លោក ហ៊ុន សែន នឹងចុះចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋដោយផ្ទាល់ដៃ
បន្ទាប់ពីបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តជិត ៨០០ នាក់ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ០១ កក្កដា ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា នឹងចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋនៅក្នុងភូមិណាដែលត្រូវបានវាស់វែងចប់មុនគេ ដើម្បីធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ។
ក្នុងឱកាសទិវាមច្ឆជាតិ ខេត្តកំពង់ចាមនា លោក ហ៊ុន សែនបានជំរុញឲ្យអាជ្ញាធរខេត្តនានា និងប្រជាពលរដ្ឋជួយសម្រួលដល់ការចុះវាស់វែងដីធ្លី ដើម្បីដំណើរការឲ្យបានឆាប់រហ័ស។
ការប្រកាសបែបនេះបានធ្វើឡើងបន្ទាប់ពីយុវជនស្ម័គ្រចិត្តចំនួនជិត ៨០០ នាក់បានចេញដំណើរពីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ឆ្ពោះទៅកាន់បណ្តាខេត្តនានា ដើម្បីវាស់វែងដីជូនពលរដ្ឋដែលមិនទាន់មានកម្មសិទ្ធិដីធ្លីនៅឡើយ។
យ៉ាងណាក៏ដោយ បេសកកម្មនេះមិនអាចវាស់វែងដីដែលកំពុងមានទំនាស់បានទេ។ បើយោងតាមលោកនាយករដ្ឋមន្ត្រី ដីណាដែលមានជម្លោះដណ្តើមគ្នារវាងប្រជាពលរដ្ឋ ត្រូវទុកឲ្យតុលាការកាត់សេចក្តីជាមុនសិន។ ប៉ុន្តែ សម្រាប់ពលរដ្ឋដែលកំពុងរស់នៅលើដីរបស់រដ្ឋ និងរបស់ក្រុមហ៊ុនសម្បទាន ក្រុមការងារនឹងវាស់ព្រំដីដើម្បីផ្តល់កម្មសិទ្ធិដល់ពួកគេ៕