សាលារាជធានី នឹងចាត់វិធានការលើអ្នកទារលុយផ្ញើ ម៉ូតូ កង់ លើសការកំណត់
ភ្នំពេញ៖ បន្ទាប់ពីមានការរអ៊ូរទាំពីសំណាក់ ពលរដ្ឋថា អ្នកផ្ញើកង់ ម៉ូតូនៅតាមផ្សារជាច្រើន ពាក់ព័ន្ធនឹងការទារថ្លៃលើសកំណត់ ដោយយកតម្លៃ ពី៥០០៛ ទៅ ១០០០៛ និងពេលខ្លះឡើងដល់២០០០៛ ក្នុងម៉ូតូមួយគ្រឿង សាលារាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការប្រមូល និងត្រួតពិនិត្យឡើងវិញនូវកិច្ចសន្យាទារផាស៊ី ផ្ញើកង់ម៉ូតូជាមួយក្រុមហ៊ុនម៉ៅការផ្ដាច់មុខ នានាដើម្បីកែលម្អ នូវចំណុចខ្វះខាតកន្លងមក ។
អ្នក នាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងថា សាលារាជធានីភ្នំពេញ កំពុងតែចាត់វិធានការឲ្យក្រុមការងារប្រមូលឯកសារ និងត្រួតពិនិត្យកិច្ចសន្យាឡើងវិញជាមួយក្រុមហ៊ុន ឯកជនម៉ៅការផ្ដាច់មុខមួយចំនួន ដើម្បីកែលំអនូវចំណុចខ្វះខាតទាំងនេះ។
លោក បន្តថា ជាការពិតយើងទទួលស្គាល់ថា យើងមានបញ្ហាកង្វះខាតមួយចំនួនមែនទាក់ទងនឹងបញ្ហាប្រមូលផាស៊ី ផ្ញើឡាន ផ្ញើម៉ូតូ កង់ មួយចំនួន។ កន្លងមកមានបញ្ហាចឹងមែន អាស្រ័យហេតុនេះហើយបានជាសាលារាជធានីភ្នំពេញ នឹងធ្វើការងារនេះ ដោយឲ្យក្រុមការងារមួយនៅសាលារាជធានីភ្នំពេញ ធ្វើ ការសិក្សា និងប្រមូលឯកសារ កិច្ចសន្យាទារផាស៊ី ដែលបានប្រគល់ទៅឲ្យក្រុមហ៊ុននានា ដើម្បីដេញថ្លៃទទួលសិទ្ធិគ្រប់គ្រងមកពិនិត្យមើលឡើងវិញ៕ ដោយ៖ Cambodia News