សីតុណ្ហភាពចុះសារជាថ្មីជាមួយផ្សែងអាប់និងខ្យល់ខ្លាំង
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣រហូតដល់ ពាក់កណ្តាលខែមករាឆ្នាំ២០១៤ សីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់សារជាថ្មី ដោយនាំមកជាមួយនូវផ្សែងអាប់យ៉ាងក្រាស់នៅពេលព្រឹក និង មានខ្យល់បក់បោកខ្លាំង នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា សីតុណ្ហភាពចុះទាបជាងពេលកន្លងទៅនេះថែមទៀតតែនៅភាគខាងត្បូងវិញ សីតុណ្ហភាពអាចចុះដល់កម្រិតប្រហាក់ប្រហែលពេលកន្លងទៅ។
តាម ប្រភពដដែលបានឲ្យដឹង ទៀតថា អាកាសធាតុក្នុងរដូវវរំហើយឆ្នាំនេះមានភាពត្រជាក់ខ្លាំងជាងបណ្តា ឆ្នាំកន្លងទៅ និង អូសបន្លាយពេលច្រើនថ្ងៃ។ សីតុណ្ហភាពមានការឡើងចុះខុសគ្នាច្រើនក្នុងរយៈពេលខ្លីធ្វើឲ្យ ប្រជាពលរដ្ឋជាពិសេសក្មេងៗនិងមនុស្សចាស់ជរា ពិបាកទប់ទល់នឹងការចុះត្រជាក់ខ្លាំងភ្លាមៗនេះ។
សីតុណ្ហភាព ចុះ ត្រជាក់ខ្លាំងភ្លាមៗនៅក្នុងឆ្នាំនេះត្រូវគេកត់សម្គាល់ឃើញថា មិនបាននាំមកនូវជំងឺផ្តាសសាយច្រើនដូចបណ្តាឆ្នាំកន្លងទៅនោះទេ ដោយសារប្រជាពលរដ្ឋបានត្រៀមទប់ទល់ទុកជាមុននូវសម្លៀកបំពាក់ការពារ រងារ បន្ទាប់ពីក្រសួងធនធានទឹកបានជូនដំណឹង អំពីស្ថានភាពត្រជាក់ច្រើនដងជាមុន និងក្រសួងសុខាភិបាលក៏បានជូនដំណឹងជាច្រើនសារឲ្យប្រជាពលរដ្ឋបង្កើន ការ ប្រុងប្រយ័ត្នអំពីជំងឺផ្សេងៗ ជាពិសេសជំងឺផ្តាសសាយ នៅក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំងរួចមក៕ នាង/Cambodia News