បក្សប្រឆាំងថៃ​បើកកិច្ច​ប្រជុំ​ដើម្បី​សំរេចថា​ តើ​ត្រូវ​ចូលរួម​ការបោះឆ្នោត​ខែកុម្ភៈ​ រឺយ៉ាងណា​

នៅ​ប្រទេសថៃ​ថ្ងៃ​ចន្ទ​ទី​១៦ធ្នូនេះ គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏សំខាន់​បាន​បើកកិច្ចប្រជុំ​ដើម្បី​សំរេច​ថា តើ​បក្ស​ខ្លួន​ត្រូវ​ចូលរួម​ក្នុង​ការ​​បោះឆ្នោត នៅថ្ងៃ​២កុម្ភៈ​ ឆ្នាំ២០១៤ ខាងមុខ​នេះ រឺ​ក៏យ៉ាងណា។ បក្ស​ប្រឆាំង​ថៃ​បាន​ទទួលជោគជ័យ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ធ្វើអោយ​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា រំលាយ​រដ្ឋ​សភា និង​​ស្នើ​​អោយ​មាន​ការ​បោះឆ្នោត​មុនកាល​កំណត់​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។

នៅ ​ថ្ងៃ​ចន្ទ​នេះ នៅប្រទេស​ថៃ​ គណបក្ស​ប្រជាធិបតេយ្យ​​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់ និង​ជាបក្ស​មានវ័យ​ចំណាស់​ជាងគេ​ ​បាន​បើកកិច្ចប្រជុំ​ជជែកគ្នា ដើម្បី​សំរេច​ថា តើ​បក្ស​ខ្លួន​ត្រូវ​​​ចូលរួម​ក្នុង​ការ​​បោះឆ្នោត នៅថ្ងៃ​២កុម្ភៈ​ ឆ្នាំ២០១៤ ខាងមុខ​ ដែរ​រឺ​ទេ។ កិច្ចប្រជុំ​នេះ​នឹងបិទ​​បញ្ចប់​នៅថ្ងៃអង្គារ​ស្អែក។

បាតុកម្ម​ដឹកនាំ ​ដោយ​បក្ស​ប្រឆាំង​ថៃ​ ដែល​មានការចូលរួម​ពី​​ អតីតនាយករដ្ឋមន្ត្រី​អភិសិត​ វេចាជីវ៉ា​ បាន​សំរេច​​ជោគជ័យ​​ រហូត​ធ្វើអោយ​នាយក​រដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ​រំលាយ​រដ្ឋ​សភាចោល និង​ស្នើ​អោយ​មាន​ការ​បោះឆ្នោត​មុនកាល​កំណត់​។ ទោះយ៉ាងនេះក្តី មេដឹនាំ​បក្ស​ប្រឆាំង​ជាច្រើនរូប បាន​ទាត់ចោល​​ការ​ផ្តួចផ្តើម​​របស់​លោកស្រី​យីងឡាក់ ដោយ​បាន​ទាមទារ​​អោយ​​មានការ​ព្យួរ​ចោល​នូវ​ស្ថាប័ន​នានា និង​អោយ​មានការ​បង្កើត​ក្រុមប្រឹក្សា​ប្រជាប្រិយ​មួយ ទទួលបន្ទុក​​កែប្រែច្បាប់​បោះឆ្នោត​ មុន​ពេល​បោះឆ្នោត​ឆ្នាំ២០១៤ ខាងមុខ​នេះ។

គ្រប់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​បក្ស​ប្រឆាំង​​ បាន​​លាលែង​ពី​តំណែង។​ ប៉ុន្តែ បក្ស​ប្រឆាំង​នៅ​មិនទាន់​សំរេច​ថា តើ​ខ្លួន​អាច​នឹង​ចូល​រួម​បោះឆ្នោត​ នៅ​ខែកុម្ភៈ​ខាងមុខ​ដែរ​រឺ​ក៏យ៉ាងណា នៅឡើយ​ទេ។ លោក​ ខន ចាទីកាវ៉ានី ដែល​ជា​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ បាន​ប្រាប់​រួចហើយ​ថា លោក​​នឹង​មិនឈរឈ្មោះជា​​បេក្ខជន​ក្នុង​ការបោះឆ្នោត​ខាងមុខ​នេះទេ។ ប្រសិន​បើ​បក្ស​ប្រជាធិបតេយ្យ​ធ្វើពហិការ​មិនចូលរួម​បោះឆ្នោត នោះ​ការបោះឆ្នោត​អាច​នឹង​​មិនគ្រប់លក្ខណៈ​ស្របតាម​ការ​កំណត់​របស់​​ច្បាប់។ ដូច្នេះ វិបត្តិនយោបាយថៃ​​​​​អាច​​នៅ​បន្ត​រ៉ាំរ៉ៃ​ដដែល។

ដោយឡែក បក្សភឿថៃ​របស់​លោកស្រី​​យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នៅពេលខាង​មុខ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close