បេប៊ី ថា គ្មានពេលសម្រាប់ស្នេហា
ភ្នំពេញ ៖ តារាសម្ដែង និងតារាចម្រៀងនាងជុំ រចនាពេជ្រ ហៅ បេប៊ី ទើបតែចូលប្រឡូកក្នុងពិភពសិល្បៈថ្មីៗ តែនាងបានឆក់យក តំណែងតួឯកជាច្រើនរហូតមានពេលខ្លះនាងច្រានចោលរឿង ថ្មីបន្ថែមទៀត ដោយសាររ៉ាប់រងមិនរួច។
ក្នុងពេល អាជីពសិល្បៈកាន់តែកាក់កប បេប៊ីដែលល្បីថា មានអ្នកមានស្តុកស្តម្ភតាមស្រឡាញ់យ៉ាងកៀកកិតនោះបាន សម្រេចចិត្ដ ដកខ្លួនមិនទទួលយកស្នេហ៍ជាដាច់ខាត ព្រោះនាងយល់ថាមានស្នេហាទាំងវ័យក្មេងដូចជាប់ចំណង។
បេប៊ី កំពុងតែមមាញឹកថតភាពយន្ដពីរបីរឿងជាតួអង្គ សំខាន់ៗ ត្រូវចេញមុខជាច្រើនប្លង់។ រឿងដែលនាងក្ដាប់ឱកាសនាពេលនេះគឺរឿង «ម៉ឺនុយធ្លាក់អន្ទាក់ស្នេហ៍» ឱ្យផលិតកម្មមហាហង្សត្រៀមចាក់បញ្ចាំងនៅទូរទស្សន៍ស៊ីធីអិន និងជាតួឯកក្នុងរឿង «ពូជខ្ញុំអ៊ីចឹង» របស់ផលិតកម្មរ៉ុក ត្រៀមដាក់បញ្ចាំងនៅតាមរោងភាពយន្ដ។ លើសពីនេះ បេប៊ីមានឱកាសច្រៀងតាមទូរទស្សន៍ជាញឹកញាប់ ។
បន្ទាប់ពីចូលកាន់វិថីសិល្បៈមក បេប៊ីដែលចង់បង្កើនកេរ្តិ៍ឈ្មោះឱ្យកាន់តែរីកសាយជាង នេះមិនគិត គូរអ្វីក្រៅពីការងារសម្ដែង និងច្រៀងឱ្យកាន់តែស្ទុះទៅមុខឡើយ ខណៈមានព័ត៌មានលេចឮថា មានបុរសសម្បូរទ្រព្យតាមឆក់បេះដូងក៏ដោយ ។ ពេលនេះនាងសម្រេចចិត្ដទុកបេះដូងឱ្យនៅទំនេរដើម្បីច្បាម យក ប្រជាប្រិយភាពជាងទុកខ្លួនឱ្យជាប់អន្ទាក់ស្នេហ៍ ។
បេប៊ី ដែលពេលនេះមើលទៅស្អាតប្លែកជាងមុននោះ កាលពីពេល ថ្មីៗនេះនិយាយថា នាងចង់ដឹងថា មានអ្នកគាំទ្រច្រើនឬទេនៅពេលខ្សែភាពយន្ដរបស់នាង មួយចំនួនដាក់ បញ្ចាំងនាពេលខាងមុខមានទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅរោងភាពយន្ដ ។ នាងកំពុងតែត្រៀមខ្លួនថតរឿង ថ្មីៗបន្ដទៀត ព្រោះការងារចាស់រួចរាល់អស់ហើយ ។
បេប៊ីដែលទើបតែដូរ រថយន្ដ ក្រោយពេលលេចឮថាមានឧកញ៉ាតាមស្នេហ៍នោះ បានបញ្ជាក់ថា នាងមិនអាចបញ្ចូលខ្លួនឱ្យផុងក្នុងចំណងស្នេហានាពេល នេះទេ ព្រោះនាងនៅក្មេងណាស់ វ័យមិនទាន់២០ឆ្នាំ ដូច្នេះមិនចេះរៀបចំសង្គមគ្រួសារទេ ។
អ៊ីចឹងហើយ ទើបនាងមិនចង់ចែករំលែកចិត្ដមើលថែទាំអ្នកណាឡើយ ខណៈដែលនាងនៅមានអនាគតវែងឆ្ងាយ ដោយក្រៅពីសិល្បៈនាងមមាញឹកក្នុងការរៀនសូត្រនៅថ្នាក់ វិទ្យាល័យ គឺនាងត្រៀមប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
នាង ខំបែងចែកការងារសិល្បៈជាមួយការសិក្សា ពិបាកទៅហើយទំរាំតែបែងចែករឿងយកចិត្ដបុរសណានោះរឹតតែ ពិបាក ។ ការងារសិល្បៈពេលនេះពិតជារវល់ជាងមុន ពេលខ្លះចេញពីថតត្រូវធ្វើខ្លួនឡើងច្រៀងតាមទូរទស្សន៍ អត់បាយ អត់ទឹកក៏មាន ។ ទោះជានាងហាក់ទ្រុតទ្រោមសុខភាពចង់ឈឺក្រពះ តែសប្បាយចិត្ដនៅពេលអាជីពសិល្បៈរីកលូតលាស់ ។ ទោះជាហត់មែន តែជាការងារកើតចេញពីសមត្ថភាព និងសប្បាយចិត្ដដែលនាងអាចរកកម្រៃចិញ្ចឹមខ្លួនទាំងនៅវ័ យក្មេង និងបានជួយដល់គ្រួសារខ្លះ ។
ចំណែកម្ដាយរបស់កញ្ញាបេប៊ី ដែលតែងតែទៅណាជាមួយកូន ព្រោះខ្លាច ប្រុសៗតាមរញ៉េរញ៉ៃនោះឱ្យដឹងថា គាត់អាណិតកូនស្រីណាស់តាំងពីមានការងារសិល្បៈច្រើនមក ត្រូវចេញទៅ ច្រៀង និងសម្ដែងបាត់ពីផ្ទះរហូត ។ ពេលខ្លះបាយទឹកមិនទៀងខ្លាចតែឈឺក្រពះទេ ។ ពេលនេះនាងស្រកទម្ងន់ជាងមុន ។
ចំពោះរឿងស្នេហា អ្នកស្រីជាម្តាយ និយាយថា អ្នកស្រីឱ្យកូនគិតដោយខ្លួនឯង រឿងសំខាន់ពេលនេះនាងនៅរៀន ទុកពេលយកចំណេះសិនក៏ល្អដែរ ។ បើសិល្បៈផង រៀនផង ស្នេហាផងនោះពិតជាឆ្កួតមិនខាន ទើបទុកឱ្យនាងគិតគូរតែសិល្បៈ និងរៀនសិនទៅ ព្រោះនៅក្មេងណាស់មិនទាន់ចេះមើលថែអ្នកណាទេ ៕ ស.រ/Cambodia News