លោកពូទីនប្រកាសផ្តល់លុយ១៥ពាន់លានដុល្លារដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចអ៊ុយក្រែន
លោកប្រធានាធិបតីអ៊ុយក្រែន យ៉ានូកូវិច ចេះសម្រេច បានដូចបំណងរបស់គាត់មែន នាកិច្ចចរចា រសៀលថ្ងៃទី ១៧ ធ្នូ នៅម៉ូស្គូ ជាមួយ សមភាគីរុស្ស៊ី គឺថា ម៉ូស្គូសុខចិត្តផ្តល់ការគាំទ្រដល់ថវិកាអ៊ុយក្រែន ក្នុងទឹកប្រាក់ ១៥.០០០លានដុល្លារអាមេរិក និងបញ្ចុះអស់១/៣ ថ្លៃឧស្ម័នធម្មជាតិ ដែលរុស្ស៊ីលក់ទៅឲ្យអ៊ុយក្រែន។ ប៉ុន្តែ ពួកប្រឆាំង ដែលបន្តធ្វើមិទ្ទិញ ក្នុងរដ្ឋធានីគៀវ សង្ស័យថា កុសលពីខាងរុស្ស៊ីនេះ អាចជាថ្នូរនឹង “កម្មសិទ្ធិដែលមានន័យយុទ្ធសាស្ត្រ” របស់អ៊ុយក្រែន ស៊ុមគ្រលុំដោយលោកយ៉ានូកូវិច។
ថ្លែងក្នុងសន្និសីទកាសែត នៅវិមានក្រេមឡាំង បូកសរុបតុល្យាការនៃ កិច្ចចរចា ថ្នាក់កំពូលរុស្ស៊ី-អ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាសឲ្យដឹងថា ភាគីរុស្ស៊ី សម្រេចថា ផ្តល់ការគាំទ្រ ក្នុងទឹកប្រាក់ ១៥.០០០លានដុល្លារអាមេរិក ដល់ថវិកាអ៊ុយក្រែន ដែល កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយផ្តល់នេះ គឺតាមរយៈ ការទិញមូលប័ត្របំណុលរបស់ រដ្ឋអ៊ុយក្រែន ដែលលក់ នៅទីផ្សារអឺរ៉រុប។
►សូមអាន៖ ពូទីន បុរសខ្លាំងរុស្ស៊ី ដែលមិនភ្លេចសោះឡើយអតីតសហភាពសូវៀត
លោកពូទីន សង្កត់ធ្ងន់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ ឥតហែហមទៅដោយ ល័ក្ខខ័ណ្ឌអ្វីណាសម្រាប់អ៊ុយក្រែន បំពេញតាម ដូចដែលធម្មតាទាមទារ ឲ្យបំពេញតាម ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ឡើយ បែបយ៉ាងតម្រូវ ឲ្យកាត់បន្ថយ ប្រាក់ខែ ប្រាក់សោធននិវត្តន៍ និង ដំឡើងពន្ធជាដើម។ មិនតែប៉ុណ្ណោះ លោកពូទីន គូសបញ្ជាក់ថា នាកិច្ចចរចានោះ ឥតមានលើកយកទៅពិភាក្សាឡើយ បញ្ហាភ្ជាប់ប្រទេសអ៊ុយក្រែន ទៅជា សមាជិកនៃ”សហភាពខាងលុបពន្ធគយ ទៅវិញ ទៅមក” ដែលនាំមុខដោយរុស្ស៊ី ហើយដែលត្រូវពួកប្រឆាំង នៅអ៊ុយក្រែន ជំទាស់ដាច់អហង្ការ។ គួរនិយាយថា ប្រាក់ ១៥.០០០លានដុល្លារនោះ គឺរំលែកចេញពី “មូលនិធិសុខុមាលភាពជាតិ” របស់រុស្ស៊ី ដែលបច្ចុប្បន្នមានទឹកប្រាក់ ៨៩.០០០លានដុល្លារ។
ចំណុចមួយទៀត ជាកុសលទទួលបាន ដោយភាគីអ៊ុយក្រែន គឺរុស្ស៊ី សុខចិត្តបញ្ចុះអស់១/៣ ថ្លៃ ឧស្ម័នធម្មជាតិ ដែលរុស្ស៊ីលក់ទៅឲ្យអ៊ុយក្រែន ពោលគឺ បញ្ចុះពី ៤១០ដុល្លារ ក្នុង១.០០០ម៣ មក នៅត្រឹម ២៦៨,៥ ដុល្លារក្នុង១.០០០ម៣។ តាមការបូកគុណឃើញ របស់សេដ្ឋវិទូ ការបញ្ចុះថ្លៃនេះ នឹងជួយអ៊ុយក្រែនឲ្យសំចៃបានក្នុង ១ឆ្នាំដំបូង គឺទឹកប្រាក់ពី ៣ទៅ ៥.០០០លានដុល្លារ។
ទោះយ៉ាងណាក្តី ក៏មេពួកប្រឆាំង នៅអ៊ុយក្រែន ដែលដាក់ទិសឲ្យប្រទេសខ្លួនចូលទៅខាង ”សហភាពអឺរ៉ុប” ហើយដែលនៅបន្តធ្វើមិទ្ទិញរ៉ាំរ៉ៃ ក្នុងរដ្ឋធានីគៀវ លោក Vitaly Klichko គ្រាន់តែ ឮដំណឹងខាងលើភ្លាម បានថ្លែងទៅពួកអ្នកកាសែតថា អាចមាន អាថ៌កំបាំងអ្វីមួយ លាក់នៅពីក្រោយ ការសម្រេចចិត្តរបស់ក្រុងម៉ូស្គូពុំខាន គឺថា ម៉ូស្គូសំឡឹង ឃើញ ជាថ្នូរ សម្រាប់ខ្លួន គឺ”ទ្រព្យសម្បត្តិណារបស់អ៊ុយក្រែនដែលមានន័យយុទ្ធសាស្ត្រ” បែបយ៉ាង បណ្តាញនៃបំពង់បង្ហូរឧស្ម័ន ដ៏រវាម នៅលើដែនដីអ៊ុយក្រែន រោងចក្រផលិត យន្តហោះ រោងចក្រស្លដែកថែប នៅអ៊ុយក្រែន ជាដើម៕ដោយ កែវ ឆាយា (RFI)