ភេរវកម្ម​នៅ​ស្ថានីយ​រថភ្លើង​រុស្ស៊ី​ សម្លាប់​មនុស្ស​យ៉ាងហោច​១៤នាក់​

នៅថ្ងៃ​អាទិត្យ​នេះ នៅ​ប្រទេស​រុស្ស៊ី មាន​មនុស្ស​យ៉ាង​ហោច​១៤នាក់ បាន​ស្លាប់ និង​ជាង​១០នាក់ទៀត​រង​របួស ក្នុង​អំពើភេរវកម្ម​អត្តឃាតមួយ នៅ​ស្ថានីយ​រថភ្លើង Voldgograd ស្ថិត​នៅភាគខាងត្បូង​ប្រទេស ជិត​តំបន់អសន្តិសុខ​កូកាស​រុស្ស៊ី។ ក្រសួង​សុខាភិបាល​រុស្ស៊ី​ប្រាប់ថា មាន​មនុស្ស​របួស​ដល់ទៅជាង​៥០នាក់​ឯណោះ។ អាជ្ញាធរ​កំពុង​បើក​ការស៊ើបអង្កេត​។

នៅ ​រុស្ស៊ី ថ្ងៃ​អាទិត្យ​នេះ ភេរវជន​អត្តឃាត​​​​​បំផ្ទុះ​គ្រាប់បែក​ នៅ​ពី​មុខច្រកចូល​ស្ថានីយ​រថភ្លើង វ៉ុលហ្កូក្រាដ គឺ​ជា​ស្ត្រីមួយរូប​។ ស្ត្រី​រូបនោះ​បាន​ដាក់គ្រាប់បែក​អត្តឃាត​ ទំងន់​ប្រមាណ​ជា​១០គីឡូក្រាម។ នៅ​ពេល​កើតហេតុការណ៍​ ម្សិលមិញ មាន​អ្នកដំណើរ​ជាច្រើន​កំពុង​ស្ថិត​នៅ​ច្រកចូល​ស្ថានីយ​រថភ្លើង វ៉ុលហ្កូក្រាដ។ ស្ថានីយ​នេះ​ដើមឡើយ មាន​ឈ្មោះថា ស្ថានីយ​ស្តាលីនក្រាត។

បន្ទាប់ ​ពី​មានហេតុការណ៍​ភេរវកម្ម​សម្លាប់​មនុស្ស​នេះមក ប្រធានាធិបតី​រុស្ស៊ី​ បាន​ចេញ​បញ្ជា​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយដល់​អ្នករងរបួស​អោយ​បាន​ ដិតដល់ និង​បាន​បញ្ជា​អោយ​​​មាន​វិធានការ​សន្តិសុខ​​​តឹងតែង នៅ​ស្ថានីយ​រថភ្លើង​វ៉ុលហ្កូក្រាដ​នេះ។ ក្រសួង​មហាផ្ទៃ​រុស្ស៊ី​វិញ បាន​ប្រកាស​ពង្រឹង​សន្តិសុខ​នៅ​គ្រប់ទីកន្លែង​សំខាន់ៗ​ផ្សេងទៀត គ្រប់​ស្ថានីយ​រថភ្លើង និង​អាកាសយានដ្ឋាន​ផងដែរ។

​​ស្ថានីយ​រថភ្លើង​វ៉ុលហ្កូក្រាដ​ដែល​មាន​កើតហេតុការណ៍​ភេរវកម្ម​នេះ គឺ​ស្ថិត​នៅ​ក្បែរ​តំបន់​កូកាស​រុស្ស៊ី ជា​តំបន់​អសន្តិសុខ។ ចាប់តាំង​ពី​ឆ្នាំ១៩៩៩ មក អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​ជាច្រើន​ បាន​វាយប្រហារ​ប្រទេស​រុស្ស៊ី​។ ​​ភេរវជន​អត្តឃាត​ ​ច្រើន​ជា​ស្ត្រី​ ដែល​គេ​អោយ​ប្រសិទ្ធនាម​ថា ស្ត្រី​ម៉េម៉ាយ​ខ្មៅងងិត។ ភេរវជន​ស្ត្រី​នេះ គឺ​ជា​អាវុធ​អាទិភាព​​ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុមឧទ្ទាម​អ៊ីស្លាម។ ក្រុមឧទ្ទាម​អ៊ីស្លាម​បាន​ព្យាយាម​​បង្កើត​រដ្ឋអ៊ីស្លាម​មួយ នៅតំបន់​កូកាស​ភាគខាងជើង​។

កាលពី​ខែ​កក្កដា ប្រធាន​​ក្រុមឧទ្ទាម​​ ឈ្មោះ ដូគូ អ៊ូម៉ារ៉ូវ ដែល​ជា​សត្រូវ​​កំពូល​របស់​​រដ្ឋាភិបាល​ក្រេមឡាំង បាន​អំពាវនាវ​អោយ​​មាន​ការ​វាយ​ប្រហារ​​​​ប្រឆាំង​នឹង​កីឡា​អូឡាំពិកទឹកកក ដែល​នឹង​ត្រូវ​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ៧កុម្ភៈ ខាងមុខ​ នៅ​សុតឈី ភាគខាង​ត្បូង​រុស្ស៊ី។ ទីកន្លែង​ប្រកួត​កីឡា​នេះ ស្ថិត​នៅ​មិនឆ្ងាយ​ពី​តំបន់​កូកាស​រុស្ស៊ី​ប៉ុន្មាន​ឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close