សហរដ្ឋអាមេរិកសោកស្តាយចំពោះការបាត់បង់ជីវិតនៅថៃ
ក្រសួង ការបរទេសសហរដ្ឋអាមេរិកបានថ្លែងសោកស្តាយចំពោះហេតុការណ៍កលយុគក្នុង ទីក្រុងបាងកកប្រទេសថៃដែលបានបណ្តាលអោយមានមនុស្សស្លាប់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអំពាវ នាវអោយភាគីនយោបាយទាំង ពីរ ពោលគឺគណបក្សប្រឆាំង និងគណបក្សកាន់អំណាចដោះស្រាយបញ្ចប់បញ្ហាដោយការចរចារគ្នា។
ប្រទេស មហាអំណាចបានចាប់ផ្តើមថ្លែងការណ៍ចំពោះព្រឹត្តិការណ៍បង្ហូរ ឈាមនៅក្នុងទីក្រុងបាងកកប្រទេសថៃហើយ។ សហរដ្ឋអាមេរិកបានថ្លែងសោកស្តាយយ៉ាងខ្លាំង នៅពេលដែលមានមនុស្សជាច្រើនត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះ ទង្គិចគ្នារវាងក្រុមប៉ូលីស និងក្រុមអ្នកតវ៉ារបស់គណបក្សប្រឆាំង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បាននិយាយចំៗថា ទីក្រុងវ៉ាស៊ីតោនកំពុងព្រួយបារម្ភអំពីស្ថានភាពនយោបាយតានតឹងនៅ ក្នុងប្រទេសថៃ ហើយថា អាមេរិកក៏កំពុងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ថ្លែងប្រាប់អ្នកកាសែត លោកស្រីអ្នកនាំពាក្យបន្តថា ការតវ៉ាដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិគឺជាទិដ្ឋភាពដ៏សំខាន់របស់លទ្ធិ ប្រជាធិបតេយ្យ។ ហើយថា អំពើហិង្សា និងការដណ្តើមកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន គឺជាសកម្មភាពដែលមិនអាចទទួលយកបាន ដើម្បី ដោះស្រាយទំនាស់នយោបាយនោះទេ។
បើតាមការអះអាងរបស់លោកស្រី Jen Psaki ដដែល តំណាងសហរដ្ឋអាមេរិកបានជួបជាមួយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ និងមេដឹកនាំគណបក្សប្រឆាំងរួចហើយ ដើម្បី លើកទឹកចិត្តអោយពួកគេបង្កើនភាព អត់ធ្មត់ និងចរចារដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះនយោបាយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថ្កោលទោស ការប្រើប្រាស់ហិង្សាដែលកើតចេញពីមូលហេតុនយោបាយ និងដើម្បីផលប្រយោជន៍នយោបាយនោះ។
គួររម្លឹកថា ប្រឈមនឹងការទាមទារអោយលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ចុះចេញពីដំណែងនោះ តុលាការព្រហ្មទណ្ឌថៃក៏បានចេញដីកាតាមចាប់ខ្លួនមេដឹកនាំចលនា ប្រឆាំងដែរកាលពីថ្ងៃចន្ទ។ តុលាការព្រហ្មទណ្ឌបានចេញដីកាតាមចាប់ខ្លួនលោកស៊ូថេប ថងស៊ូបាន និងបក្សពួកមួយចំនួនទៀត ក្រោមការចោទប្រកាន់ពីបទបះបោរទម្លាក់រដ្ឋាភិបាល។ បទចោទនេះ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែននោះ ជនជាប់ចោទនឹងត្រូវផ្តន្ទាទោសអោយជាប់ពន្ធនាគារអស់មួយជីវិត៕ដោយ លាង ដឺលុច (RFI)