មានអ្នកកាសែតជាតិ និង អន្តរជាតិប្រមាណ១០០០នាក់ក្នុងកិច្ចប្រជុំអាស៊ានលើកនេះ
មន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារចុះឈ្មោះអ្នកសែតជាតិ និងអន្តរជាតិយ៉ាងហោចណាស់ ១០០០នាក់ដែលមានវត្តមាន មកយកព៌ត័មានក្នុងកិច្ចប្រជុំអាស៊ានលើកនេះ។នៅក្នុងនោះមានអ្នកកាសែតបរទេសចំនួន៤១៤នាក់ ដែលមកពីប្រទេសចំនួន២០ និងពីអង្គភាពចំនួន៩០។ ចំណែកអ្នកកាសែតកម្ពុជាមានចំនួន៤៦៣នាក់ មកពី៣៥អង្គភាព និងមន្រី្តបម្រើការក្នុងមជ្ឈមណ្ឌលព័ត៌មាននានាមានចំនួន៨៨នាក់ផ្សេងទៀត។
ចំនួនអ្នកកាសែតនឹងអាចកើនឡើងបន្ថែមទៀតនៅពេលកិច្ចប្រជុំចាប់ផ្តើមពីថ្ងៃទី៦ កក្កដា នោះគឺអ្នកសារព័ត៌មានបរទេសដែលមកតាមគណៈប្រតិភូផ្ទាល់។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌ លោកប៊ុត បូវុត មានបានឲ្យដឹងថា ក្រុមការងារក្រសួងព័ត៌មានត្រូវមានការងារច្រើនជាងលើកមុន ក្នុងការរៀបចំទទួលអ្នកកាសែត។ក្នុងនោះមានការងារមួយចំនួនដែលគេត្រូវរៀបចំឲ្យល្អជាងមុន ពោលគឺស្តង់ការិយាល័យសម្រាប់ទីភ្នាក់ងារព័ត៌មានបរទេសនឹងមានច្រើនជាងមុន។
កាលពីប្រជុំកំពូលអាស៊ានកាលពីខែ មេសាកន្លងទៅ ក្រសួងព័ត៌មានបានរៀបចំផ្តល់អាហារពេញមួយថ្ងៃដល់អ្នកកាសែត ព្រមទាំងឧបករណ៍ចាំបាច់នានាទៀតផង ដែលធានាដល់ការផ្សព្វផ្សាយដោយរលូនរបស់អ្នកសារព័ត៌មាន៕