សិស្សស្រីវិទ្យាល័យច្បារអំពៅ ត្រូវបានដកហូតកាបូបស្ពាយ ដែលមិនសមលក្ខណ:ជាសិស្ស
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ដើម្បីរឹតបន្តឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលា ឲ្យសមស្របជាសិស្សសាលា គណ:គ្រប់គ្រង វិទ្យាល័យច្បារអំពៅ បានចុះឆែកឆេរ និងដកហូតកាបូបស្ពាយ របស់សិស្សស្រី ដែលមិនមានលក្ខណ:ជាកាតាបសិស្ស ដែលសិស្សស្រី បានយកមកតាមខ្លួនចូលក្នុងថ្នាក់រៀន។
នាយកស្តីទី វិទ្យាល័យច្បារអំពៅ លោក ហៀក សុខេង បានឲ្យដឹងថា យោងតាមបទបញ្ជាផ្ទៃក្នុងសាលា លោកបានណែនាំមិនឲ្យសិស្សស្រី យកកាតាប ឬកាបូប ប្រភេទជាកាបូបសម្រាប់ដើរលេង ដែលមិនអាចដាក់សៀវភៅ ឬសម្ភារសិក្សាបានជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែនៅតែមានសិស្សស្រីមួយចំនួន មិនគោរពវិន័យសាលា ។
ដូច្នេះទើបគណ:គ្រប់គ្រងសាលា បានអនុវត្តចុះដក ហូតយកកាបូបសិស្ស កាតាបសិស្ស ដែលមានលក្ខណ:ជាប្រភេទកាបូបស្ពាយ ក្នុងការដើរលេង ហើយពេលឆែកនៅក្នុងកាបូប មានដូចជា ក្រាស់ កញ្ចក់ ស្ករគ្រាប់ ក្រេម ម្សៅ និងសម្ភារមួយចំនួនទៀត។
លោកនាយកស្តីទី លោក ហៀក សុខេង បានឲ្យដឹងទៀតថា ក្នុងការដកហូតយកកាបូបនេះ គណ:គ្រប់គ្រងសាលា មិនបានដកហូតយកទាំងស្រុងនោះទេ គឺគណ:គ្រប់គ្រង បានអញ្ជើញមាតាបិតា ឬអាណាព្យាបាល សិស្សទាំងនោះ ឲ្យមកយកទៅវិញ ដោយឲ្យធ្វើការអប់រំ ណែនាំកូន និងធ្វើកិច្ចសន្យា បញ្ឈប់យកកាបូបធុននេះ ចូលសាលាទៀត ទើបប្រគល់ឲ្យទៅវិញ៕ Cambodia News