លោក ជួន សុវណ្ណ៖ កម្លាំងនគរបាលជាតិ ត្រូវតែហ្វឹកហាត់យុទ្ធវិធីការពារប្រឆាំងបាតុករបន្ថែមទៀត
ភ្នំពេញ៖ យោងតាម គេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ ចុះផ្សាយនៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាលជាតិត្រូវតែហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើឲ្យការងារការពារ និងប្រឆាំងនឹងបាតុករដោយអហិង្សា កាន់តែមានប្រសិទ្ធភាពថែមទៀត។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងទៀតថា កម្លាំងនគរបាលជាតិ បានហ្វឹកហ្វឺនបាញ់គ្រាប់ពិត និងពង្រឹងសមត្ថភាពបន្ថែមនូវយុទ្ធវិធីប្រឆាំងបាតុករ ដែលធ្វើបាតុកម្ម ដោយហិង្សា ដើម្បីងាយស្រួលក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់។
ជួន សុវណ្ណ បន្តថា ការហ្វឹកហាត់ បន្ថែមទៀតនៃយុទ្ធវិធីការពារ ប្រឆាំងបាតុករ ដែលធ្វើបាតុកម្មដោយហិង្សា ដោយសារការប្រឈមមុខជាច្រើនលើកច្រើនសារ ដែលមានការប៉ះទង្គិចគ្នារវាងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ និងក្រុមបាតុករ។
ដោយ លោក ជួន សុវណ្ណ បានលើកឧទាហរណ៍ករណីការប៉ះទង្គិចចំនួនពីរ គឺ កាលពីថ្ងៃទី ១៥ កញ្ញា ការប៉ះទង្គិចគ្នា យ៉ាងធ្ងន់ធ្ងរ នៅស្ពានអាកាស ក្បលថ្នល ហើយនឹងការប៉ះទង្គិចគ្នាធ្ងន់ធ្ងរមួយទៀត គឺនៅ ថ្ងៃទី១២ វិច្ឆិកា ស្ថិតនៅមុខ វត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕ Cambodia News