ការដោះលែងអ្នកភូមិបឹងកក់ ១៣នាក់គឺជាយុត្តិធម៌សំរាប់ពូកគេ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារដើម្បីសិទិ្ធស្ត្រីមានដូចជា អង្គការសិទិ្ធស្ត្រីទាំងនេះ រួមមាន អង្គការសីលការ អង្គការយេនឌ័រនិងអភិឌ្ឍន៍សំរាប់កម្ពុជា អង្គការបណ្ដាញបុរសកម្ពុជា និងអង្គការគាំទ្រច្បាប់សំរាប់កុមារ និងស្ត្រី បានប្រកាសសាទរការដោះលែងអ្នកភូមិបឹងកក់ចំនួន១៣នាក់ ដោយអំណាចសាលដីកាសាលាឧទ្ធរណ៍ ដោយចាត់ទុកថា ជាទង្វើយុត្តិធម៌សំរាប់អ្នកភូមិបឹងកក់ ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារដើម្បីសិទិ្ធស្ត្រី មានការរីករាយ ការដែលអ្នកភូមិបឹងកក់ទាំង១៣នាក់ ដែលជាម្ដាយរបស់កុមារ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ គឺពិតជាយុត្តិធម៌ និងសេចក្ដីត្រូវការចាំបាច់របស់អ្នកភូមិបឹងកក់។
ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភពីការងាយគ្រោះថ្នាក់ ចំពោះពួកគេតាមផ្លូវតុលាការសារជាថ្មីម្ដងទៀត គឺសាលាឧទ្ធរណ៍នៅតំកល់បទចោទប្រឆាំងអ្នកទាំង ១៣នាក់នោះ ចំពោះចំណុចនេះតុលាការគួរទំលាក់ចោលទាំងស្រុងនូវបទចោទទៅលើពួកគេ ។
សូមបញ្ជាក់ថា អ្នកភូមិបឹងកក់ទាំង១៣នាក់ រងការចោទពីបទចូលកាន់កាប់ដីរបស់នីតិបុគ្គលសាធារណៈ និងពីបទប្រមាថមន្ត្រីសាធារណៈពួកគាត់ត្រូវបានសាលាដំបូងក្រុងភ្នំពេញ ផ្ដន្ទាទោសម្នាក់ៗ ២ឆ្នាំ៦ខែ ប៉ុន្តែពេលនេះត្រូវបានសាលាឧទ្ធរណ៍ ប្រកាសដោះលែងពួកគេភ្លាមៗ ក្រោយពីបញ្ចប់សវនាការ កាលពីថ្ងៃ២៧ មិថុនា បន្ទាប់ពីពួកគាត់បាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃសចំនួន ១ខែ៣ថ្ងៃ៕