នាយក​រដ្ឋមន្ត្រី​​ប្រកាស​ដាក់​បាងកក​ក្នុង​ច្បាប់​សន្តិសុខ​ពិសេស

សម្រែក ​​ទាមទាររបស់​បក្ស​ប្រឆាំង​​លាន់​​ កាន់​តែ​ខ្លាំង​ឡើងៗ ឱ្យ​នាយក​រដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ចុះ​ចេញ​ពីតំណែង។ បន្ទាប់​ពី​បាន​កាន់​កាប់​ក្រសួង​ហិរញ្ញវត្ថុ ទីតាំង​យុទ្ធសាស្ត្រ​កណ្តាល​ក្រុង​បាងកក នៅ​ព្រលប់​ថ្ងៃ​ចន្ទ​ បាតុករបាន​នាំ​គ្នា​ចូល​លុក​លុយ​ ក្រសួង​ការបរទេស​ទៀត និងបាន​បណ្តេញ​បុគ្គលិក​ការងារ​ចេញ ព្រមទាំង​ណែនាំ​ មិន​ឱ្យ​ត្រលប់​មក​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​ទេ។

ក្រសួង ​ការបរទេស​ជា​ស្ថាប័ន​ទីពីរ ដែល​ក្រុម​បាតុករ​បក្ស​ប្រឆាំង​បាន​​ប្រើ​កម្លាំង​បុក​ទម្លាយចូល​​លុក​លុយ​ រំខាន​ដេញអ្នក​រដ្ឋការ​មិន​ឱ្យ​ធ្វើការ​កើត។ ក្រសួង​ហិរញ្ញវត្ថុ ត្រូវ​បានចូល​កាន់កាប់​ ​តាំង​ពី​រសៀល​ថ្ងៃ​ចន្ទ។ អ្នក​សារព័ត៌មាន សម្រាប់​វិទ្យុ​និង​ទូរទស្សន៍​ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ជា​អ្នក​គាំទ្រ​ចលនា​បាតុកម្ម។ អ្នកកាសែត​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ដែល​ធ្វើ​ការ​តាំង​ពី​យូរ​យារ​មក​ក្នុង​ ប្រទេស​ថៃ បាន​ត្រូវ​ហ្វូង​បាតុករ​វាយ​ដំ​​ ព្រោះ​ចាត់​ទុក​ជាមនុស្ស​គាំទ្រ​រដ្ឋាភិបាល។ នេះ​ជា​ចលនា​ប្រឆាំង​​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថៃ​ មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ឆ្នាំ​២០១១​មក។

បាតុករ​រាប់​សិប​ពាន់​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ជាពិសេស​ក្នុង​ទ្រង់ទ្រាយ​កាន់​តែ​ធំឡើងៗ តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញមក។ បាតុកម្ម​ដែល​គ្រប់គ្នា​ព្រួយ​បារម្ភ​ខ្លាច​​មាន​ការ​ជ្រុល​ជ្រួស​ ក្លាយ​ជា​អំពើ​ហិង្សា ដូចដែល​ក្រុង​បាងកក​ធ្លាប់​ជួប​ប្រទះ​​រួចមក​ហើយ។

បាតុកម្ម​ឆ្នាំ​២០១០ ដែល​កាលណោះ​ក្រុម​អាវក្រហម​ អ្នក​ស្មោះ​ស្ម័គ្រ​នឹង​​ថាក់ស៊ីន ជា​បង​ប្រុស​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ដើម្បី​ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ អាប់ភីស៊ីត​ចុះ​ចេញ​ពី​តំណែង បាន​ក្លាយ​ជា​ចេញ​កម្លាំង​ទ័ព​វាយបំបែក​ និង​បាន​រុញ​​ច្រាន​ប្រទេស​ថៃ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​ រាជាណាចក្រ​ថៃ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

​ដើម​ហេតុ​នៃ​បាតុកម្ម​ គឺ​មក​​ពី​រដ្ឋាភិបាល​បានស្នើ​បង្កើត​ច្បាប់​លើក​លែង​ទោស ដែល​មាន​ន័យ​ស្មើ​នឹង​ការ​អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​ថាក់ស៊ីន ប៉ុន្តែ​ទោះ​បី​ព្រឹទ្ធសភា​បាន​ច្រាន​ចោល​ទៅ​ហើយ​ក្តី ក៏មិន​គ្រប់​គ្រាន់​សម្រាប់​ពន្លត់​​ភ្លើង​បាតុកម្ម​​ដែរ។ លោកស្រី​នាយក​រដ្ឋមន្ត្រី​ បាន​ឱ្យ​ដឹង​ជា​ស្រេច​ ថាមិន​​លា​លែង​ចេញ​ពី​តំណែង​ទេ និង​បាន​ចេញ​ក្រិត្យ​ដាក់​ក្រុង​បាងកក​ក្នុង​តំបន់​សន្តិសុខ​ពិសេស។ ដូច្នេះ​ ​កម្លាំង​បាតុកម្ម​និង​រដ្ឋាភិបាល អាចប្រឈម​មុខ​ដាក់​គ្នា​ច្រើន​ថ្ងៃ​ទៀត៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close