បន្ទាប់ពីអំពើហិង្សា ពលករបរទេសរងការបង្ក្រាប
ពលករ បរទេសជិតបួនពាន់នាក់ ត្រូវបានប៉ូលិសកោះហៅសួរចម្លើយ និងជាង១០នាក់ផ្សេងទៀតត្រូវជាប់អង្កេត ពីបទមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទទី ៩ ធ្នូ ដែលបានសិង្ហបុរីតក់ស្លុតយ៉ាងខ្លាំង។ អំពើហិង្សា មិនធ្លាប់មានក្នុងប្រទេសសិង្ហបុរីដ៏ស្ងប់ស្ងាត់ បានបង្កឡើងដោយកម្មករបរទេសជាតិឥណ្ឌា នាំគ្នាដុតបំផ្លាញរថយន្តអស់ជាង២៥គ្រឿង។
នរណាដ៏ដឹងដែរអំពីកណ្តាប់ដៃដែករបស់ប៉ូលិសសិង្ហបុរី ! ពីរថ្ងៃក្រោយការផ្ទុះអំពើហិង្សានៅសង្កាត់លីថ័លអ៊ីនឌីយ៉ា ពលករបរទេសយ៉ាងហោចណាស់ ៣៧០០នាក់ ត្រូវបានកោះសួរចម្លើយ និង១៧៦នាក់ផ្សេងទៀត ត្រូវបាននាំទៅកាន់ប៉ូលិស ដើម្បីកត់ត្រាជាសាក្សី។ នេះបើតាមប្រភពព័ត៌មានប៉ូលិសសិង្ហបុរី ដោយបញ្ជាក់ថា ពលករឥណ្ឌាបីនាក់បានចាប់ខ្លួនភ្លាម ក្នុងថ្ងៃកើតហេតុ និង២៤នាក់ទៀតត្រូវជាប់អង្កេតតាំងពីថ្ងៃអង្គារមក។
គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយដែលថាប៉ូលិសនឹងធ្វើការអង្កេត ទាល់តែរកឃើញនិងដាក់ទោសយ៉ាងធ្ងន់ធ្ងរ លើអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ ដោយអាចនឹងត្រូវជាប់ពន្ធនាគារ៧ឆ្នាំ និងទណ្ឌកម្មវាយនឹងរំពាត់ផ្តៅ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថាពេលនេះ ក្រុមប៉ូលិសបានបង្កើនការត្បាតនៅ សង្កាត់Little India សង្កាត់ ដែលមានផ្ទុះអំពើហិង្សាដុតបំផ្លាញរថយន្តអស់ជាង២០គ្រឿង ក្នុង១៦គ្រឿងជាឡានប៉ូលិស កាលពីយប់ថ្ងៃអាទិត្យឆ្លងមកថ្ងៃចន្ទកន្លងទៅនេះ ដោយខឹងសម្បារខ្លាំងនឹងរថយន្តក្រុងបើកកិនកម្មករឥណ្ឌាម្នាក់ ស្លាប់។ បើតាមសាក្សី សុរាទំនងជាប្រភពផ្តល់សេចក្តីក្លាហាននាំឱ្យមានអំពើ ហិង្សាកណ្តាលក្រុងនេះ។
សិង្ហបុរី ប្រទេសដ៏តូច ស្ងប់ស្ងាត់ មានសេដ្ឋកិច្ចក៏លូតលាស់ខ្លាំងដោយសារម្រាមដៃពលករបរទេស មិនដែលស្គាល់អ្វីជាហិង្សាទេ គិតចាប់ពីឆ្នាំ១៩៦៩មក។ មានប្រជាជនសរុបជាង៥លានបួននាក់សែន រស់នៅចម្រុះជាតិសាសន៍យ៉ាងសុខដុមគ្នា ភាគច្រើនជាជាតិពិន្ធុចិន បន្ទាប់មកម៉ាឡេស៊ី និងឥណ្ឌា សិង្ហបុរីស្រូបកម្លាំងពលករបរទេសប្រមាណ ៧សែននាក់ សម្រាប់បំរើវិស័យសំណង់ និងសកម្មភាពកំពង់ផែ និងភាគច្រើនជាជនជាតិឥណ្ឌា។ ប៉ុន្តែពលករទាំងនេះតែងរកការម៉ាក់ងាយ និងគ្មានបានទទួលប្រយោជន៍អ្វីពីភាពមានបានរបស់ប្រទេសទេ៕ដោយ អៀង សុខម៉ិញ (RFI)