ជប៉ុននឹងនិយាយជាមួយអាមេរិកពីរឿងចិនបង្កើតតំបន់ការពារដែនអាកាស
លោកអនុប្រធានាធិបតីអាមេរិក ចូ បាយឌិននឹងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅល្ងាចថ្ងៃចន្ទទី ២ ធ្នូ។ នៅជប៉ុន វត្តមានរបស់លោកបាយឌិនត្រូវគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើភាពតានតឹងនៅសមុទ្រចិនខាងកើត បន្ទាប់ពីចិនបានបង្កើតតំបន់ការពារដែនអាកាសថ្មី ដែលបានរំលោភពីលើដែនអាកាសរបស់ជប៉ុន និងរួមបញ្ចូលទាំងដែនអាកាសដែលគ្របដណ្តប់ពីលើប្រជុំកោះដ៏ ចម្រូងចម្រាសសេនកាគូ។
នាយករដ្ឋមន្រ្តី ជប៉ុន លោកស៊ីនហ្សូ អាបេ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកនឹងលើកយករឿងតំបន់ការពារដែនអាកាសរបស់ចិនទៅនិយាយជាមួយលោកអនុ ប្រធានាធិបតី អាមេរិកដែលនឹងមានវត្តមានរយៈពេល៣៤ម៉ោង នៅទីក្រុងតូក្យូ។ “យើងនឹងពិភាក្សាជាមួយលោកអនុប្រធានាធិបតីអាមេរិក ដើម្បីធ្វើឲ្យការសហការមានកាន់តែជិតស្និទរវាងអាមេរិក និងជប៉ុន” ។ លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេបាននិយាយយ៉ាងដូច្នេះបា្រប់ទៅអ្នកកាសែត។
ទាំងលោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិជប៉ុនទំនងព្យាយាមរំងាប់មន្ទិលសង្ស័យទៅលើ ទំនាក់ទំនងជប៉ុន និងអាមេរិក បន្ទាប់ពីអាមេរិកប្តូរជំហរខុសពីជប៉ុន ដោយបានប្រកាស កាលពីថ្ងៃសុក្រ ឲ្យយន្តហោះស៊ីវិលរបស់អាមេរិកគោរពតាមបទបញ្ជារបស់អាជ្ញាធរចិន នៅពេលហោះចូលតំបន់ការពារដែនអាកាសរបស់ចិន។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលជប៉ុនបានបញ្ជាឲ្យក្រុមហ៊ុនហោះហើររបស់ជប៉ុនឈប់ផ្តល់ ព័ត៌មាន នៅពេលហោះទៅក្នុងដែនអាកាសដែលចិនទើបបង្កើតថ្មី។ ជប៉ុនបានសំដែងការប្រឆាំងដាច់ខាត នឹងតំបន់ការពារដែនអាកាសរបស់ចិន ដោយសារជប៉ុនវាយតម្លៃថា បានរំលោភលើដែនអាកាសរបស់ជប៉ុន និងរួមបញ្ចូលទាំងដែនអាកាសដែលស្ថិតនៅពីលើប្រជុំកោះសេនកាគូរបស់ ជប៉ុន។
តាមរដ្ឋមន្រ្តីការពារជាតិជប៉ុន អាមេរិក និងជប៉ុនមានជំហរដូចគ្នា នៅចំពោះមុខការបង្កើតតំបន់ការពារដែនអាកាសរបស់ចិន។ អាមេរិកផ្ទាល់បានបញ្ចេញប្រតិកម្មប្រឆាំងនឹងផែនការចិន មុនជប៉ុនទៅទៀត ដោយកាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែកធុន បេ ៥២ ពីរគ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសថ្មីរបស់ចិន ដោយមិនបានជូនដំណឹងទៅតាមការទាមទាររបស់ទីក្រុងប៉េកាំង។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកChuck Hagel ធ្លាប់បានបញ្ជាក់ថា អាមេរិកត្រៀមខ្លួនរួចហើយ ដើម្បីជួយជប៉ុន នៅពេលជប៉ុនទទួលរងការវាយប្រហារ។ អាមេរិក និងជប៉ុនបានចងសម្ព័ន្ធភាពយោធាជាមួយគ្នា នៅក្រោយសង្រ្គាមលោកលើកទីពីរ និងបានចូលជាផ្លូវការ នៅឆ្នាំ ១៩៦០។ នៅក្នុងកិច្ចព្រមព្រៀង អាមេរិកបានទទួលសិទ្ធិបោះមូលដ្ឋានទ័ពលើទឹកដីជប៉ុន។ ប៉ុន្តែ ជាថ្នូរវិញ ជប៉ុនត្រូវបានអាមេរិកសន្យាជួយការពារ ក្នុងករណីដែលមានការវាយប្រហារពីខាងក្រៅ។ដោយ ឈាង បុប្ផា (RFI)