ប្រជាជនភូមាអំពាវនាវឲ្យក្រុមអ្នកវិនិយោគចិនគោរពតាមបទដ្ឋានអន្តរជាតិ
នៅថ្ងៃពុធ ទី១១ ធ្នូ ក្រុមអ្នកជំនួញភូមាបានអំពាវនាវដល់ក្រុមអ្នកវិនិយោគចិនឲ្យយកគំរូ តាមក្រុមអ្នកវិនិយោគបរទេសផ្សេងទៀត ពិសេសត្រូវគោរពតាមបទដ្ឋានអន្តរជាតិ។ សេចក្តីអំពាវនាវបានធ្វើឡើង ចំពេលដែលភូមាបានបើកចំហនយោបាយ និងសេដ្ឋកិច្ចតំាងពីឆ្នំា ២០១១ និងចំពេលដែលមានអ្នកវិនិយោគបរទេសចង់ចូលទៅបោះទុនរកស៊ីក្នុង ប្រទេសភូមា។
គឺនៅក្នុងកិច្ចប្រជុំនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងទីក្រុងរ៉ង់ហ្គូនដែលក្រុមអ្នកជំនួញភូមាបានធ្វើ ការព្រមានចំពោះក្រុមអ្នកវិនិយោគចិន។ ចិនដែលត្រូវបានគេស្គាល់ថា ជាប្រទេសដែលបានបោះទុនរកស៊ីក្នុងប្រទេសភូមាច្រើនជាងគេ ពិសេសតំាងពីក្នុងជំនាន់ភូមាស្ថិតក្រោមទ័ណ្ឌកម្មអន្តរជាតិ។ បន្ទាប់ពីចិន គឺមានថៃ និង ហុងកុង តែតំាងពីក្រោយភូមាមានរដ្ឋាភិបាលស៊ីវិល និងចាប់ផ្តើមធ្វើកំណែទម្រង់ប្រទេសតំាងពីឆ្នំា ២០១១ មក មានប្រទេសជាច្រើនទៀតកំពុងសម្លឹងឃើញពីសក្តានុពលសេដ្ឋកិច្ចរបស់ ភូមា។ គឺឆ្លៀតឱកាសនៃការមកដល់របស់ក្រុមអ្នកវិនិយោគបរទេស ពិសេសពីក្រុមប្រទេសលោកខាងលិចនោះឯងដែលក្រុមអ្នកជំនួញភូមាបាន អំពាវនាវឲ្យចិនគោរពតាមបទដ្ឋានអន្តរជាតិ។
លោកអាយ៉េ វីន អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមាបានបញ្ជាក់ថា សារដែលក្រុមអ្នកជំនួញភូមាចង់ផ្តល់ឲ្យពេលនេះ មិនមែនតែចំពោះក្រុមអ្នកវិនិយោគចិនប៉ុណ្ណោះទេ តែចំពោះក្រុមអ្នកវិនិយោគបរទេសទូទៅ។ អ្វីដែលពួកគេត្រូវគោរពជាបឋមនោះ គឺបរិស្ថានរបស់ប្រទេសភូមា។ នេះជាសារមួយដែលភូមាចង់និយាយដល់គម្រោងអភិវឌ្ឍន៍របស់ចិននៅ អណ្តូងរ៉ែស្ពាន់ Letpadaung ក្នុងស្រុក Monywa។ គឺនៅទីនោះឯងដែលមានផ្ទុះឡើងនូវបាតុកម្មរបស់ប្រជាជនភូមាប្រឆំាង នឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន Wanbao។ ម្យ៉ាងទៀត លោកអាយ៉េ វីន ក៏បានស្នើឲ្យក្រុមអ្នកវិនិយោគចិនជួយឧស្សាហកម្មភូមាឲ្យចេះផលិត ផលិតផលសម្រេចដោយខ្លួនឯង ជាជាងមកប្រមូលតែវត្ថុធាតុដើមដើម្បីយកទៅផលិតនៅស្រុកចិន។
ទន្ទឹមគ្នានេះ ក្រុមអ្នកជំនួញភូមាក៏បានអំពាវនាវដល់រដ្ឋាភិបាលខ្លួនឯងឲ្យមាន តម្លាភាពក្នុងការគ្រប់គ្រង និងបែងចែកគម្រោងអភិវឌ្ឍន៍ទៅឲ្យក្រុមហ៊ុនបរទេស ពិសេសគម្រោងអភិវឌ្ឍន៍សំខាន់ៗ។ គួររម្លឹកជូនថា ភូមាបានរងគ្រោះយ៉ាងខ្លំាងពីអំពើពុករលួយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អក្នុងជំនាន់របបសឹកអស់ជា ច្រើនទសវត្ស។ គឺទើបតែក្រោយការរំលាយរបបសឹកក្នុងឆ្នំា ២០១១ ទេ ដែលប្រទេសផ្តើមធ្វើកំណែទម្រង់ជាបន្តបន្ទាប់ នោះបើទោះបីជានៅបន្តមានឧបសគ្គយ៉ាងច្រើនក៏ដោយ៕ដោយ គួច គន្ធារ៉ា (RFI)