យោធាថៃរក្សាអព្យាក្រិត្យ មិនទោទន់តាមការអូសទាញរបស់បក្សប្រឆាំង
តួនាទីរបស់យោធា គឺការពារប្រជាជនថៃ គ្រប់រូប ! បង្ក្រាបបង្គាប់ប្រជាជន មិនមែនជាភារកិច្ចរបស់កងទ័ពឡើយ ! នេះជាប្រសាសន៍របស់លោក ថាណាសក្តិ ប៉ាទីម៉ាប្រាកន មេបញ្ជាការកំពូលកងទ័ពថៃ ដែលបានចូលជួបពិភាក្សាជាមួយនឹងក្រុមប្រឆាំងដឹកនាំស្នើឡើងលោក ស៊ូថេប ថងស៊ូបាន ក្នុងវេទិកាសាធារណៈ ល្ងាចមិញ។
ជា មួយនឹងប្រកាសរក្សាអព្យាក្រិតភាព និងជាអ្នកសង្កេតការណ៍ធានារាប់រងសុវត្ថិភាពរហូតដល់ថ្ងៃបោះឆ្នោត មុនអាណត្តិ ថ្ងៃទី២កុម្ភៈ មេទ័ពថៃ នៅចំពោះមុខមេទ័ពជើងអាកាស និងជើងទឹក បានអំពាវនាវឱ្យលោកស៊ូថេប ថងស៊ូបាន ជ្រើសរើសយកដំណោះស្រាយតាមផ្លូវចរចា គឺផ្ទុយស្រលះពីគំនិតរបស់មេដឹកនាំចលនាប្រឆាំងដែលចង់ឃើញយោធាចូល រួមដៃជាមួយ ដើម្បីអាចបិទបញ្ចប់វិបត្តិបានឆាប់រហ័ស។
លោកស៊ូថេប ថងស៊ូបាន តាំងពីល្ងាចថ្ងៃសុក្រមក មិនស្ងប់ចិត្តទេ ពេលបានឮសេចក្តីសម្រេចចិត្តរំលាយសភា របស់លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ និងការប្រកាសរៀបចំការបោះឆ្នោតមុនអាណត្តិរបស់ព្រះមហាក្សត្រ បានស្នើបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ មានបេសកកម្មពិសេសធ្វើកំណែទម្រង់នយោបាយ កែច្បាប់បោះឆ្នោត និងការគ្រប់គ្រងបក្សនយោបាយ ធ្វើយ៉ាងណាបិទបញ្ចប់ការទិញសំឡេង និងលួចបន្លំសន្លឹកឆ្នោត ព្រមទាំងនយោបាយប្រជាពិថុតិ ដើម្បីគាស់រំលើងត្រកូល ស៊ីណាវ៉ាត់ ឱ្យចេញផុតពីផ្ទៃនៃនយោបាយថៃ។ ដើម្បីអាចសម្រេចកម្មវត្ថុនេះ បាន គេត្រូវបង្កើតជាក្រុមប្រឹក្សាប្រជាជនមួយ ជាអ្នកសម្រេចជ្រើសរើសមេដឹកនាំប្រទេស មិនមែនដោយការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យទេ។
ប៉ុន្តែ អ្នកវិភាគនយោបាយថៃ បានទស្សទាយតាំងពីដំបូងថា ជំនួបរវាងប្រមុខបក្សប្រឆាំងនិងយោធា ទំនងជាគ្មានលទ្ធផលអ្វី ជាដុំកំភួនទេ។ យោធាដែលមានប្រវត្តិធ្វើ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ដល់ទៅ១៨ដងក្នុងរយៈពេល៨០ឆ្នាំ ចុងក្រោយនេះ បានស្នើខ្លួនជាអន្តរការី និងតាំងខ្លួនឱ្យនៅឆ្ងាយពីវិបត្តិនាពេលនេះ។ ម្យ៉ាងវិញទៀត កងទ័ពថៃដឹងខ្លួនថាមិនអាចប្រកាន់ជំហរឬបក្សពួក ដូចអតីតកាលបានទេ ព្រោះសហគមន៍អន្តរជាតិ តាមដានយ៉ាងកៀកកិតស្ថានភាពនយោបាយថៃនេះ៕ ដោយ៖ អៀង សុខម៉ិញ (RFI)