កុមារកម្ពុជាជាង ៦០នាក់សម្លាប់ដោយសារជំងឺចម្លែកមិនស្គាល់ឈ្មោះ
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អង្គការនេះកំពុងព្យាយាមស្វែងរកមូលហេតុ ដែលបង្កជំងឺ មួយដែលក្នុងរយៈពេលបីខែកន្លងទៅនេះបានសម្លាប់កុមារកម្ពុជា ប្រមាណជាង ៦០នាក់ ។ កុមាររងគ្រោះទាំងអស់សុទ្ធសឹងតែមានអាយុ ៧ ឬក្រោម ៧ឆ្នាំ ប៉ុន្តែមិនទាន់មានសញ្ញាស្តីពីការឆ្លងនៅឡើយទេ
បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយក្រសួង សុខាភិបាល កម្ពុជា ដើម្បីកំណត់រកមូលហេតុ និងវិធីដែលជំងឺដ៏ចម្លែកនេះឆ្លងរាលដាល។
លោកវេជ្ជបណ្ឌិត Nima Asgari មកពីផ្នែកសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា ការកំណត់រករោគសញ្ញាវាជារឿងមួយដែលលំបាក ប៉ុន្តែរោគសញ្ញាដែលគេបានសង្កេតឃើញរួមមានគ្រុនក្តៅខ្លាំង និងអាការៈឈឺដើមទ្រូង៕