កម្ពុជានិងធនាគារពិភពលោកជម្រុញឲ្យមានភាពជាដៃគូក្នុងចំណោមស្ថាប័នរដ្ឋនិងមិនមែនរដ្ឋ
ភ្នំពេញ (៤ ធ្នូ ២០១៣)៖ ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃនៅសប្តាហ៍នេះបានផ្តល់ការកសាងសមត្ថភាពផ្នែកចំណេះដឹង ជំនាញ និងការអនុវត្តជាក់ស្តែងនៃការងារក្នុងភាពជាដៃគូដល់មន្រ្តីមកពីស្ថាប័នរដ្ឋនិងមិនមែនរដ្ឋទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
វគ្គបណ្តុះបណ្តាលដែលមានការគាំទ្រពីធនាគារពិភពលោក និងមានកិច្ចសហការជាមួយអង្គការសីលកានេះត្រូវបានធ្វើឡើងនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចស្ថិតនៅក្នុងក្រសួងមហាផ្ទៃចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បត៍នេះ។
នៅក្នុងសុន្ទរកថាបើកវគ្គ លោក ហូវ លេនីន ប្រធានគ្រប់គ្រងស្តីទីនៃគម្រោងអិភបាលកិច្ចល្អមូលដ្ឋានបានមានប្រសាសន៍ថា វគ្គនេះជាផ្នែកមួយនៃការកសាងសមត្ថភាពជាបន្តបន្ទាប់ដែលរៀបចំឡើងដោយគម្រោងអិភបាលកិច្ចល្អមូលដ្ឋាន និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច។
បន្ទាប់ពីអធិប្បាយសង្ខេបពីប្រវត្តិនិងគោលបំណងរបស់គម្រោងអភិបាលកិច្ចល្អមូលដ្ឋានរួចមក លោក លេនីន បានលើកឡើងថា បើទោះជាយុទ្ធសាស្រ្តចតុកោណរបស់រាជដ្ឋាភិបាលតំណាក់កាលទី២ (ឆ្នាំ ២០០៨ – ២០១៣) បានផ្តោតលើភាពជាដៃគូ និងយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការជម្រុញនិងសម្របសម្រួលរវាងស្ថាប័នរដ្ឋនិងមិនមែនរដ្ឋក៏ដោយ ក៏ឥរិយាបថធ្វើការរួមគ្នាក្នុងចំណោមពួកគេនៅតែមានកម្រិត។
“ក្នុងន័យនេះ គឺជាការចាំបាច់ណាស់ដែលរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលត្រូវបន្ត កិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើឡើងនូវការកសាងភាពជាដៃគូនេះ ដែលជាមូលដ្ឋានឈានទៅសម្រេចបាននូវកំណែទម្រង់ដ៏ទូលំទូលាយ និងកាន់តែស៊ីជម្រៅពិតប្រាកដ” នេះជាការលើកឡើងរបស់លោក លេនីន ដោយលោកបន្ថែមថា ការធ្វើជាដៃគូនឹងបង្កើតភាពជាអ្នកដឹកនាំនិងភាពជាម្ចាស់ ដើម្បីតម្លាភាពនិងការទទួលខុស ព្រមទាំង “ការអភិវឌ្ឍប្រកបដោយនិរន្តរភាព សមភាព និងយុត្តិធម៌សង្គម”។
នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃកន្លះនេះ លោក ឃែន កាផ្លែន (Ken Caplan) ជនជាតិអាមេរិកជានាយកនៃអង្គការសប្បុរសធម៌និងកសាងភាពជាដៃគូដើម្បីអភិវឌ្ឍន៍ត្រូវបានអញ្ជើញមកធ្វើជាគ្រូបណ្តុះបណ្តាល។ លោក ឃែន បានប្រាប់អ្នកចូលរួមដែលជាមន្រ្តីសំខាន់ៗមកពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសារព័ត៌មានថា វគ្គនេះមានបំណងដើម្បីបង្កើនការយល់ដឹងពីចំណេះដឹងនិងធនធានដែលមានស្តីពីភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងមិនមែនរដ្ឋនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំជំនាញធ្វើជាដៃគូដែលមានការវិភាគនិងអនុវត្តជាក់ស្តែង និងដើម្បីគាំទ្រជំនាញលើការប្រតិបត្តិនិងចំណេះដឹងសម្រាប់ដោះស្រាយការប្រឈមនានាទាក់ទិននឹងការធ្វើជាដៃគូនៅពេលបច្ចុប្បន្ន។
ប្រធានបទស្តីពី “ការលើកស្ទួយភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងមិនមែនរដ្ឋ” សម្រាប់វគ្គបណ្តុះបណ្តាលនេះត្រូវបានជ្រើសរើសចេញពីលទ្ធផលដែលបានរកឃើញនៅក្នុងការអង្កេតមួយរបស់គម្រោងអភិបាលកិច្ចល្អមូលដ្ឋានទៅលើភាពជាដៃគូដែលបានធ្វើឡើងនៅចន្លោះខែមិថុនា ឆ្នាំ ២០១២ ដល់ខែ មីនាឆ្នាំ ២០១៣។ ការអង្កេតដែលធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍មួយចំនួនជាមួយតំណាងស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកសិក្សាជាន់ខ្ពស់ និងតាមរយៈការបង្កើតសិក្ខាសាលាខ្នាតតូចនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងការសាកសួរតាមអ៊ីម៉េលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានរកឃើញថា អ្នកឆ្លើយនឹងសំណួរភាគច្រើនចង់បានការកសាងសមត្ថភាពលើប្រធានបទនេះ។
នេះជាវគ្គបណ្តុះបណ្តាលលើកទី៦ហើយនាឆ្នាំនេះដែលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ឬមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចបានរៀបចំឡើង ហើយវគ្គនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់គម្រោងអភិបាលកិច្ចល្អមូលដ្ឋានដែលអនុវត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក៕ (អត្ថបទដោយ ឆាយ សុផល/ឆេមស៍សម្រាប់ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ)