អាហ្វ្រិកព្រំដែនសេដ្ឋកិច្ចថ្មីសម្រាប់បារាំង
ប្រធានក្រុមហ៊ុន បារាំង អាហ្វ្រិក ជាង ៥៦០ ត្រូវជួបជុំគ្នានៅថ្ងៃពុធនេះ ក្នុងវេទិកាសេដ្ឋកិច្ចបារាំង-អាហ្វ្រិក រៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុបារាំងនៅទីក្រុងប៉ារីស ដើម្បីស្វាគមន៍ជំនួបកំពូលអេលីហ្សេ ជំនួបកំពូលស្តីពីសន្តិភាពនិងសុវត្ថិភាពនៅអាហ្វ្រិក ថ្ងៃទី៦-៧ធ្នូ។ រដ្ឋមន្ត្រីជាង២០រូប និងប្រមុខរដ្ឋបួនប្រទេសនឹងធ្វើអធិបតីក្នុងវេទិការសេដ្ឋកិច្ចនេះ។
ប្រធានាធិបតីតង់សានី កូតឌីវ័រ សេណេហ្កាល់ នឹងអញ្ជើញមកធ្វើជាអធិបតី ក្បែរប្រធានាធិបតីបារាំង ក្នុងវេទិកាសេដ្ឋកិច្ច ដែលរៀបចំឡើង ក្នុងកម្មវត្ថុស្វែងរកគំរូដៃគូពាណិជ្ជកម្មបែបថ្មី រវាងអាហ្វ្រិក និងបារាំង។ វត្តមានរបស់ប្រមុខរដ្ឋដ៏ច្រើននៅក្រសួងហិរញ្ញវត្ថុ គឺមិនធ្លាប់មានឡើយ ដូច្នេះនេះសឱ្យឃើញពីការចង់ផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងជួញ ដូររវាងបារាំងនិងទ្វីបអាហ្វ្រិក។
ក្រុមសមាគមថៅកែនិងប្រមុខក្រុមហ៊ុន ចង់ប្រែក្លាយទិវានេះ ទៅជាការប្រយុទ្ធប្រឆាំងនឹងគំនិតទុទិដ្ឋិនិយម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បណ្តាលមកបារាំងបាត់បង់ទីផ្សារពាណិជ្ជកម្ម នៅអាហ្វ្រិកអស់ ជិត៥០%។ សំណូមពរ១៥ចំណុច នឹងត្រូវយកមកមកធ្វើជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ បារាំង-អាហ្វ្រិក ភាគច្រើនផ្តោតទៅលើលំហូរហិរញ្ញវត្ថុ ធនធានមនុស្ស វប្បធម៌ …
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ អាហ្វ្រិក មានកំណើនសេដ្ឋកិច្ចជាមធ្យម ៥%ក្នុងមួយឆ្នាំៗ ប៉ុន្តែបារាំងដែលជាអ្នកវិនិយោគបរទេសលេខមួយនៅអាហ្វ្រិក មានក្រុមហ៊ុនតូចធំសរុបជាង៦២០០០ នៅក្នុងទ្វីបនេះ ឈរជើងផ្តុំគ្នានៅតែក្នុងបណ្តាប្រទេសធ្លាប់ស្ថិតក្រោមអាណានិគម និងគ្មានកំណើនសេដ្ឋកិច្ចស្ទុះឡើងដូចបណ្តាប្រទេសអាហ្វ្រិកនិយាយ ភាសាអង់គ្លេសនិងអេស្ប៉ាញ៉ុលទេ។ ជាងនេះទៅទៀត ចិនបានផ្តើមរុករានទីផ្សារអាហ្វ្រិក ធ្វើឱ្យបារាំងបាត់ចំណែកអស់ជាច្រើន។
ការកែប្រែគំរូពាណិជ្ជកម្មថ្មីនេះ នឹងអនុញ្ញាតឱ្យឧស្សាហកម្ម និងពាណិជ្ជកម្មតូចធំបារាំង អាចទាញប្រយោជន៍ពីកំណើនសេដ្ឋកិច្ចអាហ្វ្រិក ដោយបានបង្កើត និងរក្សាការងារក្នុងស្រុករាប់ពាន់កន្លែង។ ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ន បរិបទពិភពលោកភាវូបនីយកម្ម ទោះមានកំណែទម្រង់ថ្មីក៏ដោយ ក៏ត្រូវការប្រើកម្លាំងប្រឹងប្រយុទ្ធខ្លាំង ទើបអាចលេចមុខបាន៕