ភាពភ្លើតភ្លើន នឹងការរីករាលដាលនៃជម្ងឺអេដស៍
ភ្នំពេញ៖ ភាពផុសផុលនៃសង្គមជឿនលឿនបានធ្វើឱ្យស្ដ្រីភាគច្រើនមាន អារម្មណ៍ថា កំពុងទទួលរងនូវការរាលដាលនៃជម្ងឺអេដស៍ ជាមួយគ្នានេះ ស្ដ្រីតែងតែខ្លាចរអាជានិច្ច ពីព្រោះតែគ្មានជំនឿទៅលើការស្មោះត្រង់របស់ប្ដីឡើយ។
បុរសដែលកំពុងតែភ្លើតភ្លើននឹងរឿងស្រី ស្រា និងល្បែងស៊ីសង អាចធ្វើឱ្យទ្រព្យសម្បត្ដិដែលខ្លួនខំរកដោយពិបាក ត្រូវរលាយក្នុងពេលតែមួយ ជួនកាលថែមទាំងនាំអេដស៍ចូលផ្ទះថែមទៀត។ បើបុរសទាំងអស់តាំងខ្លួនថា គ្រាន់តែទៅរកការសប្បាយ ហើយចេះការពារ នោះ ពួកគាត់ពិតជាមិនឆ្លងមេរោគអេដស៍ឡើយ។
ផ្ទុយទៅវិញ បើពួកគាត់ទៅរកស្ដ្រីបម្រើផ្លូវភេទ ហើយពួកគាត់មិនបានប្រើស្រោម អនាម័យការពារនោះ ពួកគាត់អាចនឹងឆ្លងមេរោគអេដស៍មិនខាន។ បើការប៉ះពាល់នេះវា ពិឃាតត្រឹមតែអ្នកដែលប្រព្រឹត្ដនូវឧបាយមុខនោះ វាជាការមួយគួរឱ្យសោកស្ដាយណាស់ទៅហើយ។ ប៉ុន្ដែអ្វីដែលគួរឱ្យសោកស្ដាយ ខ្លាំងបំផុតនោះ គឺវាថែមទាំងបន្ដឈានទៅផ្ដាច់ជីវិតប្រពន្ធកូនដែលស្លូតត្រង់ ពុំបានប្រព្រឹត្ដខុសនោះថែមទៀត។
ស្ដ្រីមេផ្ទះភាគច្រើន បើទោះជាដឹងថាប្ដីរបស់ខ្លួនដើរលេងខិលខូចក្រៅផ្ទះច្រើនក្ដី ក៏មិនហ៊ាននិយាយជាមួយប្ដី ឱ្យប្ដីចេះបង្ការ ខ្លួន ចេះប្រើស្រោមអនាម័យជាមួយស្រីផ្សេង ឬក៏សំណូមពរឱ្យប្ដីប្រើស្រោមអនាម័យដែរ។ ដូច្នេះស្ដ្រីមេផ្ទះកម្រហ៊ាននិយាយជាមួយ ប្ដីពីរឿងការពារខ្លួនពីការឆ្លងជម្ងឺអេដស៍ ជាពិសេសជំរុញឱ្យប្ដីទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីឱ្យអស់ក្ដីសង្ស័យ និងសៅហ្មង ទៅថ្ងៃមុខទៀតនៅក្នុងក្រុមគ្រួសារណាស់។
សង្គមខ្មែរកំពុងតែត្រូវ បំពុលដោយវប្បធម៌ពាលាអាវាសែ ស្រីស្រា ម៉ាស្សា ខារាអូខេ គ្រឿងញៀន បញ្ឆារ អំហ្វេតាមីនជាដើម គួរឱ្យភ័យខ្លាច។ សព្វថ្ងៃបុរសមួយចំនួនកំពុងតែប្រលែងលេងនឹងក្ដីវិនាសមច្ចុរាជដោយ ភ្លេចខ្លួន ខិតខំប្រលងប្រជែងសំញែង អួត អាង និងស៊ីចាយសប្បាយ ហ៊ឺហា ស្រី ស្រា បារ បន ខារាអូខេយ៉ាងងុបងល់។
បញ្ហាទាំងនេះបានធ្វើឱ្យសង្គម មានភាពច្របូកច្របល់ និងភាពភាពក្រីក្រ ជាពិសេសនាំមកនូវផលប៉ះពាល់ដល់ស្ដ្រីភេទ ទាំងផ្នែកផ្លូវកាយផ្លូវចិត្ដ និងមនោ សញ្ចេតនា។ ជាអាទិ នៅពេលបានដឹងថាស្វាមី ឬកូនមានជម្ងឺអេដស៍ អារម្មណ៍ត្រូវស្រកស្រុត ខ្មាសគេ បង់ទ្រព្យ និងទ្រុឌទ្រោមសុខភាព។
បើបុរស នៅតែមិនព្រមផ្លាស់ប្ដូរទម្លាប់នៃការប្រព្រឹត្ដទេ នោះគាត់នឹងបាត់អ្វីៗទាំងអស់រួមនឹងជីវិតរបស់ខ្លួនផង។ បើលោក អ្នកប្រថុយនឹងការសប្បាយមួយភ្លែត រួចត្រូវរងទុក្ខមួយគ្រួសារនោះ លោកអ្នកនឹងសោកស្ដាយអស់មួយជីវិត៕ នាង/Cambodia News