រដ្ឋមន្ត្រីព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា គួរនៅស្ងៀម កុំកេះដំបៅ រឿងព្រំដែន
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ជុំវិញសភាពការណ៍តានតឹងនៅបាងកក ប្រទេសថៃ ពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងមិនទាន់មានអត្ថាធិប្បាយបែបណាទេ។

លោក រដ្ឋមន្ត្រី ថ្លែងបែបនេះ បន្ទាប់ពីចូលរួមក្នុងសិក្ខាសាលា ស្តីពី ការតាំងបង្ហាញសម្ភារៈបរិក្ខាបច្ចេកទេស ប្រើប្រាស់ តាមប្រព័ន្ធ ឌីជីថល របស់ក្រុមហ៊ុន DJM នៅសណ្ឋាគារ Raffles Le Royal នាព្រឹកថ្ងៃទី៣ ខែធ្នូ។
លោក រដ្ឋមន្ត្រី បានបន្តថា លោកទើបតែបានជួបជាមួយខាងតំណាងយោធាថៃ សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីខិតខំរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជៀសវាងការប៉ះទង្គិចគ្នា។ ជាមួយនោះលោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រក្សាភាពស្ងប់ស្ងាត់ ក្នុងរឿងព្រំដែន រវាងប្រទេសទាំងពីរ។
លោក រដ្ឋមន្ត្រី បញ្ជាក់ថា បាតុកម្មនៅថៃ ពេលនេះ គេមិនបានលើកឡើងពីបញ្ហាព្រំដែនទេ។ គេយកតែបញ្ហាច្បាប់លើកលែងទោស ដើម្បីយកមកធ្វើបាតុកម្ម ប្រឆាំងតវ៉ាប៉ុណ្ណោះ។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយយើង គួរនៅស្ងៀម កុំកេះដំបៅចាស់ក្នុងរឿងព្រំដែន ដែលមានជម្លោះរ៉ាំរៃរវាងកម្ពុជា និងថៃ៕ យុវវ័យថ្មី