អ.ស.ប៖ កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មិន​បាន​ជួយ​បង្កើត​ការងារ​ទេ

អង្គការ Cnuced របស់​អង្គការ​សហប្រជាជាតិ​ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចំា​ឆ្នំា​របស់​ ខ្លួន​នៅ​ថ្ងៃ​ពុធ ទី២០ វិច្ចិកា។ នៅ​ក្នុង​របាយការណ៍​នោះ Cnuced បាន​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​ដែល​បណ្តា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ទទួល​បាន មិន​សូវ​បាន​ចូលរួម​បង្កើត​ការងារ​ដើម្បី​ជួយ​កាត់​បន្ថយ​ចំនួន​ អ្នកអត់ ការងារ​ធ្វើ​ទេ។ ទន្ទឹម​គ្នា​នេះ កំណើន​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មាន​សន្ទុះ​លឿង​ជាង​ប្រទេស​ កំពុង​អភិវឌ្ឍ​ទៅ​ទៀត។

កំណើន ​ចំនួន​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក គឺ​មាន​រហូត​ដល់​ទៅ ២ដង ច្រើន​ជាង​ប្រទេស​កំពុង​អភិវឌ្ឍ និង ៥ដង ច្រើន​ជាង​ប្រទេស​អភិវឌ្ឍ ពោល​គឺ​មិន​ខុស​នឹង​សុភាសិត​ខ្មែរ​មួយ​ដែល​និយាយ​ថា ក្រ​ហើយ កូន​ច្រើន​ទៀត​នោះ​ទេ។ ក្នុង​ឆ្នំា ២០១១ ចំនួន​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​មាន​ប្រមាណ ៨៥៨លាននាក់ ពោល​ស្មើ​នឹង ១២%​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​លោក នេះ​បើ​យោង​តាម​របាយការណ៍​ប្រចំា​ឆ្នំា​របស់​អង្គការ Cnuced។ យោង​តាម​របាយការណ៍ ចំនួន​យុវជន​គ្រប់​អាយុ​ធ្វើ​ការ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ទំាង​នេះ​ បាន​កើន​ចំនួន ១៦លាននាក់​ក្នុង​មួយ​ឆ្នំា ហើយ​មាន​១១ ប្រទេស​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ទំាង ៤៩ប្រទេស ចំនួន​យុវជន​គ្រប់​អាយុ​ធ្វើ​ការ​បាន​កើន​រហូត​ដល់​ទៅ ៥០០ ០០០នាក់​ឯណោះ​ក្នុង​មួយ​ឆ្នំា។

ជាមួយ​នឹង​កំណើន​ចំនួន​ប្រជាជន​នេះ កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ក្រីក្រ​ទំាង​នេះ​ក៏​បាន​កើន​ជា​មធ្យម​ ចំនួន ៧,២ ក្នុង​មួយ​ឆ្នំា​ចម្លោះ​ឆ្នំា ២០០២ និង ២០០៨។ តែ​បញ្ហា​នៅ​ត្រង់​ថា កំណើន​ចំនួន​ការងារ​ដែល​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​នោះ គឺ​មាន​តែ ២,៩% ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​អគ្គនាយក​អង្គការ Cnuced បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា កំណើន​សេដ្ឋកិច្ច​ដែល​បណ្តា​ប្រទេស​ក្រីក្រ​ទំាង​នោះ​ទទួល​បាន នៅ​​មិន​ទាន់​បាន​ជួយ​បង្កើត​ការងារ​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ចំនួន​ អ្នកអត់​ការងារ​ធ្វើ​នៅ​ឡើយ​ទេ។

ជាក់ស្តែង​ប្រទេស​អង់ហ្គូឡា​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​គេ​ ក្នុង​លោក តែ​ជា​ប្រទេស​នំា​ប្រេងឆៅ​ចេញ​ទី២ ក្នុង​ទ្វីប​អាហ្រ្វិក បាន​ស្គាល់​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់ៗ​កើន​រហូត​ដល់​ ទៅ ៩២% ក្នុង​ចន្លោះ​ឆ្នំា ២០០២ និង ២០០៨ តែ​ទន្ទឹម​គ្នា​នេះ ចំនួន​ការងារ​បាន​ធ្លាក់​ចុះ ២,៣%។

យ៉ាង​ណា​ក៏​ដោយ នាយក​នៃ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ប្រទេស​ក្រីក្រ​ ជាង​គេ​ក្នុង​លោក​បាន​បញ្ជាក់​ថា ការ​ដែល​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​ទំាង​នេះ​មិន​បាន​ចូល​រួម​ បង្កើត​ការងារ​នោះ មក​ពី​រដ្ឋាភិបាល​មិន​បាន​យក​ប្រាក់​ចំណូល​ទំាង​នោះ​ទៅ​ធ្វើ​វិនិយោគ​បន្ថែម ​នៅ​ក្នុង​វិស័យ​ចំា​បាច់​មួយ​ចំនួន។ នាយក​នៃ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ប្រទេស​ក្រីក្រ​ ជាង​គេ​ក្នុង​លោក​រូប​នោះ​ដដែល​បាន​អះអាង​ថា ការ​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស​ទំាង​នេះ គឺ​ជា​វិធានការ​បន្ទាន់ ព្រោះ​ថា ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ប្រទេស​ទំាង​នេះ មាន ៦០% មាន​អាយុ​ក្រោម ២៥ឆ្នំា មាន​ន័យ​ថា គេ​ត្រូវ​បង្កើត​ឲ្យ​បាន​យ៉ាង​តិច ៩៥លានការងារ ចាប់​ពី​ពេល​នេះ ទៅ​ដល់​ឆ្នំា ២០២០៕ (RFI)

Related Articles

Back to top button
Close
Close