អង្គការ​សហប្រជាជាតិ​សម្ពោធ​ទីស្នាក់ការ​មូលនិធី​បៃតង​ ដើម្បី​អាកាសធាតុ​

នៅ​កូរ៉េខាងត្បូង​ នៅថ្ងៃ​ពុធ​នេះ មូលនិធី​បៃតង​ដើម្បី​អាកាសធាតុ​ ដែល​ជា​មូលនិធី​របស់​អង្គការ​សហប្រជាជាតិ​ បាន​បើកសម្ពោធ​ទីស្នាក់ការ​​ខ្លួន នៅ​ក្រុង​សេអ៊ូល។ ទិសដៅ​នៃ​មូលនិធី​គឺ​ដើម្បី​ប្រយុទ្ធ ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​ជួយឧបត្ថម្ភ​គំរោង​ការពារ​ប្រជាជន​បណ្តាប្រទេស​ក្រីក្រនានា។ ប៉ុន្តែ នៅថ្ងៃ​បើកសម្ពោធ​ថ្ងៃពុធ​នេះ ​ មូលនិធិ​បៃតង​ ស្ទើរតែ​គ្មាន​ប្រាក់​ក្នុង​ហោប៉ៅ​ខ្លួនទាល់តែ​​សោះ​។

នៅថ្ងៃ ​ពុធ​នេះ មូលនិធិបៃតង​នៃអង្គការ​សហប្រជាជាតិ​ ដែល​មាន​ទិសដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ បាន​បើកសម្ពោធ​ទីស្នាក់ការ​ការងារ​របស់​ខ្លួន នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​។ ប៉ុន្តែ ដំណើរការងារ​ប្រហែលជា​មិនទាន់​ចាប់ផ្តើម​​បាន​មុន​ត្រីមាស​ទីពីរ​ ឆ្នាំ២០១៤​នោះទេ។ ​

នៅថ្ងៃសម្ពោធ​ ទីស្នាក់ការ​ថ្ងៃ​ពុធ​នេះ មូលនិធិ​បៃតង​នៅមិនទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅឡើយ។ តាម​ធ​ម្មតា រហូត​ដល់​ឆ្នាំ​២០២០ ប្រទេស​អភិវឌ្ឍន៍​នានា​ធ្លាប់​​រំពឹង​​ថា ត្រូវ​រួមគ្នា​ផ្តល់​ថវិកា​​អោយបាន​​​១០០ពាន់លាន​ដុល្លារ គឺ​ត្រូវ​នឹង​៧៤ពាន់លានអឺរ៉ូ ដល់​មូលនិធិ​បៃតង។ តែ​ដោយសារតែ​រងនូវ​វិបត្តិសេដ្ឋកិច្ច ប្រទេស​អភិវឌ្ឍន៍​​ទាំងនេះ មិនបាន​ផ្តល់​ថវិកាគ្រប់​​ចំនួន​តាម​ការសន្យា​របស់​ខ្លួន​ឡើយ។ នៅពេលនេះ មូលនិធិ​បៃតង មានតែ​ប្រាក់​ប្រមាណ​៤០លានដុល្លារ​ ដែល​កូរ៉េខាងត្បូង​បាន​ផ្តល់​អោយតែ​ប៉ុណ្ណោះ។​

គួររំលឹកថា មូលនិធិ​បៃតង​របស់​អង្គការ​សហប្រជាជាតិ ​បាន​ចាប់កំណើត​ឡើង​កាលពីឆ្នាំ​២០១០​ ក្នុងទិស ដៅ​កាត់បន្ថយ​ការបញ្ចេញ​​ឧស្ម័នផ្ទះកញ្ចក់​ និងជួយឧបត្ថម្ភ​គំរោង​ការពារ​ប្រជាជន​បណ្តាប្រទេស​ក្រីក្រ​នានា ដែល​រងគ្រោះ​ដោយ​សារការប្រែប្រួល​អាកាសធាតុ បែបយ៉ាង​ ការឡើង​កម្ពស់​ទឹកសមុទ្រ រឺ​ក៏​គ្រោះរាំងស្ងួត​ដែល​បន្ត​ត្រាំត្រែង​​​បង្ក​ផលវិបាក​ដល់​ការបង្កើនផល​ ដំណាំជាដើម៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close