ការប្រហារជីវិត​ពូ​លោក​គឹម ជុងអ៊ុន​ គឺ​ដោយសារ​គាត់​ចង់​បាន​ប្រយោជន៍​ផ្នែក​ធ្យូងថ្ម​ហួសហេតុ​

ប្រធានចារកិច្ច ​កូរ៉េ​ខាងត្បូង បាន​ផ្តល់ព័ត៌មាន​ នៅ​ថ្ងៃ​ចន្ទ​នេះថា លោក ចាង សុងថេក ជា​ឳពុក​មា​របស់​មេដឹកនាំ​កូរ៉េខាងជើង​ គឹម ជុងអ៊ុន ​​ត្រូវ​បាន​​គេប្រហារ​ជីវិត​កាលពី​ថ្ងៃ​១២ធ្នូ កន្លងទៅ ​ដោយសារ​តែ​គាត់​មាន​អត្តចរិត​ក្រអឺតក្រទម​ចង់​បានប្រយោជន៍​​​ហួសហេតុ ពោលគឺ​គាត់​បាន​ព្យាយាម​គ្រប់គ្រង​ផ្នែកនាំចេញ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ និង​ចង់​បាន​ប្រយោជន៍​ហួសពី​អ្វី​ដែល​គាត់ត្រូវ​បាន​ទទួល។

លោក ណាំ ចាចុង ប្រធានផ្នែក​ចារកិច្ច​កូរ៉េ​ខាងត្បូង បាន​ផ្តល់ព័ត៌មាន​ នៅ​ថ្ងៃ​ចន្ទ​នេះថា កូរ៉េខាងជើង​​បាន​ប្រហារជីវិត​លោក ចាង សុងថេក ជា​ឳពុក​មា​របស់​មេដឹកនាំ​កូរ៉េខាងជើង​ គឹម ជុងអ៊ុន ​​កាលពី​ពេល​ថ្មីៗ​កន្លងទៅ ​ក៏​ដោយសារ​តែ​លោក​ ចាង សុងថេក បាន​ព្យាយាម​គ្រប់គ្រង​ផ្នែកនាំចេញ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង និង​ចង់​បាន​ប្រយោជន៍​ហួសពី​អ្វី​​ដែល​គាត់ត្រូវ​ទទួល។

គួររំលឹកថា លោក​ចាង​ សុងថេក ជា​​​ឥស្សរជន​នយោបាយ​កំពូល​ទី២​ក្នុង​របប​កុម្មុយនិស្ត​កូរ៉េខាងជើង ត្រូវ​បាន​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ដកតំណែង និង​ចោទប្រកាន់​ថាក្បត់ជាតិ និង​បាន​​​ឃុបខិត​ក្នុង​អំពើ​ពុករលួយ។ កូរ៉េខាងជើង​បាន​បើកសវនាការ​យ៉ាងទាន់ហន់​ថ្កោលទោស​លោក​ចាង សុងថេក និង​ប្រហារជីវិត​លោក​​ នៅ​ថ្ងៃ​១២ធ្នូ កន្លងទៅ។

យោងតាម​ផ្នែកចារកិច្ច​​កូរ៉េខាងត្បូង លោក​ចាង សុងថេក បាន​ធ្វើសកម្មភាព​ជ្រុលហួស​ក្នុង​វិស័យនាំចេញ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង ដែល​ជា​វិស័យ​ផ្តល់​ចំណូល​ខ្ពស់​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង។ ​​​ចរិត​ជ្រុលហួស​នេះ បានធ្វើ​អោយ​អ្នកដឹកនាំ​​កូរ៉េខាងជើង​ជាច្រើនរូប​នៃ​គណបក្ស​កាន់អំណាច មានការ​ខឹងសម្បារ។ អាស្រ័យ​ហេតុនេះ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ គឹម ជុងអ៊ុន​ ត្រូវ​ជា​ក្មួយ​របស់​លោក ចាង បាន​ចេញបញ្ជា​អោយ​មាន​ការ​ដោះស្រាយ​​បញ្ហា​​អោយ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ អ្នកជំនិត​នឹង​លោក​ចាង សុងថេក ជាច្រើន​រូប​ ​មិនបាន​គោរព​តាម​​បញ្ជា​នោះភ្លាមៗទេ ដូច្នេះ​ហើយ​ទើប​​រដ្ឋអំណាច​ក្រុងព្យុងយ៉ាង​​​បាន​ធ្វើសកម្មភាព​កំចាត់​ ក្រុម​ប្រឆាំង​នេះឡើង រហូត​ដល់​ប្រហារជីវិត​លោក ចាង សុងថេក។

គួររំលឹក​ថា កូរ៉េខាងជើង​ជាប្រទេស​ក្រីក្រ​ច្រើន​ទស្សវត្សរ​មកហើយ។ សេដ្ឋកិច្ច​ក្រុងព្យុងយ៉ាង​​​ពឹងផ្អែក​លើ​ចំណូល​បាន​​មក​ពី​ការនាំចេញ​​​ វត្ថុធាតុដើម​ទៅ​​ប្រទេស​ចិន។ កូរ៉េខាងជើង​សំបូរ​ទៅដោយ​ធនធាន​រ៉ែ​គួរអោយ​កត់សម្គាល់។ ក្នុង​ឆ្នាំ​២០១២ ការនាំចេញ​វត្ថុធាតុដើម​ ពិសេស​ធ្យូងថ្ម​ និង​រ៉ែ​ដែក ទៅអោយ​ចិន​ បាន​នាំចំណូល​​ប្រមាណ​​ជាង​ពីរពាន់​បួនរយ​លាន​ដុល្លារ​ ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close