ឪពុកមា​របស់​លោក​គីម ជុងអ៊ុន ទំនងជា​ត្រូវបាន​គេ​ដក​តំណែង

ឪពុកមា​របស់​លោក​គីម ជុងអ៊ុន គឺ​លោក ចាង​ សុងថែក ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​មនុស្ស​ដ៏មាន​អំណាច​ម្នាក់​នៅ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង ហើយ​មនុស្ស​ជំនិត​របស់លោក​មួយចំនួន​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​អង្គារ​នេះ។ ការ​ដកតំណែង​នេះ បើសិន​ជា​ពិត​ជា​កើតមាន​មែន គឺ​ជា​ហេតុការណ៍​ដ៏​សំខាន់​មួយ នៅ​កូរ៉េ​ខាង​ជើង ចាប់តាំង​ពី​លោក​គីម ជុងអ៊ុន ឡើង​មក​កាន់​អំណាច​ជំនួស​ឪពុក​របស់​លោក។

ទីភ្នាក់ងារ ​ចារកិច្ច​កូរ៉េ​ខាងត្បូង (National Intelligence Service) បានរាយការណ៍​​ប្រាប់​គណៈកម្មការ​សភា នៅថ្ងៃ​អង្គារនេះ​ថា លោក​ ចាង សុងថែក ត្រូវ​បាន​ដក​តំណែង​ជា​អនុប្រធាន​គណៈកម្មការ​ការពារជាតិ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ខាង​កងទ័ព នៅ​កូរ៉េ​ខាងជើង។ បន្ថែម​ពីលើ​នេះ​ទៀត មនុស្ស​ជំនិត​ពីរ​រូប​របស់​លោក​ចាង សុងថែក ត្រូវ​បាន​គេ​កាត់ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ កាល​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​កន្លងទៅ​នេះ។

គួរបញ្ជាក់ថា លោក​ចាង​ សុងថែក ត្រូវ​ជា​ឪពុកមាថ្លៃ​របស់​លោក​គីម ជុងអ៊ុន។ ភរិយា​របស់​លោក គឺ​ជា​ប្អូនស្រី​បង្កើត​របស់​លោក​គីម ជុងអ៊ីល ឪពុក​របស់​លោក​គីម ជុងអ៊ុន។ លោក​ចាង សុងថែក ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជាអ្នក​ដែល​បាន​ដើរតួនាទី​សំខាន់​បំផុត នៅ​ក្នុង​ការ​រៀបចំឲ្យ​លោក​គីម ជុងអ៊ុន ស្នងតំណែង​ពី​ឪពុក កាលពី​ចុងឆ្នាំ​២០១១​កន្លងទៅ។ អ្នកវិភាគជាច្រើន​ធ្លាប់​បាន​លើកឡើង​ថា លោក ចាង សុងថែក គឺ​ជា​ឥស្សរជន ដែល​អំណាច​ធំ​លំដាប់ទី២ នៅ​កូរ៉េ​ខាងជើង បន្ទាប់​ពី​លោក​គីម ជុងអ៊ុន។

រហូតមកទល់​នឹង​ពេលនេះ គេនៅមិនទាន់​ដឹង​ច្បាស់នៅឡើយទេថា តើ​​មាន​ដើមហេតុ​អ្វី ដែល​នាំ​ឲ្យ​មាន​ការ​ដកតំណែង​លោក​ចាង សុងថែក​បែបនេះ ហើយ​ថា តើ​ការ​ដកតំណែង​នេះ​អាច​ពង្រឹង ឬ​ធ្វើ​ឲ្យ​ធ្លាក់​ចុះខ្សោយ នូវ​អំណាច​របស់​​លោក​គីម ជុងអ៊ុន​? គេ​ក៏​មិន​អាច​ដឹងប្រាកដ​នៅឡើយដែរ​ថា តើការ​ដកតំណែង​លោក​ចាង សុងថែក​នេះ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​គីម ជុងអ៊ុន​ផ្ទាល់ ឬ​ក៏​ដោយសារ​តែ​លោក​ទទួល​សម្ពាធ​ពី​​ខាងណា? ក៏ប៉ុន្តែ អ្នកជំនាញ​ខាង​កិច្ចការ​កូរ៉េ​ខាងជើង​យល់ថា ការ​ដកតំណែង​លោក​ចាង សុងថែក មិន​អាច​ធ្វើឡើង​ទៅរួចទេ ប្រសិនបើ​គ្មាន​ការ​យល់ព្រម​ពី​សំណាក់​លោក គីម ជុងអ៊ុន។

កាល​ពី​ខែមុននេះ វិបសៃត៍​ឈ្មោះ Daily North Korea ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​​ជាទូទៅ​​មាន​ប្រភព​ព័ត៌មាន​ច្រើន ពី​ខាង​ក្នុងរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ចុះផ្សាយ​អត្ថបទ​មួយ អះអាង​ថា អំណាច និង​ឥទ្ធិពល​របស់​លោក​ចាង សុងថែក នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង​ត្រូវ​ធ្លាក់ចុះខ្សោយ ដោយសារ​តែ​លោកលែង​ជា​មនុស្ស​ជំនិត​ និង​គួរ​ជាទីទុកចិត្ត​របស់​លោក​គីម ជុងអ៊ុន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close