Amnesty International ផ្សព្វផ្សាយរូបភាពជំរំលត់ដំការងារលើអ្នកទោសកូរ៉េខាងជើង
នៅថ្ងៃព្រហស្បតិ៍ ទី៥ ធ្នូនេះ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានផ្សព្វផ្សាយនូវរូបភាពថ្មីផ្តល់ដោយផ្កាយរណបដែលបង្ហាញពីវត្តមាន ជំរំលត់ដំអ្នកទោសនៅក្នុងទឹកដីកូរ៉េ ខាងជើង។ តែរបបក្រុងព្យុងយ៉ាងបានបដិសេធ និងចាត់ទុករូបភាពផ្សព្វផ្សាយដោយ Amnesty International ថា ជារូបភាពមិនពិត។
រដ្ឋអំណាច កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនគ្មានជំរំលត់ដំការងារសម្រាប់អ្នកទោសនយោបាយទេ។ តែបើយោងតាមការអះអាងរបស់អង្គការឯករាជ្យមួយចំនួនឲ្យដឹងថា មានអ្នកទោសពី ១០០ ០០០ ទៅ ២០០ ០០០នាក់កំពុងជាប់ឃុំឃំាងនៅក្នុងលក្ខខណ្ឌយ៉ាងវេទនាជាទីបំផុត។ រូបភាពថ្មីចុងក្រោយដែលបង្ហាញជំរំលេខ ១៥ និងលេខ ១៦ ត្រូវបានប្រព័ន្ធផ្កាយរណបថតបានក្នុងចន្លោះឆ្នំា ២០១១ និង ២០១៣។ ជំរំលេខ ១៦ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៥៦០គីឡូម៉ែត្រក្រឡាសម្រាប់ដាក់អ្នកទោស ២០ ០០០នាក់នោះ បានបង្ហាញនូវវត្តមានលំនៅដ្ឋានថ្មីៗបន្ថែមទៀត។ យោងតាម Amnesty International វត្តមានលំនៅដ្ឋានថ្មីៗទំាងនោះត្រូវបានរដ្ឋអំណាចធ្វើជាជំរំលត់ដំ ការងារសម្រាប់អ្នកទោស ពិសេស ការងារក្នុងការធ្វើអាជីវកម្មរ៉ែធ្យូងថ្ម ឬមួយក៏ផ្នែកកសិកម្មជាដើម។
និយាយពីជំរំលេខ ១៥ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៣៧០គីឡូម៉ែត្រក្រឡា និងមានចម្ងាយប្រមាណជា ១២០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង រូបភាពផ្កាយរណបថ្មីបានបញ្ជាក់ថា មានអគារជិត ៤០ សម្រាប់ឲ្យរស់នៅត្រូវបានគេរំលំចោលតំាងពីឆ្នំា ២០១១។ ដោយឡែក និងក្រៅពីរូបភាពថ្មីផ្តល់ដោយផ្កាយរណប Amnesty International ក៏បានផ្សព្វផ្សាយនូវសម្តីរបស់សាក្សីមួយចំនួនដែលជាអតីតអ្នកទទួល ខុសត្រូវនៅក្នុងជំរំទំាងនោះ។ លោកលីដែលជាអតីតអ្នកទទួលខុសត្រូវផ្នែកសន្តិសុខជំរំលេខ ១៦ ក្នុងទសវត្សឆ្នំា ៨០ និងបន្តរហូតដល់ពាក់កណ្តាលទសវត្សឆ្នំា ៩០បានបញ្ជាក់ថា មានអ្នកទោសជាច្រើនត្រូវបានគេបង្ខំឲ្យជីករណ្តៅសម្រាប់កប់ខ្លួន ឯង មុននឹងគេវាយសម្លាប់ដោយញញួរចំកញ្ចឹង ក។ សាក្សីផ្សេងទៀតបានអះអាងថា មានអ្នកទោសខ្លះត្រូវបានគេច្របាច់ ក រួមសម្លាប់ចោលតែម្តង។ ចំណែកស្រ្តីៗវិញ ត្រូវបានក្រុមបុគ្គលិកគុកចាប់រំលោភ រួចសម្លាប់ចោលបំបិទភស្តុតាង។
គួរជម្រាបជូនថា គណកម្មាធិការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីការរំលោភ សិទ្ធិមនុស្សនៅកូរ៉េខាងជើងនឹងបង្ហាញរបាយការណ៍ចុងក្រោយរបស់ខ្លួនទៅ កាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែមីនា ឆ្នំា ២០១៤។ នេះជាលើកទីមួយដែលអង្គការសហប្រជាជាតិបានបង្កើតឲ្យមានគណកម្មាធិការ មួយសម្រាប់ស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ កូរ៉េខាងជើងបានបដិសេធមិនទទួលស្គាល់គណកម្មាធិការនេះ និងមិនយល់ព្រមបើកផ្លូវឲ្យចូលស៊ើបអង្កេតក្នុងទឹកដីរបស់ខ្លួនឡើយ៕ដោយ គួច គន្ធារ៉ា (RFI)