ប៉ះទង្គិចរវាងកងកម្លាំងចម្រុះ និងកម្មកររបួស និងឃាត់ខ្លួន៣ នាក់
សារព័ត៌មាន Cambodia News
ភ្នំពេញ ៖ កាលពីយប់ រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដោយអនុវត្តតាមបទបញ្ជា គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចចម្រុះ ១៥២០នាក់ ក្នុងនោះ នគរបាល៧២០នាក់ និងអាវុធហត្ថ៨០០នាក់ បានបើក ប្រតិបត្តិការបំបែក ក្រុមដើរអុកឡុក និងបង្កអំពើហិង្សា តាមបណ្តោយ ផ្លូវវេងស្រេង ម្តុំសួនកាន់ណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុង ប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ចំនួន៣នាក់ ដោយឡែក សមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ ចំនួន១២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះ រងរបួសធ្ងន់៥នាក់ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ដែលចូលរួមនៅក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ សមត្ថកិច្ចចុះទៅបំបែកក្រុមមនុស្សទាំងនេះ មកពីពួកគេបាននាំគ្នា ដើរអុកឡុក តាមបណ្តោរោងចក្រ ដោយវាយបំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈ និងឯកជន រហូតដល់នាំគ្នា ដុតបំផ្លាញ ម៉ូតូរបស់សន្តិសុខ ដែលយាមនៅរោងចក្រ នៅទីនោះ ។
ជាមួយគ្នានេះ ក្រុមជនបង្កនេះ បាននាំគ្នាដុតកង់រថយន្ត បណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយអ្វីដែលធ្វើឲ្យមាន បញ្ហាកាន់តែខ្លាំងនោះ គឺក្រុមទាំងនេះ បានកាក់រថយន្តធន់ធំ គ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់ទីនោះ មិនឲ្យធ្វើដំណើរទៅមុខបាន៕