ជនអនាមិកបាញ់ថ្នាំពណ៌លុបផ្ទៃមុខលោក ហ៊ុន សែន នៅលើស្លាកគណបក្សប្រជា
សៀមរាប៖ ប្រភពពីព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ស្លាកគណបក្សប្រជាជនកម្ពុជា មួយផ្ទាំង ដែលមានមានរូបលោក ជា ស៊ីម ប្រធានគណបក្ស លោក ហ៊ុន សែន អនុប្រធាន និងលោក ហេង សំរិន ប្រធានកិត្ដិយសត្រូវជនមិនស្គាល់មុខ យកថ្នាំពណ៌ក្រហម បាញ់លុបទៅលើរូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំងនេះ ត្រូវបានគេដាក់តាំងនៅគល់ស្ពានថ្ម ស្ទឹងសៀមរាបក្បែរអតីតមន្ទីរទេសចរណ៍ខេត្ដសៀមរាប ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ អភិបាលរងខេត្ដសៀមរាប លោក ប៊ុន ថាឬទ្ធិ ថ្លែងថា លោកមិនទាន់ទទួលព័ត៌មានជាក់លាក់ជុំវិញករណីនេះទេ ប៉ុន្តែលោកថា អាជ្ញាធរបានចុះទៅពិនិត្យស្លាកនោះហើយ។
នាយកប្រតិបត្ដិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានស្នើឲ្យអាជ្ញាធរ ដែលគ្រប់គ្រងអំណាចនៅតំបន់នោះ ស៊ើបអង្កេត រកមុខអ្នកដែលបានប្រព្រឹត្ដ ដើម្បីជៀសវាងការទម្លាក់កំហុសលើគណបក្សផ្សេង។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជាបានចាត់ទុកថា នេះជាករណីទី១ហើយដែល មានជនមិនស្គាល់មុខបានបំពានលើស្លាកគណបក្សប្រជាជន កម្ពុជាបន្ទាប់ពីការបោះឆ្នោតកាល ពី ថ្ងៃ២៨ ខែកក្កដារហូតមកដល់ថ្ងៃនេះ៕ Cambodia News