សភាជប៉ុនអនុម័តគំរោងច្បាប់ស្តីពីការសំងាត់ជាតិ
នៅល្ងាចថ្ងៃអង្គារនេះ សភាជប៉ុនបានអនុម័តគំរោងច្បាប់រដ្ឋាភិបាល ស្តីពីការសំងាត់ជាតិ។ ច្បាប់នេះ មានទិសដៅការពាររាល់ព័ត៌មានសំងាត់របស់រដ្ឋជប៉ុន។ រាល់ជនដែលនាំអោយលេចធ្លាយព័ត៌មានសំងាត់ជាតិ អាចទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ ព្រឹទ្ធសភានឹងសិក្សាលើគំរោងច្បាប់នេះបន្តទៀត។ សារព័ត៌មានជប៉ុន និងប្រជាជនមួយចំនួន ធ្លាប់បានបរិហាររួចហើយថា ច្បាប់នេះជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ។
ច្បាប់ ជប៉ុនស្តីពីការសំងាត់ជាតិ ដែលសភាជប៉ុនបានអនុម័ត នៅល្ងាចថ្ងៃអង្គារនេះ មានទិសដៅការពាររាល់ព័ត៌មានសំងាត់របស់រដ្ឋាភិបាលជប៉ុន ហើយរាល់ជនដែលនាំអោយលេចធ្លាយព័ត៌មានសំងាត់ជាតិនេះ អាចទទួលទោសជាប់ពន្ធនាគាររហូត១០ឆ្នាំ។ គណបក្សទាំងពីរនៃរដ្ឋាភិបាលចម្រុះជប៉ុន រួមនឹងគណបក្សពីរផ្សេងទៀត គឺជាអ្នកផ្តួចផ្តើមអោយមានវិសោធនកម្មច្បាប់នេះ។
ច្បាប់នេះ ផ្តល់សិទ្ធិអោយគ្រប់ក្រសួងជប៉ុនទាំងអស់កំណត់ ថា តើព័ត៌មានបែបណាជាព័ត៌មានសំងាត់ជាតិ។ ព័ត៌មានអាចចាត់ទុកថា ជាកិច្ចការសំងាត់ជាតិជប៉ុនបាន គឺជាព័ត៌មានដែលប៉ះពាល់ផ្នែកការពារជាតិ ប៉ះពាល់ផ្នែកការទូត ពាក់ព័ន្ធនឹងការប្រឆាំងការស៊ើបការណ៍ រឺការប្រយុទ្ធអំពើភេរវកម្មជាដើម។ ប៉ុន្តែ ច្បាប់ស្តីពីការសំងាត់ជាតិនេះ នៅមិនទាន់កំណត់គោលការណ៍ជាក់លាក់ស្តីពីលក្ខណៈព័ត៌មានសំងាត់នេះ នៅឡើយទេ។ រហូតមកដល់ពេលនេះ មានតែក្រសួងការពារជាតិមួយប៉ុណ្ណោះ ដែលមានអំណាចលាក់ទុកការសំងាត់ជាតិនេះ។
បន្ទាប់ពីសភាបានអនុម័តរួចនៅថ្ងៃនេះ ច្បាប់ស្តីពីការសំងាត់ជាតិជប៉ុនមួយនេះ នឹងត្រូវយកទៅដាក់ពិភាក្សាជាបន្តនៅព្រឹទ្ធសភា។ ដូចជានៅសភាដែរ នៅព្រឹទ្ធសភា គណបក្សសេរីនិយមប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី ស៊ីនសូ អាបេ មានសម្លេងភាគច្រើន ដូច្នេះ ច្បាប់នេះប្រហែលជាមិនពិបាកនឹងអនុម័តនោះទេ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ព្រឹទ្ធសភានឹងអនុម័តច្បាប់នេះអោយបានហើយ យ៉ាងយូរនៅថ្ងៃ៦ធ្នូ ខាងមុខនេះ។
សារព័ត៌មានជប៉ុននានាបារម្ភថាច្បាប់នេះនឹងកាត់បន្ថយសិទ្ធិសេរីភាពរបស់ពួកគេក្នុងការងារ ។កន្លងមកសារព័ត៌មាននិងប្រជាជនជប៉ុនមួយចំនួន បានបរិហារថា ច្បាប់នេះគឺជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ៕ដោយ ព្រំ សឿន សូលីណា (RFI)