវិញ​ថា លោក​ប្រធានាធិបតី​ថេន សេន ដែល​កាលពី​មុន​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​របបសឹកភូមា បាន​​រៀបចំ​ធ្វើ​កំណែទម្រង់​ជាច្រើន ចាប់តាំង​ពី​ឆ្នាំ​២០១០​មក រហូត​បាន​ទទួល​នូវ​ការ​កោតសរសើរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ហើយ​ទណ្ឌកម្ម​ជាច្រើន​ក៏​ត្រូវ​បាន​គេ​ដកចេញ​ពី​ភូមា។ លោកថេន សេន ធ្លាប់​បាន​សន្យា​ថា នឹង​​ដោះលែង​អ្នកទោស​នយោបាយឲ្យ​អស់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៣។

អង្គការ​ការពារសិទ្ធិមនុស្ស​នៅតែ​បន្ត​សម្តែង​នូវ​ក្តីបារម្ភ ជុំវិញ​ច្បាប់​មួយ​ចំនួន ដែល​កំពុង​ស្ថិត​នៅ​ជា​ធរមាន​នៅឡើយ ជាពិសេស ច្បាប់​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​ ដោយ​គ្មាន​ការ​អនុញ្ញាត។ គេ​បារម្ភ​ខ្លាច​ថា ទៅថ្ងៃ​អនាគត រដ្ឋាភិបាល​ភូមា​យក​ច្បាប់​នេះ ដើម្បី​ចាប់ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល។ ម្យ៉ាងទៀត ការចាប់ខ្លួន​ប្រជាជន នៅ​ក្នុង​ជម្លោះ​ដីធ្លី ក៏​ជា​ក្តីបារម្ភ​ដ៏ធំ​មួយ​ផងដែរ។

នៅពីថ្ងៃអាទិត្យ ក្រៅពី​បាន​ទាមទារ​ឲ្យ​លុបចោល​ច្បាប់​ដែល​រឹតបន្តឹង​សិទ្ធិសេរីភាព​ពលរដ្ឋ ក្រុម​បាតុករ​ភូមា​​ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​បច្ចុប្បន្ន ដែល​តាក់តែង​ឡើង​ដោយ​អតីត​មេដឹកនាំ​របបសឹក ហើយ​ដែល​ចែង​ផ្តល់​​ជា​ស្វ័យប្រវត្តិ នូវ​អាសនៈ​រដ្ឋសភា ១ភាគ ៤ ទៅ​ឲ្យ​មេដឹកនាំ​យោធា​ ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញ​នេះ​ហាមឃាត់​លោកស្រី​អ៊ុង សានស៊ូជី មិន​ឲ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដោយសារ​តែ​លោកស្រី​​​មាន​កូន​កាន់​សញ្ជាតិ​អង់គ្លេស៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close