ក្រុមកម្មករប៉ះទង្គិចជាមួយសមត្ថកិច្ច នៅផ្លូវជាតិលេខ៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រនេះ មន្ត្រីសហភាពសហជីពការងារកម្ពុជា លោក សល់ គឹមសាន្ត បានឲ្យដឹង នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ មានការបាញ់កាំភ្លើងជាច្រើនគ្រាប់ ដើម្បីបំបែកក្រុមកម្មករ ដែលមានកម្មករប្រមាណជាង ១០នាក់ បានរងរបួស និងមួយចំនួនទៀត ត្រូវបានចាប់ខ្លួន។
-
ការបង្ក្រាប នេះ ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា មានសមត្ថកិច្ចប្រមាណ ២០០០នាក់នោះ បានធ្វើឡើងនៅត្រង់ចំណុចថ្លឹងរថយន្ត មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពួកកម្មករកំពុងហែក្បួនកូដកម្មទៅកាន់ក្រសួងការងារ ក្រសួងសង្គមកិច្ច និងទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលពលកម្មចំនួន ១៦០ដុល្លារក្នុងមួយខែ។
ចំណែក លោក ជាតិ វិបុល កម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ប្រដាប់ដោយខែល និងដំបង បាននឹងកំពុងព្យាយាមតាមបំបែកកម្មករ ដែលមានផ្ទះជួលជិតៗនោះផងដែរ មិនឲ្យមានការប្រមូលផ្តុំគ្នាដង្ហែក្បួនទៅកាន់ក្រសួងការងារ និងក្រសួងសង្គមកិច្ចទេ៕ Cambodia News