ប្រតិកម្ម​ជុំវិញ​កិច្ចព្រមព្រៀង​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោក ​ប្រធានាធិបតី​បារំាង François Hollande បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ២៤ម៉ោង​នៅ​ក្នុង​ប្រទេស​កាតារ ដោយ​ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃសៅរ៍ ទី២២ ដល់​ថ្ងៃ​អាទិត្យ ទី២៣ មិថុនា។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ដូហា។ ទំនាក់ទំនង​ដែល​លោក​ប្រមុខ​រដ្ឋបារំាង​បាន​បញ្ជាក់​ថា មាន​តំាង​ពី​យូរលង់​មក​ហើយ។

សម្រាប់ ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា កិច្ចព្រមព្រៀង​នេះ គឺ​ជា​ការ​ឈាន​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ ពិសេស វា​បាន​រារំាង​ផ្លូវ​អ៊ីរ៉ង់​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​អាវុធ​បរមាណូ។ ជាមួយ​គ្នា​នេះ និង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​ក្តៅក្រហាយ​របស់​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​ សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក លោក​អូបាម៉ា​ក៏​បាន​ទូរស័ព្ទ​និយាយ​ធានា​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Netanyahu អំពី​កិច្ចព្រមព្រៀង​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​នោះ។ តែ​យ៉ាង​ណា​ក៏​ដោយ អ៊ីស្រាអែល​ហាក់​ដូច​ជា​ពិបាក​នឹង​ទទួល​យក និង​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​កំហុស​ប្រវត្តិសាស្រ្ត​មួយ ព្រោះ​វា​បាន​ផ្តល់​ឲ្យ​អ៊ីរ៉ង់​នូវ​អ្វី​ដែល​អ៊ីរ៉ង់​ចង់​បាន។ ចំណែក​លោក​រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែល​វិញ​មិន​ញញើត​នឹង​បញ្ជាក់​ថា ការ​ប្រណំាងប្រជែង​ខាង​សព្វាវុធ​បាន​ចាប់​ផ្តើម​ហើយ។

ប្រតិកម្ម​ក៏​មាន​ដែរ​ពី​ប្រទេស​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក៏​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​ស្តីពី​ នុយក្លេអ៊ែរ​អ៊ីរ៉ង់​ថា គ្រាន់​តែ​ជា​ជំហាន​ទីមួយ​ប៉ុណ្ណោះ ព្រោះ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ និង​លំបាក។ សម្រាប់​លោក​ប្រធានាធិបតី​បារំាង លោក François Hollande បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​ក្នុង​ ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង។ នៅ​ប្រទេស​អង់គ្លេស លោក​ប្រមុខ​ការទូត William Hague បាន​ចាត់​ទុក​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​ថា ល្អ​សម្រាប់​ទំាង​អស់​គ្នា និង​ថា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្វែង​កិច្ចព្រមព្រៀង​ ចុង​បញ្ចប់​មួយ។

ងាក​ទៅ​ប្រទេស​ចិន​ឯណោះ ក្នុង​នាម​ជា​ប្រទេស​ដែល​ត្រូវ​ការ​ប្រេង​ច្រើន​ជាង​គេ ទីក្រុង​ប៉េកំាង​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ជួយ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា ព្រម​ទំាង​ជួយ​ឲ្យ​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ឡើង​វិញ។

ចុង​ក្រោយ និង​អ្នក​ដែល​សប្បាយ​ចិត្ត​ជាង​គេ​នោះ គឺ​អ៊ីរ៉ង់​ខ្លួន​ឯង​តែ​ម្តង។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសសាន រ៉ូហានី​បាន​អបអរសាទរ និង​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​ការ​ទទួល​ស្គាល់​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម។ រីឯ​លោក​ប្រមុខ​ដឹកនំា​សាសនា​អ៊ីរ៉ង់​អាលី ខាមេនី​ដែល​មាន​ឥទ្ធិពល​ខ្លំាង​នៅ​អ៊ីរ៉ង់​ក៏​បាន​ថ្លែង​អបអរសាទរ​ដែរ។ ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​សង្ឃឹម​នឹង​ទទួល​បាន​ការ​កាត់​បន្ថយ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ សហគមន៍​អន្តរជាតិ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close