ភូមា​បដិសេធ​ការ​ផ្តល់​សញ្ជាតិភូមា​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ វិច្ឆិកា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​បាន​ច្រានចោល​សំណើ​របស់​អង្គការ សហប្រជាជាតិ​ ក្នុង​ការ​ផ្តល់​សញ្ជាតិ​ភូមា​ឲ្យ​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ អ្នកកាន់សាសនា​អ៊ីស្លាម។ ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ចាត់​ទុក​ ជា​ជនជាតិ​ភាគតិច​ដែល​បាន​ទទួល​រង​ការ​គាបសង្កត់​ខ្លំាង​ជាង​គេ​ក្នុង​លោក។

គឺ ​តាម​រយៈ​បណ្តាញ​សង្គម Facebook ដែល​រដ្ឋាភិបាល​ភូមា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ អង្គកាសហប្រជាជាតិ។ « យើង​មិន​អាច​ផ្តល់​សញ្ជាតិ​ភូមា​ទៅ​ឲ្យ​អ្នក​ណា​ដែល​មិន​គោរព​ច្បាប់​របស់ ​ប្រទេស​ភូមា​ទេ នោះ​បើ​ទោះ​បី​ជា​មាន​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ​ក៏​ដោយ » នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នំា​ពាក្យ​វិមាន​ប្រធានាធិបតី​ភូមា​លោក Ye Htut។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​បាន​អំពាវនាវ​ រដ្ឋាភិបាល​ភូមា​ឲ្យ​យល់ព្រម​ផ្តល់​សញ្ជាតិ​ភូមា​ទៅ​ឲ្យ​ក្រុម​ជនជាតិ​ ភាគតិច​រ៉ូហ៊ីងយ៉ា និង​ឲ្យ​បញ្ឈប់​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​នេះ។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បាន​បដិសេធ និង​ថែម​ទំាង​មិន​បាន​ឯកភាព​លើ​ពាក្យ « រ៉ូហ៊ីងយ៉ា » ដែល​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ​សម្រាប់​ហៅ​ក្រុមជនជាតិ​ភាគតិច​អ្នក​ កាន់សាសនា​អ៊ីស្លាម​នោះ​ទៀត។ ភូមា​បាន​ហៅ​ពួក​នេះ​ថា « បេនហ្គាលី » ពោល​គឺ​ជា​ពួក​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។

គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រជាជន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៨០០ ០០០នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ភូមា​បច្ចុប្បន្ន មាន​ភាគ​ច្រើន​កំពុង​មាន​ជីវិភាព​លំបាកលំបិន និង​ស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ស្ថិត​ប៉ែក​ខាង​ លិច​ប្រទេស។ ម្យ៉ាង​ទៀត ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​មួយ​ក្រុម​នេះ​ក៏​បាន​ទទួល​រងការ​ធ្វើ​បាប​ពី ​សំណាក់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ដែល​មាន​ចំនួន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ ភូមា។ អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ទំាង​ពីរ​តែងតែ​បាន​ផ្ទុះ​ឡើង​ជា​ រឿយៗ និង​ប្រកប​ដោយ​ហិង្សា​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតិ​ភូមា​ថេន សេន​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​អាច​នឹង​ផ្តល់​សញ្ជាតិ​ភូមា​ទៅ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​ណា​ដែល​ ឆ្លើយតប​នឹង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់ពលរដ្ឋ​ក្នុង​ឆ្នំា ១៩៨២។ តែ​អ្នកនំាពាក្យ​រូបនោះ​មិន​បាន​លំអិត​អំពី​លក្ខខណ្ឌ​ទំាង​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ភូមា​បាន​ទទួល​ស្គាល់ និង​គ្រោង​ដាក់​បញ្ចូល​ជា​ចំនួន​ប្រជាជន​របស់​ខ្លួន​នា​ការ​ធ្វើ​ជំរឿន​ ប្រជាជន​ក្នុង​ឆ្នំា ២០១៤ ខាង​មុខ នូវ ១៣៥​ជនជាតិ​ភាគតិច​ខុស​គ្នា តែ​មិន​មាន​វត្តមាន​ពួក​រ៉ូហ៊ីងយ៉ា​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close