ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៣ និងការរើសអើងដល់ស្រ្តីបម្រើសេវាកម្សាន្ត
អត្ថបទនិងរូបភាព ឆាយ សុផល
រព័ត៌មាន ឃែមបូឌា ញូស៍ និង យុវវ័យថ្មី
ភ្នំពេញ (១ ធ្នូ ២១០៣)៖ “ក្រៅពីភ្ញៀវប្រុសៗ អ្នកជិតខាងខ្ញុំខ្លះក៏បានមើលងាយ និងចំអកឲ្យខ្ញុំដែរ ដោយពួកគេដឹងថា ខ្ញុំធ្វើការនៅហាងខារ៉ាអូខេនៅពេលយប់ៗ” នេះជាសំដីរបស់ស្រ្តីវ័យក្មេងម្នាក់ដោយមានទឹកមុខមាំ។
ស្ថិតនៅក្នុងវ័យ ២០ ឆ្នាំ មៃមៃ (ឈ្មោះហៅក្រៅ) បាន និយាយថា នាងពិតជាមិនយល់ថា ហេតុអ្វីបានជាមនុស្សមិនយល់ពីជិវិតរបស់មនុស្សដូចគ្នាទៅវិញ។ “ខ្ញុំក្រ ដោយមានការរៀនសូត្យតិចតួច ហើយខ្ញុំមិនអាចរកការងារល្អៗបានធ្វើដូចអ្នកផ្សេងដែលពួកគេមានចំណេះដឹងខ្ពស់ និងមានជីវភាពធូរធាឡើយ” នេះជាសំដីរបស់ មៃមៃ ដោយនាងបន្ថែមថា ពេលខ្លះនាងពិតជាពិបាកទ្រាំនឹងពាក្យពេជន៍ និងភាសាដែលពោរពេញដោយការបំពាននិងការប្រមាថពីមនុស្សទាំងនោះ។
មៃមៃ គឺជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីរាប់ម៉ឺននាក់ទៀតដែលកំពុងធ្វើការងារនៅឯកន្លែងសេវាកម្សាន្ត ដូចជាហាងខារ៉ាអូខេ ប៊ៀរហ្គាឌិន ហាងរាត្រី បា ភោជនីយដ្ឋាន ហាងលេងស្នូកឃឺ និងហាងម៉ាស្សាជាដើម ព្រមទាំងកន្លែងកម្សាន្តដទៃៗទៀត។
លោក ជួប សុខចំរើន នាយករងអង្គការខាណាទទួលបន្ទុកប្រតិបត្តិការបាននិយាយថា អ្នកធ្វើការជាស្រ្តីនៅឯកន្លែងកម្សន្តទាំងនោះត្រូវបានស្ថាប័នរដ្ឋនិងមិនមែនរដ្ឋដែលបំពេញការងារឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍បានចាត់ទុកថា ជាស្រ្តីបម្រើសេវាកម្សាន្ត ហើយពួកគេក៏ត្រូវបានបញ្ចូលក្នុង “ក្រុមងាយរងគ្រោះបំផុត” ផងដែរ ដែលក្រុមនោះរួមមាន៖ ស្រ្តីបម្រើសេវាកម្សាន្ត បុរសស្រឡាញ់បុរស/អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់នឹងម្ជុលសឺរ៉ាំង។
យោងតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឲ្យដឹងថា មានស្រ្តីបម្រើសេវាកម្សាន្តប្រមាណ ៣៧.០០០ នាក់នៅទូទាំងប្រទេស ដែលក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ២០.០០០។
លោក ចំរើន បាននិយាយថា ស្រ្តីបម្រើសេវាកម្សាន្តខ្លះក៏បានប្រកបរបរផ្លូវភេទដែរ ដោយអ្នកខ្លះធ្វើឡើងដោយឯករាជ្យជាបុគ្គល ហើយខ្លះធ្វើជាបណ្តាញដោយមានមេក្រុមរបស់ខ្លួន ហើយបើតាមការសក្សារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឲ្យដឹងថា ស្រ្តីបម្រើសេវាកម្សាន្តប្រមាណ ១៤% មានផ្ទុកមេរោគអេដស៍ ដែលជាអត្រាមួយដ៏ខ្ពស់បើប្រៀបធៀបនឹងអត្រាស្រ្តីទូទៅ (ស្រ្តីប្រមាណ ៣៩.០០០ នាក់ដែលមានវ័យពី ១៥ឆ្នាំឡើងទៅមានផ្ទុកមេរោគអេដស៍)។
