ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ ចិន​ហាម​ធ្វើ​ស៊ុប​ឆ្លាម​ទទួល​ភ្ញៀវ

លែង​មាន​ទៀត​ហើយ ស៊ុប​ព្រុយឆ្លាម ក្នុងពិធី​ជប់​លៀង​ផ្លូវការ​សំខាន់ៗ​ នៅ​ក្នុង​ចិន ចាប់​ពី​ពេល​នេះ​តទៅ។ ម្ហូប​ដ៏​ល្បីល្បាញ​ និង​ថ្លៃ​បំផុត​ របស់​បណ្តា​ជន​​នេះ មាន​​តាំង​ពី​សម័យ​រាជវង្ស​មិញ​មក​ ត្រូវ​បាន​ហាម​ឃាត់​ដោយ សារាចរណ៍​ថ្មី​របស់​ក្រុមប្រឹក្សា​រដ្ឋ​ ចាប់​ពីពេល​នេះ​តទៅ។ សារាចរណ៍ក៏​បាន​ដាក់​បម្រាម​ ផង​ដែរ​ មិន​ឱ្យ​ទទួល​ទាន​​ម្ហូបស៊ុប​​សំបុក​ត្រចៀក​កាំ (ទឹកមាត់​ត្រចៀក​កាំ​)​ និង​ម្ហូប​ធ្វើ​ពី​​សាច់​សត្វ​ព្រៃ​កម្រ។​ បម្រាម​នេះ គឺ​សំដៅ​ការពារ​អភិរក្ស​សត្វ​ផង និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​មាន​បាន​ហ៊ឺហា​ ពុក​រលួយ​របស់​មន្ត្រី ដែល​នាំ​ឱ្យ​ខូច​រូប​ភាព​បក្ស​ផង។

រឿង​ឡើង​តុ បរិភោគ​អាហារ​ឆ្ងាញ់​ជា​ចំណូ​ល​របស់​​ក្រុម​មន្ត្រី​ចិន ហើយ​ខ្លះ​ឆ្លៀត​យក​ចំណេញ​​យ៉ាង​ងងើល​ពី​ពិធី​បុណ្យ​ផ្លូវការ។ “នេះ​មិន​មែន​ជា​លើក​ទី​មួយ​​ដែល​ក្រុម​ប្រឹក្សា​រដ្ឋ​ បាន​ណែ​នាំ​ អ្នក​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច​ផ្លូវការ​ ឬ​ទស្សនកិច្ច​ការងារ​ ត្រៀម​ម្ហូប​ ដោយ​ឈរ​បទដ្ឋាន​ចំណាយសម​ហេតុផល” ! នេះ​ជា​អ្វី​ដែល​មាន​ចែង​ក្នុង​សារាចរណ៍​ថ្មី។

មន្ត្រី​ចិន​ចាស់ៗ​ នៅ​ចង​ចាំ​បាន​ អំពី​សេចក្តី​ណែនាំ​​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្សតាំង​ពី​សម័យ​នាយក​ រដ្ឋមន្ត្រី ជូរ អេឡៃ ឆ្នាំ​១៩៤៩​មក គឺ​បញ្ជី​មុខ​ម្ហូបមាន​ “​សម្លបួន​មុខ និង​ស៊ុប​មួយ​មុខ” គ្មាន​លើស​គ្មាន​ខ្វះ​ទេ។

នៅ​ឆ្នាំ​១៩៨៩ និង​ ឆ្នាំ​​២០០៦ សេចក្តី​ណែនាំ​ប្រហាក់​ប្រហែល​នេះ បាន​ប្រកាស​​​រំលឹក​ជា​ថ្មី​ ដោយ​ស្នើ​សុំ​មិន​ឱ្យ​​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ​ហួស​ឋានៈ។ ប៉ុន្តែ​បម្រាម​លើក​នេះ មាន​លក្ខណៈ​លម្អិត​ ច្បាស់ៗ​និង​ចំៗ។

ស៊ុប​ព្រុយ​ឆ្លាម ម្ហូប​ដ៏​ជា​ទី​ពេញ​និយម​បំផុត​មួយ​របស់​ចិន ដែល​ជា​ម្ហូប​ល្អ ម្ហូប​សម្រាប់​អ្នក​មាន ម្ហូប​ថ្លៃ ទាំង​តម្លៃ​ទាំង​រូបភាព និង​ទាំង​ជីវជាតិ ត្រូវ​ហាមឃាត់​តែ​ម្តង ! ស៊ុប​ទឹក​មាត់​ត្រចៀក​កាំ ដែល​ស្ត្រី​អភិជន​ចិន​ មាន​ជំនឿ​ថា​បរិភោគ​ទៅសាច់​ស្អាត​ ក៏ត្រូវ​ហាមឃាត់​ដែរ។

បើ​តាម​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ឧស្សាហកម្ម​​ប៉េកាំង ព្រុយ​ឆ្លាម​ ឬ​សំបុក​ត្រចៀកកាំ មិន​មែន​ជា​អាហារ​ប៉ូវ​អ្វី​ទេ​ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ។ ​មន្ត្រីរដ្ឋការ​​ជាន់​ខ្ពស់​ចិន​ ជឿ​ថា​គឺ​ជា​កិត្តិយស ឬ​នាំ​កិត្តិយស​ដល់​ខ្លួន​នៅ​ពេល​បាន​បរិភោគ​អាហារ​នេះ​។ ពោល​គឺ​ចង់​សំញែង​អំណាច​ដោយ​ប្រើ​លុយ​រដ្ឋ​ប៉ុណ្ណោះ។

បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី​ សេចក្តី​ណែនាំ​ថ្មី​នេះ​ មាន​ទិសដៅ​ជំរុញ​មន្ត្រី​ឱ្យ​ចេះ​រស់​នៅ​ដោយ​សាមញ្ញ​ ប្រឆាំង​នឹង​ភាព​​ហ៊ឺហា មាន​បាន​បង្ហួត​សំញែង ព្រមទាំង​ជំរុញ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ ពុករលួយ ក្នុង​ក្របខ័ណ្ឌ​បក្ស​ និង​រដ្ឋាភិបាល។

មន្ត្រី​រដ្ឋការ ក៏​នឹង​ត្រូវ​មាន​របប​ហាម​ឃាត់​ ទាក់ទង​នឹង​ការ​ទទួល​ទាន​សុរា បារី ថ្លៃៗ​ ផ្តល់​ជូន​ជា​កាដូ​ក្រោយ​ពេល​បរិភោគ​អាហារ​ដែរ។ “បារី​របស់​អធិរាជ្យ​មាន​តម្លៃ​ថ្លៃ​ជាង​បារី​កម្មករ​ដល់​ទៅ​ ដប់​ដង” ! នេះ​ជា​សុភាសិត​របស់​ចិន។ អ្នកកាសែត​ចិន​ម្នាក់ ដែល​ធ្លាប់​សរសេរ​រិះគន់​ថាមន្ត្រី​តំបន់​សានហ្ស៊ី ជក់​បារី​ផ្សែង​ទ្រលោម​ ក្នុង​ពិធី​ជប់​លៀង​ បាន​បាត់​បង់​ការងារ​តែ​ម្តង។ ប៉ុន្តែ​ជា​សំណាង​ល្អ​ ជាមួយ​សារាចរណ៍​ថ្មី​នេះ អ្នក​កាសែត​រូប​នោះ​បាន​​ចូល​ធ្វើ​ការ​វិញ​ហើយ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close