ជប៉ុនវិនិយោគលើការចំណាយយោធាក្នុងជម្លោះជាមួយចិន
ក្រុងតូក្យូនឹងបង្កើនការចំណាយយោធារបស់ ខ្លួនប្រាំភាគរយបន្ថែមទៀត ក្នុងរយៈពេលប្រាំឆ្នំាខាងមុខដើម្បីលើកកំពស់កម្លាំងការពាររបស់ ជប៉ុននៅទីកោះដាច់ស្រយាលក្នុងជម្លោះជាមួយប្រទេសចិន។
ការចំណាយរបស់ប្រទេសជប៉ុននេះនឹងរាប់បញ្ចូលការចំណាយទៅលើ កងពលពិសេសដែលអាចច្បាំងទាំងតាមផ្លូវគោកនិងផ្លូវទឹកបានក្នុង គោលបំណងការពារឬដណ្តើមយកមកវិញកោះនូវទាំងឡាយក្នុងដែនសមុទ្រចិន ខាងកើតដែលជាចំណុចផ្តោតក្នុងជម្លោះជាមួយក្រុងប៉េកាំង។
លោក នាយករដ្ឋមន្ត្រី Shinzo Abe និងខុទ្ទកាល័យរបស់លោកបានអនុម័តរួចហើយឲ្យចំណាយលើគំរោងការពារក្នុង រវាងឆ្នាំ ២០១៤ និង ២០១៩ ដែលមានទឹកប្រាក់ពីររយសែសិបពាន់លានដុល្លារ សម្រាប់ចំណាយលើការទិញយន្តហោះយកការណ៍ដែលគ្មានអ្នកបើកបរ នាវាមុជទឹក យន្តហោះចម្បាំង និងរថយន្តដែលអាចបើកបរលើគោកក៏បាន ក្នុងទឹកក៏បាន។
សម្ភារៈដែលត្រូវទិញទាំងនេះនឹងធ្វើឲ្យ ជប៉ុនអាចធ្វើការឆ្លើយតបបានរហ័សនិងមានប្រសិទ្ធភាពទៅតាមយថាភាព ទាំងឡាយណា ជាពិសេសក្នុងការគំរាមកំហែងទាក់ទងដែនកោះ Senkaku ក្នុងសមុទ្រចិនខាងកើតដែលមានជម្លោះ។
គំរោងចំណាយយោធារបស់ ជប៉ុនមួយនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី Abe ក្នុងការធ្វើឲ្យមានភាពប្រក្រតីឡើងវិញនូវកម្លាំងយោធារបស់ជប៉ុន ដែលតាំងពីសង្រ្គាមលោកទីពីរមកត្រូវកំហិតឲ្យចុះមកនៅត្រឹមតួនាទី រក្សាសន្តិភាពនិងការពារខ្លួនប៉ុណ្ណោះ៕ (Radio Australia)