លោក ចំរើន បានបន្ថែមថា ជាទូទៅស្រ្តីបម្រើសេវាកម្សាន្តនៅតែទទួលរងការមាក់ងាយ និងការរើសអើងពីសង្គម ដែលក្នុងនោះមានទាំងប្រជាជនទូទៅ មានទាំងនគរបាលនិងកងរាជអាវុធហត្ថមួយចំនួន ព្រមទាំងអ្នកផ្តល់សេវាសុខភាពខ្លះរបស់រដ្ឋផង ដោយសារតែស្ថានភាពការងារ និងស្ថានភាពមេរោគអេដស៍របស់ពួកស្រ្តីទាំងនោះ។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិយាយនៅពេលថ្មីៗនេះថា ការមាក់ងាយ និងការរើសអើងដល់ “ក្រុមងាយរងគ្រោះបំផុត” នៅតែមាននៅក្នុងប្រទេស។ លោកក៏បានទទូចឲ្យសង្គមបញ្ឈប់ឥរិយាបទបែបនេះ ព្រោះវាអាចនាំឲ្យបង្កើនការឆ្លងថ្មីនៃមេរោគអេដស៍ និងការរំលោភសិទ្ធិមនុស្សកាន់តែច្រើន។ លោកបានបន្ថែមថា ព្រមពេលជាមួយគ្នានេះ ដែរ សារព័ត៌មានបានដើរតួនាទីដ៏សំខាន់ក្នុងការជួយបញ្ឈប់ឥរិយាបទមាក់ងាយនិងរើសអើងនេះ។
“គ្មានការរើសអើង” គឺជាចំណុច “គ្មាន” មួយក្នុងចំណោមចំណុចគ្មានពីរផ្សេងទៀតគឺ “គ្មានការឆ្លងថ្មី” និង “គ្មានការស្លាប់ដោយសារមេរោគអេដស៍” ដែលទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាឆ្នាំនេះបានយកមកធ្វើជាប្រធានបទដ៏សំខាន់។ ភ្នាក់ងារសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) នាឆ្នាំនេះក៏បានទទូចឲ្យពិភពលោកធ្វើការរួមគ្នា ក្នុងការអំពាវនាវឲ្យមានការផ្លាស់ប្តូរជាសកលសម្រាប់ការ ”គ្មានការរើសអើង”។ សាររបស់ UNAIDS សម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នានៅថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៣ នេះបានសរសេរថា “បើកចិត្តឲ្យទូលាយ និងឈានទៅរកការផ្លាស់ប្តូរ។ មនុស្សគ្រប់រូបមានសិទ្ធិរស់នៅដោយមានជីវិតពេញលេញនិងទទួលបានផល និងសេចក្តីថ្លែថ្នូរ”។
ប្រទេសកម្ពុជានៅថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៣ នេះក៏បានចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ ដោយបានលើកយកប្រធានបទថា “គ្មានការរើសអើង គ្មានការឆ្លងថ្មី និងគ្មានការស្លាប់ដោយសារមេរោគអេដស៍”។
ចំណែកឯ មៃមៃ នាងមានអារម្មណ៍សប្បាយរីករាយ នៅពេលនាងបានដឹងថា ទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិព្យាយាមលើកស្ទួយសិទ្ធិរបស់ស្រ្តីបម្រើសេវាកម្សាន្ត និងបញ្ឈប់ការមាក់ងាយនិងការរើសអើងដល់ស្រ្តីដូចជារូបនាង។ នាងបាននិយាយថា “គ្មានស្រ្តីណាចង់ឲ្យគេចំអកនិងមើលងាយនោះទេ។ ស្រ្តីទាំងអស់ពិតជាចង់បានកិត្តិយសនិងសេចក្តីថ្លៃថ្នូរដូចៗគ្នា។ ខ្ញុំធ្វើការស្របច្បាប់ដើម្បីចិញ្ចឹមខ្លួនខ្ញុំនិងគ្រួសារខ្ញុំ ដោយមិនបានលួចប្លន់នរណាឡើយ។ ដូចនេះ សូមឈប់ប្រើពាក្យនិងឥរិយាបទអាក្រក់ៗមកលើខ្ញុំ និងស្រ្តីឯទៀតៗនៅឯហាងខារ៉ាអូខេទៀតទៅ ព្រោះពួកយើងក៏ជាមនុស្សដែរ”៕