បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ងាក​ទៅរក​​រុស្ស៊ី តែបោះចោល​អឺរ៉ុប

នៅក្នុង​ប្រទេស​អ៊ុយក្រែន ក្រុមបក្សប្រឆាំង​បី​សំខាន់​ៗ បន្ត​រួមគ្នា​ធ្វើ​បាតុកម្ម​ នៅថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​លោក​ ប្រធានាធិបតី​ចុះចេញ​ពីអំណាច និង​រៀបចំ​ការបោះឆ្នោត​មុនកំណត់។ បាតុករ​ដែល​មាន​និន្នាការ​មក​រក​សហភាព​អឺរ៉ុប​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ តាំង​ពី​ជាង​មួ​យ​សប្តាហ៍​មកហើយ ដើម្បី​ប្រឆាំង​នឹង​នយោបាយ​របស់​​​រដ្ឋាភិបាលអ៊ុយក្រែន​ដែល​បានងាក​រក​ រុស្ស៊ី និង​​ប្រកាស​បដិសេធ​មិន​ចង​សម្ព័ន្ធភាព​ជាមួយ​អឺរ៉ុប។ ​ប្រធានាធិបតី​​អ៊ុយក្រែន ​ លោក វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​នឹង​ត្រូវ​ធ្វើដំណើរ​នៅ​សប្តាហ៍ក្រោយ ទៅប្រទេស​រុស្ស៊ី។

នយោបាយ ​ងាក​ទៅ​រក​រស្ស៊ី និង​បោះចោល​អឺរ៉ុប របស់​លោកប្រធានាធិបតី​អ៊ុយក្រែន បាន​ធ្វើ​ក្រុមប្រឆាំង​ឆេះដុំ និង​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំងដ៏ធំ ​​នៅទីលានវិមានឯករាជ្យ អស់​មួយ​សប្តាហ៍​មកហើយ។ ទើបតែ​នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ បាតុកម្ម​បាន​ក្លាយ​ជា​ហិង្សា នៅពេល​​ប៉ូលិស ​ប្រើ​ដំបង​វាយ​សំពង​ទៅលើ​បាតុករ​រាប់​រយ​នាក់ នៅក្នុង​ការបង្រ្កាប។ ប្រធាន​ក្រុមបក្ស​ប្រឆាំង​នៅ​សភា​បាន​ប្តេជ្ញា​បន្ត​ធ្វើ​បាតុកម្ម​​នៅថ្ងៃ​ អាទិត្យនេះទៀត ដើម្បី​ដាក់​គំនាប​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់។ គេ​បារម្ភថា នឹង​អាច​មាន​អំពើ​ហិង្សា​កើតឡើង​ជាថ្មី នៅក្នុង​បាតុកម្ម​នៅថ្ងៃនេះ បន្ទាប់ពី​តុលាការ​ក្រុង​គៀវ​បដិសេធ​មិន​ឲ្យ​បាតុករ​ជួបជុំ​តវ៉ា​នៅលើ​ទីលាន ​ឯករាជ្យ។​

សហភាពអឺរ៉ុប បាន​ថ្កោលទោស​អំពើ​ហិង្សា នៅពេលដែល​​​អាល្លឺម៉ង់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​សិទ្ធិ​ធ្វើ​ បាតុកម្ម​របស់​ក្រុមប្រឆាំង។

សូមអាន៖ អឺរ៉ុប​ខកចិត្ត ដោយ​មិនអាច​អូសទាញ​អ៊ុយក្រែន​ឲ្យ​មក​នៅ​ខាង​ខ្លួន តែ​ទ្វារ​នៅ​តែ​បើក​ចំហ

នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ឯណោះវិញ នៅមួយសប្តាហ៍​ក្រោយ​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​ជាមួយ​អ៊ឺរ៉ុប នាយករដ្ឋមន្រ្តី​អ៊ុយក្រែន លោក​មីកូឡា អាហ្សរ៉ូវ បាន​ប្រកាស​ថា លោកប្រធានាធិបតី​អ៊ុយក្រែន ​នឹង​ធ្វើ​ដំណើរ​ទៅទីក្រុង​មូស្គូ នៅពេល​លោក​ត្រលប់​មក​ពី​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​ចិន នៅ​សប្តាហ៍ក្រោយ។

តាមគម្រោង នៅក្នុង​ទស្សនកិច្ច​នៅ​រុស្ស៊ី លោកប្រធានាធិបតី លោក វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​នឹង​ជួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ ពីការកសាងឡើងវិញ នូវ​​ចំណង​សហប្រតិបត្តិការ​​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ។

កាល​ពីថ្ងៃ​សុក្រ លោកប្រធានាធិបតី​​ វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​បាន​បដិសេធ​មិន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សហភាព​អឺរ៉ុប។ លោកបានទាញអំណះអំណាង​ថា កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប នឹង​ធ្វើឲ្យ​​ពាណិជ្ជកម្ម​របស់​អ៊ុយក្រែន​ជួប​គ្រោះថ្នាក់ ខាតបង់ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដោយសារ​​ការដាក់​ទណ្ឌកម្ម​ពី​ទីក្រុង​មូស្គូ។

សូមអាន៖ ប្រទេស​អ៊ុយក្រែន​សម្រេច​រត់ចោល​សហភាពអឺរ៉ុប ទៅ​ឱប​រុស្ស៊ី

មេដឹកនាំ​របស់​សហភាព​អឺរ៉ុប​ធ្លាប់​បាន​ថ្កោលទោស​រុស្ស៊ី​ ដែល​បាន​ដាក់​គំនាប​លើ​អ៊ុយក្រែន កុំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ ដែល​តាមពិត​នឹង​បើក​ផ្លូវ​ឲ្យ​អ៊ុយក្រែន​ចូលជា​សមាជិក​របស់​សហភាពអឺរ៉ុប៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close