ក្រុម​ប្រឆាំង​នៅ​ថៃ​មិន​ទាន់​សម្រេច​ចូល​បោះ​ឆ្នោត​​ហើយ​ទាម​ទារ​អោយ​លើក​ពេល

គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​ គណបក្សប្រឆាំង​ក្នុងប្រទេស​ថៃ នៅ​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ថា ត្រូវ​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត ឬក៏​អត់​នោះ។ ទន្ទឹមគ្នានេះ លោក​ស៊ូ​ថេប ថង​ស៊ូ​បាន ដែលជា​មេដឹកនាំ​បាតុកម្ម​បានទាមទា​រ​អោយ​គណកម្មការ​បោះឆ្នោត​ពន្យា​ពេល​ថ្ងៃ ​បោះឆ្នោត និង​ប្រកាស​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ទាមទារ​អោយ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ចុះ​ចេញពី​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាលចាំផ្ទះ។

បើទោះជា​មានការ​ជជែក​ពិភាក្សា​ផ្ទៃក្នុង​នៅ​ថ្ងៃ​ម្សិលមិញ​ក៏ដោយ គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គណបក្សប្រឆាំង​ក្នុងប្រទេស​ថៃ​នោះ នៅ​មិនទាន់​រកឃើញ​សេចក្តីសម្រេច ថា​ត្រូវ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ថ្ងៃទី២កុម្ភៈ ឬក៏​អត់​នៅឡើយ​ទេ។ ការចុះឈ្មោះ​គណបក្ស​ចូលរួម​ការបោះឆ្នោត នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះហើយ។

គណបក្សប្រឆាំង​នៅ​ខ្វែងគំនិត​គ្នា​នៅឡើយ​រវាង​ក្រុម​ដែល​ចង់​ចូលរួម​ បោះឆ្នោត មុន​ការតវ៉ា​ស្នើអោយ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ថ្នាក់ជាតិ និង ក្រុម​ដែល​ចង់បាន​កំណែទម្រង់ មុន​ការបោះឆ្នោត។

ទន្ទឹមគ្នានេះ លោក​ស៊ូ​ថេប ថង​ស៊ូ​បាន មេដឹកនាំ​បាតុកម្ម​បាន​កំពុង​ព្យាយាម​ស្នើអោយ​គណកម្មការ​រៀប​ចំការ​បោះឆ្នោត ​លើក​ពេល​នៃ​ការបោះឆ្នោត​ទៅ​ពេល​ក្រោយ​ផង និង​អំពាវនាវ​ប្រមូល​កំលាំង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ទាមទារ​អោយ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ លាលែង​ពី ដំណែង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចាំផ្ទះ​សព្វថ្ងៃ។ លោកស្រី​យី​ង​ឡាក់​បានប្រកាស​រួចហើយ​ថា លោកស្រី​នឹងមិន​ចុះចេញ​ឡើយ។

លោក​ស៊ូ​ថេប ថង​ស៊ុ​បាន ដែល​កំពុង​ដឹកនាំ​គណកម្មការ​កំណែទម្រង់​ប្រជាធិបតេយ្យ​របស់​ប្រជាជន បាន​អំពាវនាវ​រកតែ​បាតុករ​ស្ត្រី ដើម្បី ដង្ហែ​ក្បួន​ទៅ​និវេសនដ្ឋាន​លោកស្រី​យី​ង​ឡាក់ នៅ​ថ្ងៃអាទិត្យ​នោះ ដើម្បី​ស្នើអោយ​លោកស្រី​យី​ង​ឡាក់​លាលែង​ពី​ដំណែង​តាម​សម្រួល។

គួរ​បញ្ជាក់ថា លោក​ស៊ូ​ថេប ថង​ស៊ូ​បាន ដែលជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ក្នុង​អណ​ត្តិ​ រដ្ឋាភិបាល​របស់លោក​អាប់​ភី​ស៊ីត វេចា​ជីវ៉ា កំពុងតែ​រង​ការស៊ើបអង្កេត​ថា តើ​លោក​ស៊ូ​ថេប​ដែល​កំពុងមាន​តួនាទី​ជា​អគ្គលេខាធិការ​នៃ​ចលនា​កំណែទម្រង់​ ប្រជាធិបតេយ្យ​របស់​ប្រជាជន និង​កំពុង​ដឹកនាំ​បាតុកម្ម​ផង​នោះ នៅតែ​ជា​សមាជិក​របស់​គណបក្ស​ប្រឆាំង​ដដែល​ឬ​យ៉ាងណា? ប្រសិនបើ​យ៉ាង​ដូច្នេះ​មែន គណបក្ស​ភឿ​ថៃ​ដែលជា​ដើមបណ្តឹង​នៃ​ការស៊ើបអង្កេត​លើ​អត្តសញ្ញាណ​របស់លោក​ស៊ូ​ ថេប​នោះ ទាមទារ​អោយ​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ៕ដោយ លាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close