ឆ្នាំ២០១៣ នៅ​តែ​ឆ្នាំ​ខ្មៅ​ងងឹត​សម្រាប់​អ្នកសារព័ត៌មាន

ស្ថានភាព​សេរីភាព​របស់​អ្នកសារព័ត៌មាន​ មិន​បាន​ប្រសើរ​ខ្លាំង​ណាស់ណា​ទេ បើប្រៀបធៀប​នឹង​ឆ្នាំ​មុន។ របាយការណ៍​របស់​គណៈកម្មាធិការ​ការពារ​អ្នកកាសែត ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ញូវយ៉ក បាន​បង្ហាញ​ឲ្យ​ដឹង នៅថ្ងៃ​ពុធនេះ ថា អ្នកកាសែត នៅក្នុង​ពិភពលោក នៅ​តែ​ទទួល​ការគំរាមកំហែង ស្លាប់​បាត់បង់​ជីវិត និង​ត្រូវ​ជាប់គុក​របស់​រដ្ឋាភិបាល។

សង្រ្គាម ​ស៊ីវិល នៅ​ស៊ីរី និង​ការកើនឡើង​នៃ​ចំនួន​អ្នកសារព័ត៌មាន​ជាប់​ពន្ធនាគារ នៅ​ប្រទេស​តួកគី បាន​ធ្វើ​ឲ្យ​ គណៈកម្មាធិការ​ការពារ​អ្នកកាសែត​បូក​សរុប ជាអវិជ្ជមាន​ទៅលើ​ស្ថានភាព​អ្នកសារព័ត៌មាន នៅលើ​ពិភពលោក។

យោងតាម អង្គការ ការពារ​អ្នកកាសែត នៅ​ឆ្នាំ ២០១៣ មាន​អ្នកសារព័ត៌មាន​៥២​នាក់​ត្រូវ​បាន​គេ​សម្លាប់។ ចំនួន​នេះ​បាន​ថយចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​រហូត​ដល់​៧៣​នាក់។ ប្រទេស​ដែល​កំពុង​ជួប​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ ជាប្រទេស​ដែល​ អ្នកសារព័ត៌មាន​ទទួល​ការគំរាមកំហែង​ជីវិត​ច្រើនជាងគេ។ ឧទាហរណ៍ ប្រទេស​ស៊ីរី​ដែល​កំពុង​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ជា​កន្លែង​ដែល​សំបូរ​គ្រោះថ្នាក់ បាត់បង់​ជីវិត​សម្រាប់​អ្នកសារព័ត៌មាន។ ជារួម មាន​អ្នកយកព័ត៌មាន​ បរទេស និង​ស៊ីរី ២១​នាក់ ​ត្រូវ​បាន​គេ​សម្លាប់​ នៅ​ក្នុង​ពេល​បំពេញ​ការងារ យកព័ត៌មាន នៅក្នុង​សង្រ្គាម នៅ​ស៊ីរី។ អ្នកសារព័ត៌មាន​ក៏​ត្រូវ​បាន​គេ​សម្លាប់​ផងដែរ នៅក្នុង​ប្រទេស​អេហ្ស៊ីប ប៉ាគីស្ថាន សូម៉ាលី អ៊ីរ៉ាក់ និង​ប្រទេស​ម៉ាលី។

គ្រោះថ្នាក់​បាត់បង់​ជីវិត​អ្នកសារព័ត៌មាន​ជា​កង្វល់​មួយ ប៉ុន្តែ កង្វល់​មួយទៀត​របស់​គណៈកម្មការធិការ​​ការពារ​អ្នកកាសែត គឺ​ចំនួន​អ្នកកាសែត​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ ជាក់ស្តែង នៅក្នុងរយៈពេល​ពីរឆ្នាំ​ជាប់គ្នានេះ ប្រទេស​តួកគី​បាន​នាំមុខ​គេ​ខាង​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ។ គឺ​នាំមុខ​ចិន និង​អ៊ីរ៉ង់​ទៅទៀត។ អ្នកសារព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ទាំងបី​នេះ មាន​ចំនួន​ស្មើ​ពាក់កណ្តាល​នៃ​ចំនួន​អ្នកកាសែត​សរុប​២១១​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដោយសារ​តែ​ការងារ​របស់គេ។

លោក​Joel Simon ប្រធាន​របស់​គណៈកម្មការធិការ​ការពារ​អ្នកកាសែត បាន​វាយតម្លៃថា ការចាប់​អ្នកកាសែត​ដាក់គុក នៅក្នុង​ប្រទេស​មួយ គឺបញ្ជាក់​ពី​ចរិក​បង្រ្កាប មិន​ចេះ​អត់ឱន របស់​សង្គម​ប្រទេស​នោះ។ ប្រធាន​របស់​អង្គការ​ការពារ​អ្នកកាសែត​បាន​លើក​ឡើង​ផងដែរ​ពី​ក្តីបារម្ភ​ របស់ខ្លួន ទៅលើ​ការបង្រ្កាប​បិទសិទ្ធិ​សេរីភាព អ្នកកាសែត នៅក្នុង​ប្រទេស​វៀតណាម ជាទី​ដែល​ចំនួន​អ្នកសារព័ត៌មាន​ ត្រូវ​អាជ្ញាធរ​ចាប់ដាក់គុក បាន​កើនឡើង បើប្រៀបធៀប​នឹង​ឆ្នាំ ២០១២។ នៅឆ្នាំ​២០១៣ ដោយសារ​នយោបាយ​រឹតបន្តឹង​សិទ្ធិសេរីភាព និងការបង្រ្កាប​ទៅលើ​អ្នកសរសេរ​រិះគន់ នៅលើ​អ៊ីនធ័រនែត ចំនួន​អ្នកកាសែត​ត្រូវ​គេ​ចាប់ដាក់​ពន្ធនាគារ​បាន​កើនឡើង ពី​១៤ ទៅ​១៨​នាក់ នៅ​វៀតណាម៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close