ក្រសួងព័ត៌មាន ហាមទូរទស្សន៍ជាតិឲ្យឈប់ផ្សាយរឿងអ្នកធំ ចេញ-ចូល ទៅក្រៅប្រទេស
-
ភ្នំពេញ: ក្រសួងព័ត៌មាន បានប្រកាសចេញនូវបទបញ្ជា ទៅកាន់ទូរទស្សន៍ជាតិកម្ពុជា( ទទក) ឲ្យឈប់ចាក់ផ្សាយនូវដំណឹងស្តីពីអ្នកធំតាមក្រសួងនានាចេញទៅ ក្រៅប្រទេសឬក៏ចូលមកក្នុងប្រទេសវិញ លើកលែងតែសម្ភាសន៍ដោយផ្ទាល់ ពីសារសំខាន់នៃដំណើរទស្សនកិច្ចនោះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរ ក្នុងហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១វិច្ឆិកានេះ ដោយលោកបានអះអាងថា លោកបានប្រាប់ទៅកាន់មិត្តហ្វេសប៊ុក និងមន្ត្រីធ្វើការ នៅតាមក្រសួងនានាថា “ព្រឹកមិញនេះ ខ្ញុំបានអោយបញ្ជាទៅ ទទក ថាមិនផ្សាយទេរឿងអ្នកធំតាមក្រសួងហែហមគ្នាចេញទៅក្រៅរឺចូលមក ក្នុងប្រទេសវិញលើកលែងការសម្ភាសន៍ដោយផ្ទាល់ពីសារសំខាន់នៃដំណើរនេះ” ។
ក៏ប៉ុន្តែ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី មិនបញ្ចូលក្នុងបទបញ្ជា ហាមទទក មិនឲ្យចាក់ផ្សាយនេះទេ៕ Cambodia News