ភេវកម្ម​បំផ្ទុះ​រថយន្ត​នៅ​អេហ្ស៊ីប​ ស្លាប់​យ៉ាងហោច​១២នាក់​

នៅ​ប្រទេស​អេហ្ស៊ីប​ កាលពី​យប់ថ្ងៃ​ចន្ទ​ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ មានមនុស្ស១២នាក់​បានស្លាប់ និង​១៣៤នាក់​រងរបួស ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ នៅទីស្នាក់ការ​កណ្តាល​ប៉ូលិស​ក្រុង​ម៉ាន់ស៊ូរ៉ា នៅ​ភាគ​ខាងជើង​ប្រទេស។ ប៉ូលិស​អេហ្ស៊ីប​ច្រើន​នាក់ ក៏​ជា​ជនរងគ្រោះ​នៃ​អំពើភេរវកម្ម​នេះ​ដែរ។ នេះ​ជា​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​ច្រើនបំផុត នៅអេហ្ស៊ីប គិតចាប់​ពី​ពេល​អតីត​ប្រធានាធិបតី​មរស៊ី ត្រូវកងទ័ពទំលាក់​ចេញពីអំណាច កាលពី​ខែ​កក្កដា​មក។

នៅ​អេហ្ស៊ីប អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស បានកើតឡើង​នៅ​ម៉ោង​មួយភ្លឺ​ ថ្ងៃ​អង្គារ​​នេះ ​នៅ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​ ក្រុង​ម៉ាន់ស៊ូរ៉ា ភាគខាងជើង ស្ថិត​ត្រង់ចំណុច​ប្រសព្វ​នៃ​ដៃទន្លេនីល។

ភ្លាមៗ ​ក្រោយ​ការផ្ទុះ​នេះ រដ្ឋាភិបាល​យោធា​ស្តីទីអេហ្ស៊ីប​បានចោទ​ក្រុមភាតរអ៊ីស្លាម​របស់​ អតីតប្រធានាធិបតី​មរស៊ី ថា បានបង្ក​ភេរវកម្ម​នេះឡើង ហើយ​ថែម​ទាំង​បាន​ចាត់ទុក​ក្រុមភាតរអ៊ីស្លាម​ថា​ ជា​ក្រុមភេរវជន​ទៀតផង។ ប៉ុន្តែ​បន្តិច​ក្រោយមក រដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​​មួយ ដែល​ខ្លឹមសារ​ចោទប្រកាន់​មិនបាន​ចោទ​ត្រង់ៗទៅ​លើ​ក្រុមភាតរអ៊ីស្លាម​នោះទេ។ រដ្ឋាភិបាល​ស្តីទីអេហ្ស៊ីប​បាន​ស្បថ​ថា នឹង​បន្ត​ការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម​តទៅ​ទៀត។

ដោយឡែក ក្រុមភាតរ​អ៊ីស្លាម​បាន​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅទីស្នាក់ការ​កណ្តាល​ ប៉ូលិស​ ហើយ​បានសំដែង​មរណទុក្ខ​ដល់គ្រួសារ​ជនរងគ្រោះ។ ក្រុមភាតរអ៊ីស្លាម​បាន​លើកឡើងថា អំពើភេរវកម្ម​នេះ​គឺ​ជាការ​វាយប្រហារ​ផ្ទាល់​ទៅលើ​ចំណង​រួបរួម​នៃ​ប្រជាជន​ អេហ្ស៊ីប។

អំពើភេរវកម្ម​នៅ​ពេល​ទាបភ្លឺ​ថ្ងៃ​អង្គារ​នេះ ធ្វើអោយ​មាន​ការបារម្ភ​ថា អំពើហិង្សា​នឹង​បន្តវាយលុក​អេហ្ស៊ីប ពិសេស​​នៅស៊ីណៃ ក្នុង​តំបន់​ប្រសព្វ​នៃដៃ​​ទន្លេនីល ដែល​មិនដែល​ជួបប្រទះ​អំពើភេរវកម្ម​ធ្ងន់ធ្ងរ​បែបនេះ​នៅឡើយ​ទេ។ ចាប់ពីពេល​ដែល​អតីតប្រធានាធិបតី ម៉ូហាមេដ មរស៊ី ត្រូវ​កងទ័ព​ទំលាក់ពី​តំណែង​ ក្នុង​ខែកក្កដា​មក អំពើហិង្សា​នយោបាយ​បានកើតឡើង​ស្ទើរ​តែ​ជាប្រចាំ​ទៅហើយ​ ក្នុង​ប្រទេស។ ប្រជាជន​អេហ្ស៊ីប​ជាង​១៥០០នាក់ បាន​បាត់បង់​ជីវិត គិតពី​ថ្ងៃ​រដ្ឋប្រហារ​៣កក្កដា​មក។ ប៉ូលិស​និង​ទាហាន​ប្រមាណ​២០០នាក់ ក៏​ត្រូវ​បាន​សម្លាប់​ផងដែរ ពិសេស​ក្នុង​តំបន់ស៊ីណៃ​ដែល​សំបូរ​ទៅដោយ​ក្រុមឧទ្ទាម​ជីហាដ។

កាលពី​សប្តាហ៍​មុន តុលាការ​អេហ្ស៊ីប បាន​ដាក់ពិរុទ្ធអតីត​​ប្រធានាធិបតី​មរស៊ី និង​អ្នកទទួល​ខុសត្រូវ​ក្រុមភាតរអ៊ីស្លាម​របស់​លោក ពីបទ​ធ្វើអំពើ​អាក្រក់​ជាមួយ​ក្រុមឧទ្ទាម​ហាម៉ាស ប៉ាឡេស្ទីន និងក្រុមអេស្បូឡាលីបង់ ដើម្បី​បង្ក​ភេរវកម្ម​នៅ​អេហ្ស៊ីប កាលពី​ពេល​ដែល​លោកមូបារ៉ាក់ នៅ​ជា​ប្រធានាធិបតី​នៅឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close