អ្នកភូមិបឹងកក់នៅតែបន្តធ្វើការរវ៉ា និងព្រមានប្ដឹងលោកកែប ជុតិមា
ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ ១៣នាក់ បានព្រមានប្ដឹងលោកអភិបាលរាជធានី កែប ជុតិមា ក្រោយពីត្រូវបានដោះលែងពីពន្ធនាគារបានមួយថ្ងៃ ប្រសិនបើលោក នៅតែពន្យារពេលមិនព្រមធ្វើការបែងចែក និងកំណត់ព្រំដីទំហំ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលបានបែងចែកឲ្យពួកគាត់។
ស្ត្រីអ្នកភូមិបឹងកក់ ម្នាក់ក្នុងចំណោម ១៣នាក់ ឈ្មោះតុល ស្រីពៅ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី ២៧ មិថុនា ក្នុងសំណុំរឿងដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូអ៊ី បាននិយាយថា ពួកគាត់មិនសុខចិត្តទេ ប្រសិនជាលោកមិនព្រមបោះបង្គោលកំណត់ព្រំប្រទល់ដីទំហ៊ំ១២,៤៤ហិកតាដែលរដ្ឋាភិបាលបានផ្ដល់ឲ្យពួកគាត់ជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ ឲ្យបានច្បាស់លាស់នោះ។
អ្នកស្រី តុល ស្រីពៅ បានបន្តថា ប្រសិនបើលោកនៅតែកាត់គ្រួសារណាមួយចេញពីគម្រោងដែលត្រូវបាន ទទួលប័ណ្ណកម្មសិទ្ធិចំណែកដីនេះទេ ពួកគាត់នឹងធ្វើការប្ដឹងប្រឆាំង លោក កែប ជុតិមាហើយ ។
ស្រ្តីអ្នកភូមិបឹងកក់១៣ នាក់ ដែលត្រូវបានសាលាឧទ្ធរណ៏ សម្រេចឲ្យនៅក្រៅឃុំកាលពីថ្ងៃទី២៧ មិថុនា បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារអស់រយៈពេល១ ខែ ៣ថ្ងៃ នៃទោសជាប់ពន្ធនាគារ២ ឆ្នាំ កន្លះនោះ មិនមានការបាក់ស្បាតនៅឡើយ ងើយនៅថ្ងៃទី២៨ មិថុនា ម្សិលមិញ បានធ្វើការតវ៉ា នៅខាងមុខសាលាដំបូងក្រុងភ្នំពេញ ទាមទារឲ្យលើកបទចោទទាំងស្រុងចេញពីពួកគាត់ ។ ក្រុមអ្នកភូមិបាននិយាយថា យ៉ាងណាក៏ដោយពួកគាត់នឹងធ្វើការតវ៉ាដោយមិនញញើតឡើយដរាបណា យុត្តិធម៌មិនទាន់ត្រូវបានផ្ដល់ឲ្យពួកគាត់ ៕