ចិនបញ្ជូនយានអវកាសគ្មានមនុស្សបើកទៅឋានព្រះចន្ទ
នៅព្រឹកថ្ងៃចន្ទនេះ ចិនបានបាញ់បង្ហោះយានអវកាសនៃបេសកកម្មឆាំងហឿ៣ ដឹករ៉ូបូ Yu Tu អ៊ុយ ធូ ប្រែថា ទន្សាយថ្លើមថ្ម បញ្ជូនទៅឋានព្រះចន្ទ។ ដូចបានគ្រោងទុក យានអវកាសនេះបានទៅដល់គន្លងតារាវិថី ហើយនឹងត្រូវបន្តដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទ។ ប្រសិនបើអ្វីៗដំណើរការទៅបានស្រួលនោះ យានអវកាសឆាំងហឿ៣ នឹងចុះចតនៅឋានព្រះចន្ទ នៅពាក់កណ្តាលខែធ្នូនេះខាងមុខនេះ។
នៅ ម៉ោងមួយសាមសិបនាទី ព្រឹកថ្ងៃចន្ទនេះ ក្នុងបេសកកម្មឈ្មោះថា ឆាំងហឿ ជាលើកទី៣ ចិនបានបញ្ជូនយានអវកាសឆាំងហឿ៣ ដឹករ៉ូបូឈ្មោះថា ទន្សាយ ថ្លើមថ្ម បង្ហោះចេញពីខេត្តស៊ីជ័ន ភាគនិរតីប្រទេសចិន ឆ្ពោះទៅកាន់ឋានព្រះចន្ទ។ យានអវកាសឆាំងហឿ៣ដែលដឹកយានទន្សាយថ្លើមថ្មនេះ បានធ្វើដំណើរទៅដល់ គន្លងតារាវិថី ដូចការគ្រោងទុក ធ្វើអោយអាជ្ញាធរចិនចាត់ទុកថា នេះជាបេសកកម្មជោគជ័យមួយ។ ប្រសិនអ្វីៗដំណើរការទៅបានល្អ យានអវកាសនេះ នឹងចុះចតនៅឋានព្រះចន្ទ នៅពាក់កណ្តាលខែធ្នូនេះហើយ។
បេសកកម្ម ឆាំងហឿ៣ គឺដើម្បីដាក់យានប្រតិបត្តិការមួយឈ្មោះថា Yu Tu អ៊ុយ ធូ ប្រែថា ទន្សាយថ្លើមថ្ម នៅឋានព្រះចន្ទ។ Chang’e ក្នុងរឿងព្រេង គឺជាឈ្មោះរបស់ទេពធីតាឋានព្រះចន្ទ ហើយឈ្មោះរបស់យានប្រតិបត្តិការ ទន្សាយថ្លើមថ្មនេះ គឺចិនចង់សំដៅទៅលើទន្សាយរបស់ទេពធីតាឋានព្រះចន្ទនោះហើយ។
ទូរទស្សន៍ជាតិចិនបានផ្សាយផ្ទាល់ពីការបាញ់បញ្ជូនយានអវកាសនេះ ដែលជាមោទនភាពរបស់ជាតិ។ ចិនប្រហែលជាអាចបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ នៅក្រោយឆ្នាំ២០២០។ ចិនសង្ឃឹមថា អាចនឹងយកសារធាតុនានានៅឋានព្រះចន្ទបាន នៅឆ្នាំ២០១៧។
គួររំលឹកថា កាលពីឆ្នាំ២០០៧ ចិនបានបញ្ជូនយានអវកាសលើកដំបូងរបស់ខ្លួន ឈ្មោះថា Chang’e ១ ទៅតារាវិថីជុំវិញឋានព្រះចន្ទ។ យានអវកាសនេះ បានថតរូបភាពផ្ទៃខាងក្រៅនៃឋានព្រះចន្ទ និងពិនិត្យវិភាគពីធាតុផ្សំនៃសារធាតុនៅទីនោះ។
នៅខែមិថុនាកន្លងទៅ ចិនបានទទួលជោគជ័យក្នុងបេសកម្មអវកាសចុងក្រោយមួយ ដោយសារតែអ្នកអវកាសចិន៣រូប បានស្ថិតក្នុងគន្លងតារាវិថីរយៈពេល១៥ថ្ងៃ នៅនឹងកន្លែងពិសោធន៍អវកាសមួយ។ តាមរយៈទីពិសោធន៍នេះ ចិនសង្ឃឹមថា អាចនឹងសំរេចបាននូវស្ថានីយអវកាសមួយ នៅកំឡុងឆ្នាំ២០២០៕ដោយ ព្រំ សឿន សូលីណា (RFI)