អ្នកនយោបាយឥណ្ឌូណេស៊ីសងសឹកក្រុមហ៊ុនយន្តហោះ
អាជ្ញាធរនានាឲ្យដឹងកាលពីថ្ងៃ ចន្ទថា ចៅហ្វាយស្រុក Ngada នៃប្រទេសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Marianus Sae បានធ្វើការសងសឹកក្រុមហ៊ុនយន្តហោះមួយដែលគ្រាមុននោះ មិនព្រមលក់សំបុត្រឲ្យលោក ដោយលោកបញ្ជូនមន្រ្តីឲ្យយករថយន្តទៅពាំងផ្លូវយន្តហោះមិនឲ្យ យន្តហោះរបស់ក្រុមហ៊ុននេះចុះចតបាន។
លោក ធ្លាប់ត្រូវក្រុមហ៊ុនហោះហើររបស់រដ្ឋ ឈ្មោះ Merpati Nusantara មួយនេះប្រកែកមិនលក់សំបុតឲ្យលោកជិះទៅចូលរួមប្រជុំមួយនៅកោះ ទីម័រ ព្រោះពេលនោះកៅអីយន្តហោះពេញអស់ហើយ។
បុគ្គលិក អាកាសយានដ្ឋានដែលមានតែប៉ុន្មាននាក់មិនអាចបញ្ឈប់ការពាំងផ្លូវនេះ បានទេ ជាហេតុធ្វើឲ្យអាកាសយានដ្ឋានត្រូវបិទអស់ពេលជាច្រើនម៉ោង ហើយយន្តហោះត្រូវបង្ខំចិត្តហោះបកក្រោយវិញ។
អ្នកនាំពាក្យ ក្រសួងគមនាគមន៍លោក Bambang Ervan និយាយថាលោកចៅហ្វាយស្រុកបានធ្វើឲ្យអាប់អោនកេរ្តិ៍ឈ្មោះរបស់វិស័យ អាកាសចរណ៍ តែថាក្រសួងមិនមានគំរោងនឹងប្តឹងប្តល់ផ្លូវច្បាប់ទេព្រោះរឿងនេះ ជាការទទួលខុសត្រូវរបស់ប៉ូលិស៕ (Radio Australia)