ទាហានឆាដនៃកងកម្លាំងចំរុះអាហ្រ្វិកមីស្កា បាញ់លើក្រុមបាតុករអាហ្វ្រិកកណ្តាល
នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ថ្ងៃចន្ទនេះ ទាហានឆាដមកពីកងកម្លាំងចម្រុះអាហ្វ្រិក នៃបេសកកម្មមីស្កា បានបាញ់ទៅលើក្រុមបាតុករជាច្រើននាក់ នៅជិតអាកាសយានដ្ឋានរដ្ឋធានីបង់ហ្គី បណ្តាលអោយបាតុករម្នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ បាតុករទាំងនេះ បានទាមទារអោយប្រធានាធិបតីរដ្ឋាភិបាលអន្តរកាល ចុះចេញពីតំណែង និងទាមទារអោយទាហានឆាដចាកចេញពីអាហ្វ្រិកកណ្តាល។
នៅថ្ងៃ ចន្ទនេះ ទាហានឆាដមកពីកងកម្លាំងចម្រុះអាហ្វ្រិកក្នុងបេសកកម្មសន្តិសុខ មីស្កា នៅអាហ្វ្រិកកណ្តាល បានបាញ់ទៅលើក្រុមបាតុករនៅទីក្រុងបង់ហ្គី ធ្វើអោយមានបាតុករស្លាប់ និងរបួស។ នៅក្រុងបង់ហ្គីថ្ងៃចន្ទនេះ ក្រុមបាតុករបានតវ៉ាប្រឆាំងនឹងវត្តមានកងទ័ពឆាដ ហើយបានទាមទារអោយប្រធានាធិបតីរដ្ឋាភិបាលអន្តរកាល គឺលោក មីស្ហែល ចូតូឌីយ៉ា ចុះចេញពីអំណាច។
រដ្ឋាភិបាលបារាំងដែលបានដាក់ទ័ព ប្រមាណ១៦០០នាក់ នៅអាហ្វ្រិកកណ្តាល បានប្រកាសថា អាចនឹងបានទទួលព័ត៌មានបំភ្លឺអំពីលក្ខខណ្ឌដែលទាហានឆាដបានបាញ់ ទៅលើក្រុមបាតុករនៅបង់ហ្គី។ ទោះយ៉ាងនេះក្តី បារាំងនៅតែផ្តល់ទំនុកចិត្ត លើរដ្ឋាភិបាលឆាដដដែល ក្នុងការពង្រឹងសន្តិសុខនៅអាហ្វ្រិកកណ្តាល។ ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានគូសបញ្ជាក់ឡើងវិញថា អន្តរាគមន៍បារាំងនៅអាហ្វ្រិកកណ្តាលផ្អែកលើមូលដ្ឋានបីចំនុចសំខាន់ៗ គឺការគាំទ្រកងកម្លាំងអាហ្វ្រិក ក្នុងការសំរេចទៅដល់ការរំសាយអាវុធ ភាពមិនលំអៀង និងភាពម៉ឺងម៉ាត់ដាច់ខាត។
ការប៉ះទង្គិចនៅថ្ងៃចន្ទនេះ បង្ហាញច្បាស់ពីស្ថានភាពតានតឹងដែលមិនងាយនឹងចេះចប់រវាងក្រុម អ្នកកាន់ គ្រិស្តសាសនាក្នុងប្រទេស ជាមួយនឹងទាហានឆាដដែលកាន់សាសនាអ៊ីស្លាម។ បាតុករអាហ្វ្រិកកណ្តាលចោទទាហានឆាដថា បានចូលដៃជើងជាមួយអតីតក្រុមឧទ្ទាមសេឡេកា ដែលបានប្រើអាវុធដណ្តើមអំណាចមកកាន់កាប់ក្នុងប្រទេសតាំងពីខែមីនា មក។ គួររំលឹកថា ក្រោយក្រុមឧទ្ទាមសេឡេកា ធ្វើរដ្ឋប្រហារយោធាទម្លាក់លោកប្រធានាធិបតី Fraçois Bozizé ក្នុងខែមីនាមក ភាពអនាធិបតេយ្យបែបយ៉ាង ការលួចប្លន់ ការបាញ់សម្លាប់គ្នា បានកើតឡើងសឹងតែរាល់ថ្ងៃ ក្នុងប្រទេស។ អំពើហិង្សាសាសនារវាងក្រុម អ្នកកាន់សាសនាគ្រិស្ត និងអ្នកកាន់សាសនាអ៊ីស្លាម ក៏បានកើតឡើងជាប្រចាំផងដែរ។
បារាំងដែលធ្លាប់បានដាក់អាណានិគមនៅទីនោះ បាន ទាក់ទាញសហគមន៍អន្តរជាតិឲ្យចាប់អារម្មណ៍ និងជួយដោះស្រាយវិបត្តិនយោបាយ ដោយបានប្រឹងប្រែងរហូតជម្នះក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឲ្យអនុម័តលើ សេចក្តីសម្រេចចិត្តមួយស្តីពីការជួយពង្រឹងកម្លំាងការពារសន្តិសុខនៃ បេសកកម្ម Misca នៅអាហ្វ្រិកកណ្តាល៕ដោយ ព្រំ សឿន សូលីណា (RFI)