អាមេរិក​សន្យា​ជួយ​ពង្រឹង​ទ័ព​ល្បាត វៀតណាម និង​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង

បន្ទាប់ពី ​ប្រទេស​វៀតណាម ប្រមុខការបរទេស​អាមេរិក លោក​Jonh Kerry កំពុង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ហ្វីលីពីន នៅថ្ងៃ​អង្គារ​ទី ១៧ ធ្នូ។ ទាំងនៅ​វៀតណាម និង​នៅ​ហ្វីលីពីន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​នៅ​អាស៊ាន​អាច​យាមល្បាត ការពារ​ដោយប្រសិទ្ធិភាព​តំបន់​ដែនទឹក​របស់​ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង។ សមុទ្រ​ចិន​ខាងត្បូង ដែល​ទាំង​ហ្វីលីពីន និង​វៀតណាម កំពុង​ឈ្លោះ​ដណ្តើមដី​កោះ​ជាមួយ​មហាអំណាច​ចិន។

មុន ​ទៅ​ដល់​ហ្វីលីពីន ប្រមុខ​ការបរទេស​អាមេរិក​បាន​សន្យា​ទៅកាន់​មេដឹកនាំ​វៀតណាម​ថា អាមេរិក​នឹង​ជួយ​ប៉ូលិស អាជ្ញាធរ​វៀតណាម ដើម្បី​គ្រប់គ្រង​ដែនទឹក ដែល​កំពុង​ជាប់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន។ តាម​សមភាគី​វៀតណាម ជំនួយ​របស់​អាមេរិក​នឹង​ធ្វើ​ឡើង​នៅក្នុង​ទ្រង់ទ្រាយ​បង្វឹក​សមត្ថភាព​ ឆ្មាំសមុទ្រ និង​ធ្វើ​ទំនើបកម្ម​កប៉ាល់​ល្បាត​របស់​កងទ័ព​ជើងទឹក​វៀតណាម នៅ​សមុទ្រ​ចិន​ភាគខាងត្បូង។

កាលពីថ្ងៃ​ចន្ទ នៅក្នុង​ប្រទេស​វៀតណាម រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ ប្រមាណ ៣២​លាន​កន្លះ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​យាមល្បាត​សមុទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​នៅ​ក្នុង​នោះ មាន​ជាពិសេស វៀតណាម និង​ហ្វីលីពីន។

គឺ​នៅ​ហ្វីលីពីន ដែល​លោក​John Kerry ត្រូវ​ជំរុញ​ឲ្យ​ចេញ​ជារូបរាង​កិច្ចព្រមព្រៀង​យោធា​រវាង​អាមេរិក និង​ហ្វីលីពីន។ កិច្ចព្រមព្រៀង​ដែល​នឹង​អនុញ្ញាត​ឲ្យ​អាមេរិក​បង្កើន​វត្តមាន​ទ័ព និង​ចូលចត​នាវា​ចម្បាំង​របស់ខ្លួន ដោយ​បណ្តោះអាសន្ន នៅហ្វីលីពីន។ រហូតមកដល់​ពេលនេះ ហ្វីលីពីន និង​អាមេរិក​នៅ​មិន​ទាន់​ចុះ​កិច្ចព្រមព្រៀង ដោយសារ​ហ្វីលីពីន​បារម្ភខ្លាច អាមេរិក​វិល​ត្រលប់​មក​បោះទីតាំង​ជា​អចិន្ត្រៃយ៍ ដូច​កាលពី​មុន​ឆ្នាំ ១៩៩២​ទៀត។

ប៉ុន្តែ តាមអ្នកជំនាញ​នយោបាយ​អាស៊ី ជំនួយ​សន្ធឹកសន្ធាប់​របស់​អាមេរិក សម្រាប់​ជួយ​ហ្វីលីពីន ក្រោយ​ព្យុះហៃយ៉ាន់ និង​ការគំរាមកំហែង​របស់​ចិន នៅ​ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំកោះ នៅសមុទ្រ​ចិន​ខាងត្បូង អាច​ជា​ចលករ​ជំរុញ​ឲ្យ​ហ្វីលីពីន​ទន់ចិត្ត និង​ចុះ​កិច្ចព្រមព្រៀង​យោធា​បន្ថែម​ជាមួយ​អាមេរិក។

សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​អាទិភាព​ចំបង​របស់​អាមេរិក។ នេះ​ជា​ការបញ្ជាក់​របស់​លោក​John Kerry។ លោក​John Kerry ដែល​ត្រូវ​គេ​វាយតម្លៃថា កំពុង​ឆ្លៀត​ឱកាស​យក​ទស្សនកិច្ច​លើកនេះ ដើម្បី​បញ្ជាក់​ភាពស្របច្បាប់ និង​ជំនួយ​ដោយ​ខាន​មិន​បាន របស់​អាមេរិក នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង។ កាសែត​ចិន វិញ ដែល​ជា​ឧបករណ៍​ឃោសនា​របស់​ទីក្រុង​ប៉េកាំង ទើប​តែ​បាន​ចុះផ្សាយ កាលពី​ចន្ទ​ម្សិលមិញ ថា វត្តមាន​នាវាចម្បាំង​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង កំពុង​គំរាម​កំហែង​សន្តិសុខ​របស់​ចិន៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close