នាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault បំពេញទស្សនកិច្ចនៅចិន ថ្ងៃព្រហស្បតិ៍៥ធ្នូ
នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc Ayrault នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល៤ថ្ងៃ ក្នុងទិសដៅធ្វើអោយការផ្តោះប្តូរផ្នែកពាណិជ្ជកម្មរវាងបារាំង និងចិន មានភាពសមតាឡើងវិញ។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំង នៅក្រុងប៉េកាំង នឹងមានអមដំណើរដោយគណៈប្រតិភូបារាំងជាង មួយរយនាក់។ ទស្សនកិច្ចនេះ គឺធ្វើមុនពេលប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរទៅបារាំង ក្នុងកំឡុងដើមឆ្នាំ២០១៤ខាងមុខ។
ទិសដៅនៃ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault នៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ គឺដើម្បីធ្វើយ៉ាងណាអោយការផ្តោះប្តូរផ្នែកពាណិជ្ជកម្មរវាងបារាំង និងចិន មានភាពសមតាឡើងវិញ។ ការផ្តោះប្តូរពាណិជ្ជកម្មចបារាំង-ចិន បានជួបឧនភាពខ្លាំង គិតជាទឹកប្រាក់គឺធ្លាក់ចុះប្រមាណជា ២៧ពាន់លានអឺរ៉ូ។ ក្រុងប៉ារីស ចង់អោយចំនួនអ្នកវិនិយោគចិននៅក្នុងប្រទេសបារាំង មានការកើនឡើងថែមទៀត។ សហគ្រាសចិននៅបារាំង មានប្រមាណជា២០០ ប៉ុណ្ណោះ នៅពេលដែលសហគ្រាសបារាំងដៃលបោះទីតាំងនៅចិន មានចំនួនដល់ទៅ១៥០០។
កិច្ចសហប្រតិប ត្តិការទ្វេភាគីផ្នែកនុយក្លេអ៊ែរស៊ីវិល ក៏ជាទិសដៅនៃទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំងនៅក្រុងប៉េកាំង ផងដែរ។ សព្វថ្ងៃនេះ គំរោងចំនួនពីរកំពុងត្រូវបានសិក្សា គឺមានគំរោងសាងសង់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ តៃស្ហាន់ និងគំរោងសាងសង់រោងចក្រមួយ ដើម្បីសំអាតកាកសំណល់នុយក្លេអ៊ែរឡើងវិញ។
ចំពោះផ្នែកចំណីអាហារវិញ រដ្ឋាភិបាលបារាំងចង់អភិវឌ្ឍន៍ការនាំចេញផលិតផលធ្វើពីសាច់ រួមនឹងផលិត ផលធ្វើពីទឹកដោះគោ នាំពីបារាំងចូលទៅស្រុកចិន។ កន្លងមក ចិននិងបណ្តាប្រទេសអឺរ៉ុបមានភាពតានតឹងនឹងគ្នា ផ្នែកពាណិជ្ជកម្ម។ ចិនបានធ្លាប់បានស៊ើបអង្កេតផ្នែកពន្ធលើស្រាដែលផលិតនៅអឺរ៉ុប ដែលត្រូវបានក្រុមហ៊ុនចិននាំចូលមកប្រទេសចិន។ ចិនចោទអឺរ៉ុបថា បានជួយឧបត្ថម្ភផ្នែកស្រានេះ។ ការស៊ើបអង្កេតរបស់ចិន បានធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសំរេចយកពន្ធបណ្តោះអាសន្នលើ ផ្ទាំងកញ្ចក់ផលិតថាមពលអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ នាំមកពីប្រទេសចិន។ បារាំងសង្ឃឹមថា អាចនឹងរកច្រកចេញបានឆាប់រហ័ស ដើម្បីបន្ថយភាពតានតឹងរវាងចិននិងអឺរ៉ុប។
ដោយឡែក នៅដើមឆ្នាំ២០១៤ខាងមុខ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង ក្នុងឳកាសខួប៥០ឆ្នាំនៃចំណងការទូតរវាងបារាំងនិងចិន។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានចាប់កំណើតឡើង តាំងពីថ្ងៃ២៧មករា ឆ្នាំ១៩៦៤ម្ល៉េះ៕ដោយ ព្រំ សឿន សូលីណា (RFI)